(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាកងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវរួមសហការគ្នាក្នុងការបង្ក្រាប និងទប់ស្កាត់ឱ្យខាងតែបានរាល់ជនអគតិ ឬបុគ្គលណា ដែលមានបំណងចង់ធ្វើបាតុកម្ម បង្កភាពចលាចល ក្នុងសង្គមកម្ពុជា ក្រោមហេតុផលផ្សេងៗ ក្នុងន័យដើម្បីថែរក្សាសុខសន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ព្រមទាំងទប់ស្កាត់កុំឱ្យមានសង្គ្រាមកើតឡើងក្នុងប្រទេស។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ អភិបាលខេត្តកំពត បានលើកឡើងទៀតថា ប្រជាពលរដ្ឋកម្ពុជា បានរស់រានមានជីវិតសារជាថ្មី ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ហើយក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិជូនប្រជាជន។
លោកបន្តថា បច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្តពីសម្តេចតេជោ។ សម្តេចតែងតែគិតគូរជានិច្ចក្នុងការថែរក្សានូវសុខសន្តិភាពដែលមានសព្វថ្ងៃ ពិសេសការពារបូរណភាពទឹកដីកម្ពុជា ដោយមិនឱ្យមាន បរទេស ឬប្រទេសជិតខាងណាឈ្លានពានចូលបាននោះឡើយ។
លោកអភិបាលខេត្ត បានបន្តថា ដោយមួយរយៈពេលចុងក្រោយនេះ មានជនអគតិមួយក្តាប់តូចដែលរស់នៅក្រៅប្រទេស បាននិយាយបំប៉ោង និងធ្វើការញុះញង់ឱ្យមានការប្រមូលផ្តុំធ្វើបាតុកម្មដោយយកលេសថារាជរដ្ឋាភិបាល បានកាត់ខេត្តចំនួន៤ ទៅឱ្យប្រទេសវៀតណាម ក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA របស់រាជរដ្ឋាភិបាល ក្នុងគោបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
«ដូច្នេះដើម្បីចូលរួមថែរក្សាសុខសន្តិភាព សេចក្តីសុខរបស់ប្រជាពលរដ្ឋ ពិសេសទប់ស្កាត់កុំឱ្យមានបដិវត្តពណ៌កើតមានឡើងដែលអាចបង្កជាសង្គ្រាមនោះ យើងទាំងអស់គ្នាក្នុងនាមជាគណៈបញ្ជាការឯកភាពរបស់ខេត្ត ត្រូវរួមគ្នាអនុវត្តន៍ ឱ្យបានម៉ឺងម៉ាត់នៅរាល់បទបញ្ជារបស់ថ្នាក់ដឹកនាំតាមអង្គភាពនីមួយៗ ពិសេសបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងបង្ក្រាបរាល់ពួកជនអគតិ ដែលមានបំណងចង់បំផ្លាញសន្តិភាពនៅកម្ពុជា»។ នេះបើតាមការបញ្ជាក់របស់អភិបាលខេត្ត។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានដាក់បទបញ្ជាដល់កងកម្លាំងគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋាន ត្រូវគ្រប់គ្រងឱ្យបាននូវស្ថានការណ៍ដែលអាចនឹងមានកើតឡើងក្នុងប្រការណាមួយ បើទោះបីជាគម្រោងការនៃការធ្វើបាតុកម្ម កាលពីថ្ងៃទី១៨ ខែសីហា របស់ក្រុមជនអគតិទាំងនោះ ត្រូវបានបរាជ័យក៏ដោយ។
លោកអភិបាលខេត្ត ក៏បានស្នើអាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញពាក់ព័ន្ធ មន្ត្រីរាជការទាំងអស់ ត្រូវរួមគ្នាផ្សព្វផ្សាយ អំពីអត្ថប្រយោជន៍ដ៏មានតម្លៃនៃគម្រោងព្រែកជីកហ្វូណនតេជោ ពិសេសពន្យល់ដល់ប្រជាពលរដ្ឋ ឱ្យបានយល់ច្បាស់ អំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យពួកគាត់បានយល់ច្បាស់ និងកុំឱ្យចាញ់បោកពាក្យញ៉ុះញ៉ុង ពីក្រុមជនអគតិទាំងអស់នោះ៕