(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា ចង់ឃើញប្រទេសកម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា ដែលជាប្រទេសកាន់ព្រះពុទ្ធសាសនាដូចគ្នា និងមានវប្បធម៌ប្រពៃណីមួយចំនួនប្រហាក់ប្រហែលគ្នានោះ រួមគ្នាដាក់នូវវប្បធម៌ប្រពៃណីមួយចំនួន ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បីបង្ហាញពីសាមគ្គីភាព និងបញ្ចៀសការឈ្លោះប្រកែកគ្នា។
បំណងរបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងពេលជួបជាមួយលោក ឆឺតគៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ។ លោក ឆឺតគៀត អាត់ថាកន បានបញ្ចប់បេសកកម្មការងាររបស់លោកនៅកម្ពុជាហើយ ហើយព្រឹកមិញនេះ លោកបានចូលជម្រាបលា និងជម្រាបពីសមិទ្ធផលការងារមួយចំនួនជូនសម្តេចតេជោ។
ប្រទេសកម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា ជាប្រទេសកាន់ព្រះពុទ្ធសាសនាដូចគ្នា ហើយក៏មានវប្បធម៌ប្រពៃណីទំនៀមទម្លាប់មួយចំនួនស្រដៀងគ្នាផងដែរ។ កន្លងមកពលរដ្ឋកម្ពុជា និងថៃ មានទស្សនៈមិនល្អជាមួយគ្នាមួយចំនួន លើបញ្ហាប្រពៃណីទំនៀមទម្លាប់នេះ ជាពិសេសនៅមានការស្នើដាក់សម្បត្តិវប្បធម៌ប្រពៃណីទំនៀមទម្លាប់នោះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដូចជាការដាក់ពិធីបុណ្យចូលឆ្នាំថ្មីជាដើម។
សម្តេចតេជោ ហ៊ុន សែន បានជម្រាបទៅឯកអគ្គរាជទូតថៃចប់អាណត្តិថា បើប្រទេសកាន់ព្រះពុទ្ធសាសនានៅអាស៊ីអាគ្នេយ៍ទាំង៤ប្រទេសនេះ អាចរួមគ្នាដាក់សម្បត្តិវប្បធម៌ប្រពៃណីទំនៀមទម្លាប់មួយចំនួនក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជួយបញ្ចប់ជម្លោះដណ្ដើមកម្មសិទ្ធិគ្នាទៅវិញទៅមក។ បន្ថែមពីលើនោះ ជាការបង្ហាញនូវសាមគ្គីភាព ហើយក៏ជាគំរូដ៏ល្អដល់អ្នកជំនាន់ក្រោយ ដើម្បីកុំឱ្យមានការដណ្ដើមគ្នាថាជាកម្មសិទ្ធរបស់ប្រទេសនេះ ឬប្រទេសនោះ៕