(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា កម្ពុជា ចង់បានការវិនិយោគកាន់តែច្រើនពីអាមេរិក និងអឺរ៉ុប ហើយនៅខែកញ្ញានេះ លោកនឹងចេញទៅសហរដ្ឋអាមេរិក ដើម្បីស្វះស្វែងរកការវិនិយោគបន្ថែមទៀត។
លោកឧបនាយករដ្ឋមន្ត្រី បានគូសរំលេចបែបនេះ នៅក្នុងជំនួបជាមួយ លោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា នារសៀលថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅជូនដល់គណៈប្រតិភូនៃស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំកម្ពុជា និងថ្លែងអំណរគុណសហរដ្ឋអាម៉េរិក និងក្រុមហ៊ុនដែលបានដាក់ទុនវិនិយោគ នៅកម្ពុជានាពេលកន្លងមក។ ជាក់ស្ដែង មានក្រុមហ៊ុនធំៗរបស់សហរដ្ឋអាម៉េរិកមួយចំនួន ដែលទទួលបានជោគជ័យលើការវិនិយោគនៅកម្ពុជា ដូចជា ក្រុមហ៊ុនផលិតភេសជ្ជៈ Coca Cola ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ និងក្រុមហ៊ុន RMA Automotive (Cambodia) Co., Ltd ដែលដំឡើងរថយន្តម៉ាក FORD ក្នុងខេត្តពោធិ៍សាត់ជាដើម។
នៅចំពោះមុខមន្ត្រីជាន់ខ្ពស់ស្ថានទូតអាមេរិក លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា លោកចង់ឃើញការវិនិយោគពីសហរដ្ឋអាម៉េរិក និងសហគមអឺរ៉ុបនៅកម្ពុជាកាន់តែច្រើនថែមទៀត។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន លោកស្រីភារធារី អំពីគម្រោងបេសកកម្មគោះទ្វារវិនិយោគិននៅសហរដ្ឋអាម៉េរិករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ សំដៅផ្សព្វផ្សាយពីបរិយាកាសវិនិយោគនៅកម្ពុជា និងស្វែងរកការបណ្ដាក់ទុនពីក្រុមហ៊ុនអាម៉េរិកមកកម្ពុជាផងដែរ។
ក្រោមកិច្ចសម្របសម្រួលវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាសេនាធិការច្រកចេញចូលតែមួយ និងភាពបើកទូលាយរបស់កម្ពុជាជូនដល់វិនិយោគិនបរទេស លោកឧបនាយករដ្ឋមន្រ្តី រំពឹងថា ការវិនិយោគដោយផ្ទាល់ពីសហរដ្ឋអាម៉េរិក នឹងមានការកើនឡើងនាពេលអនាគត។
ជាការឆ្លើយតបទៅកាន់លោកស្រី Bridgette L. Walker ដែលបានសាកសួរអំពីវិស័យជាគោលដៅ ដែលរាជរដ្ឋាភិបាលព្យាយាមទាក់ទាញការវិនិយោគបន្ថែម លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកបង្ហាញអំពីវិស័យគន្លឹះ រួមមានជាអាទិ៍ វិស័យយានយន្ត គ្រឿងបង្គុំអេឡិចត្រូនិក និងវិស័យកសិឧស្សាហកម្ម ជាដើម ដែលសុទ្ធសឹងជាវិស័យនឹងបង្កើនតម្លៃបន្ថែមដល់សេដ្ឋកិច្ចកម្ពុជា។
លោកស្រីភារធារី បានបង្ហាញសុទិដ្ឋិនិយមអំពីកិច្ចខិតខំរបស់កម្ពុជាក្នុងការទាក់ទាញវិនិយោគិន និងជូនពរជូនដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឱ្យទទួលបានជោគជ័យក្នុងការបេសកកម្មការងារក្នុងសហរដ្ឋអាម៉េរិកនាពេលខាងមុខ។
បន្ថែមពីនេះ ចំពោះទំនាក់ទំនងទ្វេភាគី លោកស្រីរំពឹងថា កម្ពុជា និងសហរដ្ឋអាម៉េរិក នឹងរួមគ្នាបន្តកិច្ចសហប្រតិបត្តិការនានាបន្ថែមទៀត ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងឱ្យបានកាន់តែល្អប្រសើរថែមមួយកម្រិតទៀត ដែលនឹងរួមចំណែកគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា៕