(ក្រចេះ)៖ ការនេសាទដោយប្រើឧបករណ៍នេសាទល្មើសជាបច្ច័យដ៏អាក្រក់សម្រាប់ធនធានមច្ឆជាតិនៅក្នុងរដូវបិទនេសាទ ដែលជារដូវមច្ឆជាតិកកើតកូន។ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវ និងដាក់ចុះវិធានការដល់មន្ត្រីជលផល និងអាជ្ញាធរពាក់ព័ន្ធនៅទូទាំងប្រទេស ត្រូវរួមគ្នាទប់ស្កាត់ឱ្យបានខ្ពស់សម្រាប់ការនេសាទដោយប្រើឧបករណ៍ល្មើសច្បាប់។
អនុលោមតាមការណែនាំខាងលើនេះ មន្ត្រីជលផល និងកម្លាំងសមត្ថកិច្ចចម្រុះក្នុងខេត្តក្រចេះ បានធ្វើសកម្មភាពជាប់ប្រចាំដូចភ្លៀងរលឹម ដើម្បីបោសសំអាតការនេសាទល្មើសច្បាប់រួមចំណែកការពារធនធានជលផល ជាពិសេសបង្កើនផលត្រីក្នុងរដូវបិទនេសាទនេះ។
នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានដឹកនាំកម្លាំងសេដ្ឋកិច្ចចម្រុះក្នុងខេត្ត ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ចំនួន៤ទីតាំងផ្សេងគ្នានៅក្នុងភូមិសាស្ត្រឃុំបុសលាវ ស្រុកចិត្របុរី ខេត្ត ក្រចេះ ដកហូត និងរុះរើបានឧបករណ៍នេសាទជាច្រើនប្រភេទ យកទៅដុតកម្ទេចចោល។
ប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនេះ បានធ្វើឡើងនៅក្នុងភូមិសាស្ត្របឹងត្រោះ បឹងទទឹងថ្ងៃ បឹងក្រចេះ និងបឹងចប់ ក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។
ជាលទ្ធផលនៃប្រតិបត្តិការសមត្ថកិច្ចបានរុះរើ ដកហូត និងបំផ្លាញចោលឧករណ៍នេសាទល្មើសច្បាប់រួមមាន៖ របាំងព្រួលសាច់ណរ៉ាវ (សាច់កាវ) ចំនួន ១១ខ្សែ ប្រវែង៥៥០ម៉ែត្រ ក្រឡាទំហំ៣-០៤សង់ទីម៉ែត្រ, លបសាច់កាវ ចំនួន ១៤គ្រឿង ក្រឡាទំហំ០២-០៤សង់ទីម៉ែត្រ,របាំងព្រួលស្បៃមុងចំនួន២៩ខ្សែ មានប្រវែង១៣៥០ម៉ែត្រ, លូស្បៃមុង ចំនួន៣២មាត់លូ, របាំងកាត់ទទឹងជិតព្រែកចំនួន០២របាំង និងលបសាច់កាវចំនួន០៦គ្រឿង, បង្គោលចម្រឹងប្ញស្សីចំនួនប្រមាណ៦០០ដើម។
ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ច បានចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិប្រមាណ ៣០០គីឡូក្រាម។ ដោយឡែកឧបករណ៍នេសាទខុសច្បាប់ដែលសមត្ថកិច្ចដករហូតបានគឺត្រូវដុតបំផ្លាញចោលនៅទីតាំងផ្ទាល់តែម្តង។
លោក ម៉ុក ពន្លក បានអំពាវនាវប្រជាពលរដ្ឋរួមគ្នាការពារធនធានជលផល ដោយបញ្ឈប់ការនេសាទប្រើឧបករណ៍នេសាទល្មើសច្បាប់ដូចជាឧបករណ៍ឆក់ត្រី ស្បៃមុង និងអួនក្រឡាញឹកជាដើម ដែលជាឧបករណ៍បំផ្លាញធនធានជលផល។ ជាពិសេសឧបករណ៍ស្បៃមុងបំផ្លាញទាំងត្រីតូច និងត្រីធំ។
លោក ម៉ុក ពន្លក បានក្រើនរំលឹកពីវិធានការច្បាប់សម្រាប់ការនេសាទដោយប្រើឧបករណ៍នេសាទល្មើសច្បាប់ផងដែរ។ វិធានការច្បាប់នោះ យោងតាមច្បាប់ស្តីពីជលផល ក្នុងមាត្រា៩៨ បានចែងថា ការប្រើឧបករណ៍ឆក់ត្រី ត្រូវជាប់ពន្ធនាគារ ពី៣ឆ្នាំ ទៅ៥ឆ្នាំ។ រីឯមាត្រា៩៩ បានចែងថា ការប្រើស្បៃមុង ត្រូវជាប់ពន្ធនាគារ ១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី៥លានរៀល ទៅ៥០លានរៀល៕