(កំពង់ធំ)៖ មានសង្ឃដីការនាឱកាសនិមន្តជាព្រះធិបតីក្នុងពិធីស្រោចស្រពសុគន្ធវារី និងប្រកាសនីប័ត្រព្រះបរិត្តកោសល្យ ណិប អ៊ាន ជាព្រះអនុគណស្រុកស្ទោង ខេត្តកំពង់ធំ នារសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ព្រះទេពសត្ថា សៀង សុខ ព្រះមេគណខេត្តកំពង់ធំមានសង្ឃដីការថា ពុទ្ធចក្រនិងអាណាចក្ររីកចម្រើនជាមួយគ្នាទើបសាសនាបានរឹងមាំ និងគង់វង្សគ្រប់ ៥ ០០០ព្រះវស្សា។
ពិធីនេះបានធ្វើឡើងនៅវត្តឃ្លាំងខ្មូត ស្ថិតនៅក្នុង ភូមិប្រឡាយ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ដោយមានការចូលរួមពីលោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងលោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ។
ទន្ទឹមនឹងនេះព្រះអង្គបានណែនាំដល់ព្រះបរិត្តកោសល្យ ណុប អ៊ាន ព្រះអនុគណស្រុកស្ទោងត្រូវខិតខំបន្តដឹកនាំពុទ្ធសាសនា នៅក្នុងស្រុក និងបន្តកិច្ចការរវាងពុទ្ធចក្រ និងអាណាចក្រក៏ដូចជាអាជ្ញាធរមូលដ្ឋានដើម្បីបន្តសាមគ្គីភាពរវាងគ្នានឹងគ្នាឲ្យបានល្អប្រសើរឡើងថែមទៀត។
ក្នុងឱកាសនេះដែរលោក សាយ គឹមឡម បានបិណ្ឌបាតព្រះគ្រូចៅអធិការ លោកអាចារ្យគណៈកម្មការ គ្រប់វត្ត ត្រូវខិតខំធ្វើកែច្នៃវត្តអារាមឲ្យក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍វប្បធម៌ និងធម្មជាតិស្រស់បំព្រង ហើយត្រូវអភិវឌ្ឍន៍វត្តអារាមជាមួយនឹងប្លង់មេច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការអភិវឌ្ឍន៍ក៏ដូចជាសោភ័ណភាព និងបរិស្ថានស្រស់ផងដែរ។
លោក សាយ គឹមឡម ក៏បានថ្លែងអំណរព្រះគុណដល់ព្រះបរិត្តកោសល្យ ណិប អ៊ាន ដែលបានលះបង់ព្រះកាយពលយ៉ាងធំធេងក្នុងវិស័យពុទ្ធសាសនា និងអាណាចក្រជាពិសេសកិច្ចសហប្រតិបត្តិការបានល្អ ជាមួយអាជ្ញាធររដ្ឋបាលស្រុកស្ទោងនិង ចូលរួមអភិវឌ្ឍន៍កសាងនូវសមិទ្ធផលនានាក្នុងមូលដ្ឋានក៏ដូចជា ធ្វើកិច្ចការមនុស្សធម៌ជាមួយញាតិញោមពុទ្ធបរិស័ទនៅក្នុងមូលដ្ឋាន។
លោកអភិបាលស្រុកស្ទោង បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុតដល់ព្រះមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការនិងប្រជាពុទ្ធបរិស័ទ និងសប្បុរសជនទាំងអស់ដែលតែងតែចូលរួមនឹងបានសហការជាមួយរដ្ឋបាលស្រុកស្ទោង ក្នុងការធ្វើកិច្ចការមនុស្សធម៌ និងសង្គ្រោះផ្សេងៗជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