(ភ្នំពេញ)៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយសៀវភៅស្តីពី «សហគមន៍ជោគវាសនារួមកម្ពុជា-ចិន ឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យថ្មី»។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោក WANG WENBIN ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា, ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី តំណាងក្រសួង-ស្ថាប័ននានា និងនិស្សិតសរុបចំនួនប្រមាណ ៣០០នាក់។
ថ្លែងនៅក្នុងពិធីដ៏មានសារៈសំខាន់នេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា ឆ្នាំ២០២៤ គឺជាខួបលើកទី៦៦ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ហើយក៏ជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន» ផងដែរ ដូច្នេះពិធីផ្សព្វផ្សាយសៀវភៅស្ដីពី «សហគមន៍ជោគវាសនារួមកម្ពុជា-ចិន ឆ្ពោះទៅរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រក្នុងយុគសម័យថ្មី» នេះ គឺជាការបង្ហាញសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន និងជាការរំលឹកដល់ទំនាក់ទំនងការទូត និងមិត្តភាពជាប្រពៃណី ក្នុងប្រវត្តិសាស្រ្តនៃប្រទេសទាំងពី។
ជាមួយគ្នានេះ ខ្លឹមសាររួមនៃសៀវភៅនេះ ក៏ឆ្លុះបញ្ចាំងនូវសុទិដ្ឋិនិយមក្នុងការពង្រឹងសន្ដិសហវិជ្ជមានរវាងប្រទេសទាំងពីរ និងផ្ដល់អនុសាសន៍ល្អៗ សម្រាប់ការកសាងអនាគត ប្រកបដោយស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយ៉ាងទូលំទូលាយទាំងក្នុងតំបន់ និងសកលលោក ជាពិសេសជាគំរូដ៏សំខាន់មួយសម្រាប់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ដោយឈរលើមូលដ្ឋាន នៃការគោរពសិទ្ធិស្វ័យសម្រេច ឯករាជ្យភាព និងអធិបតេយ្យភាព។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសរំលេចផងដែរថា មិត្តភាពជាប្រវត្តិសាស្រ្ដនៃប្រទេសទាំងពីរត្រូវបានថែរក្សា និងត្រូវបានពូនជ្រុំពីសំណាក់ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ និងថ្នាក់ដឹកនាំនៃប្រទេសចិនគឺ លោក ម៉ៅ សេទុង និង លោក ជូ អេនឡាយ ដែលបានជំរុញ និងបង្កើតឲ្យមានទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា និងចិននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។
ជាងនេះទៅទៀត, ទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា-ចិនបានបន្ដរីកលូតលាស់យ៉ាងរឹងមាំ ក្រោមការដឹកនាំរបស់សមេ្តចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានប្រែក្លាយទំនាក់ទំនងរវាងប្រទេសទាំងពីរ ឈានទៅជាភាពដៃគូសហប្រតិបតិ្តការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដោយក្នុងនោះ កម្ពុជាបានក្លាយជាដៃគូដ៏សំខាន់ នៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងគំនិតផ្តួចផ្តើមសកលថ្មីចំនួនបីរបស់ប្រធានាធិបតី Xi Jinping រួមមាន ១៖ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI), ២៖ គំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) និង៣៖ គំនិតផ្តួចផ្តើមអរិយធម៌សកល (GCI)។
ជាក់ស្ដែង, ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ការរីកចម្រើននៃទំនាក់ទំនងកម្ពុជា-ចិន និងការគោរពស្រលាញ់គ្នាទៅវិញទៅមក បង្កើតបាននូវការកសាងសមិទ្ធផលរួមជាច្រើន ទាំងក្នុងវិស័យនយោបាយ, ការទូត, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, វប្បធម៌, មនុស្សជាតិ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងកិច្ចការសំខាន់ៗផ្សេងៗទៀតក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការតំបន់ និងអន្ដរជាតិ។
