(ភ្នំពេញ)៖ ព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia ដែលជាទីចាប់អារម្មណ៍របស់ប្រជាពលរដ្ឋគ្រប់គ្នានោះ នឹងចាប់ផ្ដើមជាផ្លូវការពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ឆាប់ៗខាងមុខ ក្នុងនោះក្រុមការងារក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល សហការជាមួយក្រុមហ៊ុន ជីប ម៉ុង គ្រុប បានផ្ដួចផ្ដើមឱ្យមានយុទ្ធនាការធំៗចំនួន៤ ដើម្បីជាប្រយោជន៍ធំធេងសម្រាប់វិស័យទេសចរណ៍ វប្បធម៌ សប្បុរសធម៌ ធុរកិច្ច ក៏ដូចជាលើកស្ទួយកិត្យានុភាពប្រទេសជាតិផងដែរ។

* យុទ្ធនាការទី១ គឺជាយុទ្ធនាការលើកស្ទួយវិស័យទេសចរណ៍៖
ព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia ទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការចង្អុលបង្ហាញពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយមានក្រសួងទេសចរណ៍ដឹកនាំសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេសគឺការសហការជាមួយក្រុមហ៊ុន ជីប ម៉ុង គ្រុប ក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងលើកស្ទួយកិត្យានុភាពជាតិ និងវិស័យទេសចរណ៍ ជាពិសេសបង្កើនការផ្សព្វផ្សាយយុទ្ធនាការ «ទស្សនាសៀមរាប២០២៤»។ ព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia ត្រូវបានចាត់ទុកថានឹងចូលរួមលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ដោយសារប្រតិភូដែលចូលរួមក្នុងព្រឹត្តិការណ៍នេះសុទ្ធតែអភិជន អ្នកជំនួញល្បីៗ តារាភាពយន្តហូលីវូដ តារារ៉េប យូធ្យូបើរ តារាចម្រៀង តន្ត្រីករ មកពីចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អូស្ត្រាលី បណ្ដាប្រទេសនៅអឺរ៉ុប បណ្ដាប្រទេសនៅអាស៉ី សរុបទៅគឺមានជាង៤០សញ្ជាតិ ដែលមានកិត្តិយសកេរ្តិ៍ឈ្មោះល្បីរន្ទឺ មានប្រជាប្រិយភាពនិងឥទ្ធិពលក្នុងបណ្ដាញសង្គម ដែលពួកគាត់នឹងធ្វើដំណើរជាមួយនឹងរថយន្តទំនើបៗប្រណីតៗសរុបជាង១២០គ្រឿង បូករួមជាមួយរថយន្តរបស់មហាជនក្នុងប្រទេសកម្ពុជាប្រមាណ២៥០គ្រឿងទៀត ពោលគឺពិតជាអធិកអធមអស្ចារ្យ។ គួរជម្រាបថា ប្រតិភូអន្តរជាតិដែលចូលរួមក្នុងព្រឹត្តិការណ៍ Gumball 3000 នេះ គឺសុទ្ធតែមានបណ្ដាញទំនាក់ទំនងសង្គម មានអ្នកគាំទ្ររាប់លាននាក់ ហើយនៅពេលចូលរួមក្នុងព្រឹត្តិការណ៍ Gumball 3000 ម្ដងៗ គឺមានអ្នកតាមដានទស្សនាមិនតិចជាង១០ពាន់លានដង (+10 billions views) នោះឡើយ ពិសេសនៅលើ Facebook​, TikTok, YouTube, Instagram, X និងតាមរយៈបណ្ដាញសង្គមផ្សេងៗទៀត។ ពិសេសលើសពីនេះ នៅពេលបញ្ចប់ព្រឹត្តិការណ៍ Gumball 3000 នឹងផលិតចេញជាវីដេអូឯកសារមួយ ដើម្បីចាក់ផ្សាយនៅលើ Netflix ខណៈ Netflix នេះ គឺមាន Subscriber ដល់ទៅជាង១០០ប្រទេសជុំវិញពិភពលោក។

