(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម នៅថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី១៣ ដើម្បីពិនិត្យ ពិភាក្សា និងផ្ដល់ធាតុចូលបន្ថែមលើសេចក្ដីព្រាង «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥» ក្នុងគោលបំណងធ្វើឱ្យសេចក្ដីព្រាងក្របខណ្ឌគោលនយោបាយនេះ កាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបាន ក្នុងបរិបទសេដ្ឋកិច្ច-សង្គមកម្ពុជា មុននឹងដាក់ជូនប្រមុខរាជរដ្ឋាភិបាលដើម្បីស្នើសុំពិនិត្យ និងអនុម័ត ក្នុងពេលដ៏ឆាប់ខាងមុខ។
សេចក្តីព្រាង«ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥» ផ្តោតលើការកែទម្រង់អភិក្រមនៃប្រព័ន្ធគាំពារសង្គម ពីអភិក្រមសសរស្តម្ភទាំង២ គឺប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ទៅជាអភិក្រមហានិភ័យនៃវដ្តជីវិត ដោយបានរំលេចនូវហានិភ័យចំនួន ៧ រួមមាន៖ មាតុភាពនិងកុមារភាព, សុខភាព, ការងារ, ភាពគ្មានជម្រក, និកម្មភាព, ពិការភាព, និង ជរាភាពនិងឧត្តរជីវី។
«ក្របខណ្ឌគោលនយោបាយជាតិ» ថ្មីនេះ ក៏នឹងបន្តពង្រឹងអភិបាលកិច្ចប្រព័ន្ធគាំពារសង្គម ដែលមាន ៣ កម្រិត គឺកម្រិតគោលនយោបាយ, កម្រិតនិយ័តករ, និងកម្រិតប្រតិបត្តិករ ដើម្បីធានាឱ្យបាននូវប្រតិតុល្យការ តម្លាភាព និងគណនេយ្យភាពនៃប្រព័ន្ធគាំពារសង្គមទាំងមូល ទន្ទឹមនឹងការបន្តគិតគូរពីកិច្ចការឆ្លងវិស័យ ដែលជាកត្តាជំរុញឱ្យការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមបោះជំហានទៅមុខកាន់តែរលូន។
កិច្ចការឆ្លងវិស័យទាំងនេះ រួមមាន៖ យន្តការដោះស្រាយវិវាទ និងការទទួលមតិត្រឡប់, ការកំណត់អត្តសញ្ញាណអត្ថគាហក, ប្រព័ន្ធគាំពារសង្គមឌីជីថល, ការបញ្ជ្រាបការយល់ដឹង, ទំនាក់ទំនង និងការផ្សព្វផ្សាយ, គោលនយោបាយគាំទ្រ, និងយន្តការសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍។
តាមរយៈការពិនិត្យ និងពិភាក្សា, អង្គប្រជុំ ក៏បានសម្រេចផ្តល់ការយល់ព្រមលើសេចក្តីព្រាង «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥» ដែលត្រូវបានរៀបចំជា ៧ ផ្នែក សំខាន់ៗ គឺ៖
១. ទិដ្ឋភាពទូទៅ,
២. អភិក្រមនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា,
៣. អន្តរាគមន៍គាំពារសង្គម,
៤. កិច្ចការឆ្លងវិស័យ,
៥. អភិបាលកិច្ចប្រព័ន្ធគាំពារសង្គម,
៦. យន្តការអនុវត្ត និងយន្តការតាមដាន និងវាយតម្លៃ, និង
៧. សេចក្ដីសន្និដ្ឋាន
គួរជម្រាបថា ការរៀបចំនូវសេចក្ដីព្រាង «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥» គឺដើម្បីឆ្លើយតបនឹងគោលដៅ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវចក្ខុវិស័យប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ដែលកម្ពុជាត្រូវការជាចាំបាច់នូវប្រព័ន្ធគាំពារសង្គមមួយដែលកាន់តែរឹងមាំ។