(ភ្នំពេញ)៖ លោក គី តិច ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានមេធាវីរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបន្ដជួបជាមួយជនរងគ្រោះចំនួន៣៩៧នាក់ទៀត ក្នុងសំណុំរឿងក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណា ដែលជាក្រុមជាទី១២។ ជំនួបនេះធ្វើឡើងនៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ថ្លែងក្នុងឱកាសនោះ លោក គី តិច បានអះអាងថា ក្រោយទទួលបានការប្រគល់សិទ្ធិពីសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្រុមមេធាវីរាជរដ្ឋាភិបាល បានចាត់ចែងក្រុមការងារបន្ទាន់ភ្លាមៗ ដើម្បីផ្ដល់មធ្យោបាយជូនប្រជាពលរដ្ឋដែលជាជនរងគ្រោះ។
លោក គី តិច បានគូសបញ្ជាក់ថា ជំហានបន្ទាប់លោកនឹងដឹកនាំមេធាវីរាជរដ្ឋាភិបាល ចុះតាមបណ្ដាខេត្តតែម្ដងដើម្បីផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ សំដៅកាត់បន្ថយការចំណាយក្នុងការងារធ្វើដំណើរមករាជធានីភ្នំពេញ។
ដោយឡែកសម្រាប់ជនរងគ្រោះដែលកំពុងបម្រើការងារនៅក្រៅប្រទេសវិញ លោកមេធាវី គី តិច បានអះអាងថា ពួកគាត់អាចធ្វើការទំនាក់ទំនងទៅកាន់ស្ថានទូតកម្ពុជាប្រចាំប្រទេសនោះតែម្ដង ដើម្បីធ្វើការផ្ដិតមេដៃប្រគល់សិទ្ធិ ដោយមិនចាំបាច់ធ្វើដំណើរមកកាន់ប្រទេសកម្ពុជាឡើយ។
លោកបានបញ្ជាក់ថា ការជួបជាមួយប្រជាពលរដ្ឋលើកទី១២ នៅពេលនេះចំនួន៣៩៧នាក ក្រោយក្រុមមេធាវីរាជរដ្ឋាភិបាលបានជួបជាមួយជនរងគ្រោះច្រើនលើករួចមកហើយ។ រហូតមកដល់ពេលនេះ ជនរងគ្រោះចំនួន៤,១១១នាក់ហើយ បានជួប និងប្រគល់សិទ្ធិជូនមេធាវីរាជរដ្ឋាភិបាល។
បើតាមលោកមេធាវី គី តិច, ការជួបប្រជាពលរដ្ឋរងគ្រោះនៅពេលនេះ ក៏មិនខុសពីលើកមុនៗដែរ ពោលធ្វើឡើងក្នុងគោលបំណងធំចំនួន២ រួមមានទី១៖ ការប្រគល់សិទ្ធិជាតំណាងដោយស្របច្បាប់ជូនមេធាវី តាមរយៈការផ្ដិតមេដៃដោយស្ម័គ្រចិត្តគ្មានការបង្ខិតបង្ខំ និងទី២៖ ប្រមូលយកភស្ដុតាងដែលបញ្ជាក់ថា ពួកគាត់ជាជនរងគ្រោះយ៉ាងពិតប្រាកដ។
លោកបានពន្យល់ថា នៅពេលជនរងគ្រោះប្រគល់សិទ្ធិរួចរាល់ហើយនោះ មេធាវីមានសិទ្ធិទៅការពារក្ដីក្នុងសំណុំរឿងដែលប្រគល់សិទ្ធិប៉ុណ្ណោះ ពោលមិនអាចទៅអនុវត្តអ្វីដែលលើសនេះឡើយ ដូច្នេះហើយសូមជនរងគ្រោះទាំងអស់កុំព្រួយបារម្ភ។
លោក គី តិច បានបន្ថែមទៀតថា កន្លងមកសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា តែងតាមដានជាប់ជាប្រចាំចំពោះការវិវឌ្ឍន៍ថ្មីៗ ក្នុងសំណុំរឿងនេះ។
លោកទេសរដ្ឋមន្ត្រី បានបន្តថា កន្លងមកការយកចិត្តទុកដាក់បង្ហាញឱ្យបានឃើញ តាមរយៈចាប់ជនពាក់ព័ន្ធ និងបញ្ចប់មុខងារឧកញ៉ា និងកំពុងស្វះស្វែងគ្រប់មធ្យោបាយទាំងអស់ ដើម្បីជួយជនរងគ្រោះ។ លោកសង្កត់ធ្ងន់ថា បច្ចុប្បន្នបុគ្គល ឡេង ចាន់ណា កំពុងស្ថិតក្នុងពន្ធនាគារ ក្រោមចំណាត់ការច្បាប់យ៉ាងម៉ឺងម៉ាត់។
លោកបានបង្ហើបថា រាជរដ្ឋាភិបាលបានចាត់បញ្ជាក្រុមការងារជំនាញមួយក្រុមទៀត ដើម្បីស្រាវជ្រាវរកទ្រព្យសម្បត្តិរបស់បក្ខពួកអតីតឧកញ៉ា ឡេង ចាន់ណា ដែលបានពីការឆបោកប្រជាពលរដ្ឋនាពេលកន្លងទៅនេះ។
លោកមេធាវី គី តិច បានសង្កត់ធ្ងន់ថា ការប្រគល់សិទ្ធិដោយស្របច្បាប់នៅពេលនេះ ដើម្បីឱ្យមេធាវីរាជរដ្ឋាភិបាលតតាំងក្ដីតាមផ្លូវតុលាការ គឺមិនតម្រូវឱ្យមានការបង់ប្រាក់នោះទេ។ លោកកត់សម្គាល់ថា នេះជាលើកទី១ហើយ ដែលរាជរដ្ឋាភិបាលបញ្ជូនមេធាវីររដ្ឋាភិបាល ទៅជួយការពារប្រជាពលរដ្ឋក្នុងសំណុំរឿងឯកជន៕