* យុទ្ធនាការទី២ គឺជាយុទ្ធការសប្បុរសធម៌៖
តាមរយៈព្រឹត្តិការណ៍ Gumball 3000 នេះ ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល និងក្រុមហ៊ុន ជីប ម៉ុង គ្រុប បានសហការរៃអង្គាសថវិកាពីមហាជនដែលចូលរួមជាមួយព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia ដើម្បីប្រមូលថវិកទាំងនោះបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដោយក្រុមការងារមិនយកថវិកាបរិច្ចាគនេះមកចំណាយក្នុងការរៀបចំកម្មវិធីនោះឡើយ ពោលគឺបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរទាំងស្រុង។ ម្យ៉ាងវិញទៀត ក៏មានសប្បុរសជនខាងក្រៅចូលរួមបរិច្ចាគក្នុងយុទ្ធនាការសប្បុរសធម៌នេះផងដែរ។ ក្រៅពីនេះ ព្រឹត្តិការណ៍ Gumball 3000 ក៏នឹងជួយដល់គម្រោងកសាងទីលានបាល់ទាត់នៅសហគមន៍កំពង់ឃ្លាំង ខេត្តសៀមរាប។

* យុទ្ធនាការទី៣ គឺជាជំនួបធុរកិច្ចរវាងពាណិជ្ជករជាតិនិងអន្តរជាតិ៖
ជាការពិតណាស់ ព្រឹត្តិការណ៍ Gumball 3000 នេះ មិនត្រឹមតែជាការបើកបររថយន្តកម្សាន្តសប្បាយ ទទួលយកបទពិសោធន៍អស្ចារ្យក្នុងឆាកជីវិតនោះទេ តែក៏ជាឱកាសជំរុញការវិនិយោគ ពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ចកិច្ចផងដែរ ដោយសារគណៈប្រតិភូដែលចូលរួមក្នុងព្រឹត្តិការណ៍ Gumball 3000 នេះ គឺមានប្រហែលជាង៤០ភាគរយសុទ្ធតែជាពាណិជ្ជករធំៗ និងជាសេដ្ឋីប្រាក់លានដុល្លារ ដែលនឹងជួបពិភាក្សាផ្នែកធុរកិច្ចជាមួយពាណិជ្ជករក្នុងស្រុក ដើម្បីទាក់ទាញការវិនិយោគមកកាន់កម្ពុជានាពេលខាងមុខ។

* យុទ្ធនាការទី៤ គឺការបង្កើតកំណត់ត្រាពិភពលោកហ្គីណេស
រាល់ព្រឹត្តិការណ៍ Gumball 3000 តែងដំណើរការឆ្លងកាត់សុទ្ធតែគោលដៅពិសេសៗអស្ចារ្យនៅលើពិភពលោក។ ក្នុងរយៈពេល២៤ឆ្នាំកន្លងទៅ ព្រឹត្តិការណ៍ Gumball 3000 បាននាំរថយន្តទំនើបៗឆ្លងកាត់ទ្វីបធំៗ ដូចជា អាមេរិកខាងជើង អឺរ៉ុប អាស៉ីអាហ្វ្រិក ហើយគោលដៅដ៏អស្ចារ្យក្នុងឱកាសខួប២៥ឆ្នាំនេះ គឺប្រាសាទអង្គរវត្តដ៏អច្ឆិយៈរបស់ពិភពលោក ដែលជាបំណងប្រាថ្នាដ៏មុតមាំរបស់លោក Maximillion Cooper នាយកប្រតិបត្តិ និងស្ថាបនិក Gumball 3000 ដោយលោកចង់ឱ្យមានការថតរូបភាពរថយន្តទំនើបៗប្រណីតៗនៅមុខប្រាសាទអង្គរវត្ត នៃប្រទេសកម្ពុជាយើង។ ដូច្នេះក្រសួងទេសចរណ៍ ក្រុមហ៊ុន ជីប ម៉ុង គ្រុប ក៏ដូចជាដៃគូសហការនានាបានពិគ្រោះយោបល់គ្នាថា នឹងខិតខំកៀរគរមហាជនដែលមានរថយន្ត Supercar, Luxury car, Sport car ជាដើមនោះ ចូលថតជាមួយគ្នានៅមុខប្រាសាទអង្គរវត្ត ដើម្បីបំបែកកំណត់ត្រាពិភពលោកហ្គីណេស «ការចូលរួមចតឡានច្រើនជាងគេនៅមុខប្រាសាទអង្គរវត្ត» ដូច្នេះព្រឹត្តិការណ៍ Gumball 3000 នេះ អាចនិយាយបានថាជាឱកាសដ៏អស្ចារ្យថែមទៀតសម្រាប់មុខមាត់ប្រទេសកម្ពុជា។

