(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានលើកឡើងថា ក្នុងរយៈពេល៧ខែឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិនមានចំនួនជិត៩ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ឯកឧត្តមប៉ែន សុវិជាតិរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ចាប់តាំងពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៤ ពោលគឺរយៈពេល៧ខែនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងមានចំនួន៨៧២៣ លានដុល្លារសហរដ្ឋអាមេរិក ដែលជាកំណើនមួយយ៉ាងធំ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះ ឯកឧត្តមបានបង្ហាញថា ការកើនឡើងនៃទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរនេះ ដោយតែប្រទេសចិនបានដាក់ចេញនូវកំណែទម្រង់ស៊ីជម្រៅ ជាមួយនឹងទំនាក់ទំនងល្អ រវាងប្រទេសយើងទាំងពីរ។
ឯកឧត្តមបញ្ជាក់ដូច្នេះថា៖ «ការកើនឡើងនៃតួលេខទំហំពាណិជ្ជកម្មនេះ គឺអាស្រ័យដោយឱកាសកំណែទម្រង់ស៊ីជម្រៅ របស់លោកប្រធានស៊ីជីងភីង បានដាក់ចេញ ហើយនឹងនយោបាយផ្ញើភ្ជាប់វប្បធម៌ និងវប្បធម៌ ប្រជាជននិងប្រជាជន និងការអនុញ្ញាតប្រទេសក្នុងតំបន់ដែលជាប្រទេសកំពុងអភិវឌ្ឍដូចប្រទេសកម្ពុជាក្តី អាចទទួលនូវឱកាសទីផ្សារ ធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រទេសរបស់ខ្លួន ក៏អាចនឹងមានឱកាសទទួលអ្នកវិនិយោគទុនចិនផងដែរ។»
ឯកឧត្តមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបន្តថា ថ្មីៗនេះ ក្រសួងពាណិជ្ជកម្មបានចុះហត្ថលេខាជាមួយខេត្តគ័ងស៊ីប្រទេសចិន ដើម្បីកសាងសួនឧស្សាហកម្មកម្ពុជាចិន ដែលនេះកើតចេញពីការផ្តួចផ្តើម កំណែទម្រង់ស៊ីជម្រៅរបស់ប្រធានាធិបតីចិន។ ហើយក៏នឹងបើកឱកាសឱ្យអ្នកវិនិយោគចិន មកវិនិយោគនៅកម្ពុជា ហើយអ្នកវិនិយោគកម្ពុជាអាចទៅរៀនបច្ចេកវិទ្យា មានឱកាសវិនិយោគធ្វើពាណិជ្ជកម្មជាមួយប្រទេសចិន។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏មានផែនការច្បាស់លាស់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ឱ្យចាកផុតពីប្រទេសអភិវឌ្ឍយឺតទៅជា ប្រទេសកំពុងអភិវឌ្ឍនៅឆ្នាំ២០២៩ និងក្លាយជាប្រទេស មានចំណូលកម្រិតមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ខាងមុខ។
ឯកឧត្តមបន្តថា កាលដែលកម្ពុជានឹងសម្រេចជោគជ័យតាមផែនការនេះបាន ទាមទារឱ្យកម្ពុជាត្រូវក្រឡេកមើលទីផ្សារចិន ព្រោះចិនជាទីផ្សារធំ មានប្រជាជន និងកម្លាំងទិញច្រើន។
ឯកឧត្តមបានសង្កត់ធ្ងន់ថា តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន ធ្វើឱ្យកម្ពុជាទទួលបាន ការបើកទូលាយទីផ្សារ តាមរយៈកិច្ចព្រមព្រៀងសេរីកម្ពុជាចិន ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០២២ និងកិច្ចព្រមព្រៀងRCEPដោយកិច្ចព្រមព្រៀងទាំងពីរនេះបានជំរុញឱ្យការនាំចេញ និងទំនិញរបស់កម្ពុជាកាន់តែច្រើនអាចយកទៅលក់ នៅលើទីផ្សារប្រទេសចិន។
ជាមួយគ្នានេះ រដ្ឋាភិបាលចិនបានផ្តល់លទ្ធភាពឱ្យកម្ពុជា នូវបរិមាណកូតាមួយចំនួនក្នុងការនាំចេញអង្ករ ដោយបច្ចុប្បន្ននេះឈានដល់ កម្រិតប្រមាណ៥០ម៉ឺនតោនហើយក្នុងមួយឆ្នាំ។ ក្នុងខែកក្កដាឆ្នាំ២០២៤ កន្លងមកថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន៤១គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង៣៩៦លានដុល្លារអាមេរិក អាចបង្កើតការងារបានប្រមាណ២៥ពាន់កន្លែង ជូនប្រជាជនកម្ពុជា។ ក្នុងនោះការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ដោយបានរួមចំណែក ៦៨,០៦% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្រប ដណ្ដប់ ១៤,២៤% នៃទុនវិនិយោគសរុប។
ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈធ្លាប់មាន បានមានប្រសាសន៍ថា រោងចក្រសហគ្រាសជាច្រើននៅកម្ពុជាមានថៅកែ ឬអ្នកនិយោគមកពីប្រទេសចិន ជាពិសេសលើ វិស័យវាយនភ័ណ្ឌ កាត់ដេរ និងផលិតស្បែកជើងតែម្ដង៕
អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជាចិន