(រតនគិរី)៖ លោក យឿន យឿត ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាទីប្រឹក្សារាជរដ្ឋាភិបាល បានលើកឡើងថា ក្រុមប្រឆាំងមួយចំនួនងូច បានយកបញ្ហាសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV -DTA) ដើម្បីបញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យស្អប់រាជរដ្ឋាភិបាល។

លោកថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV -DTA) គឺផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការនយោបាយពាណិជ្ជកម្ម ការទូត និងសេដ្ឋកិច្ច។

ក្រោយដឹកនាំក្រុមការងារ និងប្រជាពលរដ្ឋមកពីក្រៅស្រុកទៅដល់បង្គោលព្រំដែន លោក យឿន យឿត បានលើកឡើងថា ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ មានក្លោងទ្វារបង្ហាញភាពច្បាស់លាស់មានព្រំប្រទល់ប្រទេសទាំង២ មានសមត្ថកិច្ចប្រចាំការត្រួតពិនិត្យភ្ញៀវ មានប៉ាស្ព័រ លិខិត ហើយពុំចេញ-ចូលដោយសេរីទេដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះឡើយ។

លោកបានបន្តថា កិច្ចសហប្រតិបត្តិការនេះមិនមែនជាការដោះដូរ ឬការបញ្ជ្រៀបប្រជាជន និងប្រជាជន ឱ្យមករស់នៅក្នុងខេត្តនីមួយៗនោះទេ។ ដូច្នេះ ការបំភ្លៃព័ត៌មាន គឺខុសពីការពិត។

លោក យឿន យឿត បានបន្ថែមថា តាមរយៈកិច្ចសហការតំបន់ភូមិភាគឦសាន CLV-DTAនេះ បានជួយជំរុញវិស័យសេដ្ឋកិច្ចមានការ អភិវឌ្ឍន៍ និងរីកចម្រើនយ៉ាងខ្លាំងជាពិសេសនៅតំបន់កន្ទុយនាគនេះតែម្តង។

គួរឱ្យដឹងថា ថ្នាក់ដឹកនាំក្រុមសេនាសន្តិភាព និងសមាជិកជាង១០០នាក់ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ បានទៅធ្វើទស្សនកិច្ចសិក្សានៅបង្គោលព្រំដែនលេខ៣០ ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ ក្នុងទឹកដីខេត្តរតនគិរី។

ដំណើរទស្សនកិច្ចសិក្សានេះដឹកនាំដោយលោក លី ហុង ប្រធានក្រុមសេនាសន្តិភាព។ លោក លី ហុង ប្រធានក្រុមសេនាសន្តិភាព បានបញ្ជាក់ថា ដំណើរទស្សនកិច្ចសិក្សានៅតំបន់ភូមិភាគឦសាន (CLV-DTA) មានសមាជិកក្រុមសេនាសន្តិភាពចំនួន១១០នាក់ មកពីបណ្តារាជធានីខេត្តចំនួន១០។

ក្នុងសប្តាហ៍ទី១ ខែកញ្ញា ដោយចាប់ផ្តើមទស្សនកិច្ចសិក្សាពីខេត្តក្រចេះ, ខេត្តស្ទឹងត្រែង, ខេត្តរតនគិរី និងបន្តដំណើរទៅខេត្តមណ្ឌលគិរី។ ក្នុងដំណើរទស្សនកិច្ចសិក្សានេះ សមាជិកសមាជិកាក្រុមសេនាសន្តិភាព បានបង្ហាញទឹកមុខសប្បាយរីករាយក្រោយពីឃើញការអភិវឌ្ឍនៅព្រំដែនដោយមានការទទួលស្វាគមន៍ពីអាជ្ញាធរខេត្តរតនគិរី កម្លាំងសមត្ថកិច្ចការពារព្រំដែន និងសមត្ថកិច្ចប្រចាំការច្រកទ្វារអន្តរជាតិអូរយ៉ាដាវ៕