សូមជម្រាបថា ព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤៖

* នៅថ្ងៃទី១៥ ប្រតិភូ Gumball 3000 ធ្វើដំណើរចាកចេញពីទីក្រុងហូជីមិញ ប្រទេសវៀតណាម ចូលមកកាន់ប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិ
បាវិត ខេត្តស្វាយរៀង និងបន្តឆ្ពោះមកកាន់រាជធានីភ្នំពេញ។ នៅរាជធានីភ្នំពេញ នឹងមានព្រឹត្តិការណ៍ប្រគំតន្ត្រីមហាជនស្វាគមន៍គណៈប្រតិភូ Gumball 3000 ហើយក៏មានការតាំងបង្ហាញរថយន្តនៅតាមបណ្ដោយផ្លូវខាងកើតវិមានឯករាជ្យ រហូតដល់រង្វង់មូលសម្ដេចព្រះសង្ឃរាជ ជួន ណាត និងសួនច្បារមុខវត្តបទុមវតី។ ប្រតិភូ Gumball 3000 នឹងសម្រាក១យប់នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដែលជាសណ្ឋាគារលំដាប់ផ្កាយ៥ផុតលេខនៅកម្ពុជា។

* នៅថ្ងៃទី១៦ ប្រតិភូ Gumball 3000 ចាកចេញពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាប ដោយមានរថយន្តប្រតិភូ Gumball 3000 ប្រមាណ១៥០គ្រឿង និងរថយន្តមហាជនគាំទ្រក្នុងស្រុកប្រមាណ២៥០គ្រឿង។ ទៅដល់ខេត្តសៀមរាបនាពេលរសៀល ប្រតិភូ Gumball 3000 នឹងជិះរថយន្តគយគន់ទេសភាពវង់តូចនិងវង់ធំ ចូលទៅទស្សនាប្រាសាទអង្គរវត្ត ទស្សនាទេសភាពថ្ងៃលិចនៅប្រាសាទប្រែរូប។ ក្រៅពីនេះ ក៏មានការតាំងបង្ហាញរថយន្ត Sport Cars, Super Cars & Luxury Cars នៅមុខសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប និងតាមបណ្ដោយផ្លូវស្របនឹងព្រះអង្គចេកព្រះអង្គចម សរុបប្រមាណ១៥០គ្រឿង។ បន្ទាប់មក ប្រតិភូ Gumball 3000 អញ្ជើញធ្វើដំណើរតាមរថយន្តក្រុងទៅកាន់សណ្ឋាគារ Raffles Grand Hotel d'Angkor។ នារាត្រីថ្ងៃទី១៦នោះដែរ ក៏នឹងមានវេទិកាធុរកិច្ចរវាងប្រតិភូ Gumball 3000 និងវិស័យឯកជនក្នុងស្រុក ព្រមទាំងចូលរួមរាត្រីស្រមោលស ទស្សនាការសម្ដែងនូវរបាំប្រពៃណីខ្មែរ និងទស្សនីយភាពដ៏អស្ចារ្យជាច្រើនទៀត នៅមុខប្រាសាទបាយ័ន្ត។

* នៅថ្ងៃទី១៧ ប្រតិភូ Gumball 3000 អញ្ជើញទៅទស្សនាថ្ងៃរះនៅប្រាសាទអង្គវត្ត និងមានការតាំងបង្ហាញរថយន្តប្រតិភូ Gumball និងរថយន្តក្នុងស្រុក Sport Car, Super Car, Luxury Car ដើម្បីបំបែកកំណត់ត្រា Guinness World Records មុខប្រាសាទអង្គរវត្ត។ បន្ទាប់មក គណៈប្រតិភូ Gumball 3000 នឹងធ្វើដំណើរចាកចេញពីខេត្តសៀមរាប ឆ្ពោះទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីបន្តដំណើរទៅប្រទេសថៃ មុនបន្តឆ្លងកាត់ប្រទេសម៉ាឡេស៉ី បញ្ចប់នៅប្រទេសសិង្ហបុរី៕