(កោះកុង)៖ លោក ភូថង សេរីវុឌ្ឍី ត្រូវបានប្រកាសចូលកាន់តំណែងជាក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងឱកាសនេះ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានធ្វើការណែនាំដល់អភិបាលក្រុងថ្មីថា ត្រូវគិតគូរដោះស្រាយរាល់បញ្ហាប្រឈមនានាដែលជាសេចក្តីត្រូវការចង់បាន និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានលឿនឆាប់រហ័ស តម្លាភាព និងប្រកបដោយទំនុកចិត្ត ដើម្បីឆ្លើយតបនឹងស្របទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោកស្រី មិថុនា ភូថង បានបន្តថា ក្នុងនាមជាអាជ្ញាធរ គឺជាឪពុកម្តាយប្រជាពលរដ្ឋ ដូច្នេះត្រូវតាមដានក្តោបក្តាប់រាល់សកម្មភាព និងព័ត៌មានក្រុមប្រឆាំងជ្រុលនិយមដែលតែងប៉ុនប៉ុងបំផ្លាញសុខសន្តិភាព បង្កចលាចលអសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។
ជាក់ស្តែង ក្រុមជ្រុលនិយមទាំងនោះ កំពុងតែញុះញុង់ក្លែងបន្លំព័ត៌មានផ្ទុយពីការពិត ដោយយកលេសពីបញ្ហតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម ចង់ធ្វើបដិវត្តន៍ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញការបោះឆ្នោតចេញបេះដូងប្រជាពលរដ្ឋពិតៗ។
លោក ភូថង សេរីវុឌ្ឍី អភិបាលថ្មីនៃក្រុងខេមរភូមិន្ទ បានប្តេជ្ញាចិត្តថា លោកនឹងខិតខំយកអស់កម្លាំងកាយចិត្ត ចំណេះដឹង និងបទពិសោធន៍ការងារ ធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋប្រកបដោយទំនួលខុសត្រូវខ្ពស់ ខណៈមានទំនុកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា និងរក្សាភាពផ្ទៃក្នុងឲ្យបានល្អ លើកកម្ពស់ស្មារតីមន្ត្រីក្រោមឱវាទ និងធ្វើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស និងរៀបចំសណ្តាប់ធ្នាប់ ការពារសុវត្តិភាពជូនប្រជាពលរដ្ឋឲ្យបានល្អ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធធ្វើការអភិវឌ្ឍក្រុងឲ្យបានល្អ៕