បន្ថែមពីនេះ, កម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្ដពង្រឹង និងផ្ដល់អាទិភាពខ្ពស់លើទំនាក់ទំនងកម្ពុជា-ចិន, ដែលបានឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត គឺ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍរួមក្នុងតំបន់។
ទន្ទឹមនេះ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏បានផ្សាភ្ជាប់ «យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១» ជាមួយនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ជាពិសេសបានផ្ដួចផ្ដើម និងជំរុញកិច្ចសហប្រតិបត្តិការលើការកសាង «ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម» និង «ច្រករបៀងត្រី និងស្រូវ» ដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនារួម ដើម្បីនាំមកនូវភាពសុខដុមកាន់តែល្អប្រសើរ សម្រាប់ប្រជាជនទាំងពីរកម្ពុជា-ចិន និងបន្ដសម្រេចបាននូវសមិទ្ធផលថ្មីៗសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។
ក្រៅពីការផ្សាភ្ជាប់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវជាមួយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្ពុជា-ចិន ក៏គ្រោងបង្កើតគោលនយោបាយពិសេសជាច្រើនទៀត តាមរយៈការភ្ជាប់រវាងឯកសារ គោលនយោបាយពិសេសដំណាក់កាលទី២ រយៈពេល១០០ឆ្នាំរបស់ប្រទេសចិន ជាមួយចក្ខុវិស័យឆ្នាំ២០៥០របស់កម្ពុជាផងដែរ។
នៅក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបកស្រាយ និងពន្យល់អត្ថន័យ នៃពាក្យសហគមន៍ជោគវាសនារួម ដែលសំដៅដល់ការមានគោលដៅ និងគុណតម្លៃរួម ក្នុងនោះគុណតម្លៃរួម នៃទំនាក់ទំនងរវាងប្រទេសទាំងពីរគឺសន្តិភាព សន្ដិសហវិជ្ជមាន ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ និងការចេះគោរពឲ្យតម្លៃគ្នាទៅវិញទៅមក។ បន្ថែមលើនេះ ការចេះជួយគ្នា ចេះការពារគ្នា ចេះជួយយឹតយោងគ្នា និងការផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ក៏ស្ថិតក្នុងអត្ថន័យនេះនៃពាក្យជោគវាសនារួមផងដែរ។
យ៉ាងណាក៏ដោយ ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ថា ដើម្បីអាចឈានទៅសម្រេចគោលដៅជោគវាសនារួម កម្ពុជាមិនអាចពឹងផ្អែកតែលើប្រទេសចិនទាំងស្រុងនោះទេ ពោលគឺកម្ពុជាត្រូវតែចេះធ្វើជាម្ចាស់ប្រទេសខ្លួនឯង ត្រូវចេះខិតខំប្រឹងប្រែងខ្លួនឯង ដើម្បីឲ្យក្លាយជារដ្ឋឯករាជ្យ មានអធិបតេយ្យភាព មានសមត្ថភាព មានកម្លាំងធនធានមនុស្ស និងកម្លាំងសេដ្ឋកិច្ចដោយខ្លួនឯងជាដើម។ សម្រាប់លោក កម្ពុជាមិនអាចសម្រេចជោគវាសនារួមជាមួយចិន ទាំងខ្លួននៅទន់ខ្សោយបានឡើយ។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្តល់អនុសាសន៍មួយចំនួន ក្នុងគោលបំណងជំរុញលើកទឹកចិត្ត និងលើកកម្ពស់ការសិក្សាស្រាវជ្រាវ ឲ្យកាន់តែទូលំទូលាយពីសំណាក់តួអង្គពាក់ព័ន្ធ ជាពិសេសលោកបានជំរុញឲ្យស្ថាប័នស្រាវជ្រាវសំខាន់ៗ រួមមាន ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយភាគីចិន ដើម្បីកំណត់ប្រធានបទ នៃការសិក្សាស្រាវជ្រាវជាក់លាក់មួយ ដែលអាចផ្សាភ្ជាប់ជាមួយនឹងគោលនយោបាយអភិវឌ្ឍន៍នៃប្រទេសទាំងពីរ៕