(បន្ទាយមានជ័យ)៖ ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីសន្តិសុខថា មានករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខអគារមាត់អូរ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១និង៣០នាទី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះទៅដល់កន្លែងកើតហេតុ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់។
ជនសង្ស័យទាំង៤នាក់នេះរួមមាន៖
ទី១៖ ឈ្មោះ ថាណាផន ថងខាំ ហៅ នីវ ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិថៃ
ទី២៖ ឈ្មោះ សុវ៉ាត់ ណាក់កងឌី ហៅ ប៊យ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិថៃ
ទី៣៖ ឈ្មោះ សេង ភ័ក្រ ហៅ ក្តី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ
ទី៤៖ ឈ្មោះ ខៀវ ខាវ ហៅ ប៊ួខាវ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន០៧ថង់កិប ស្មើនឹង ៧០គ្រាប់ ទម្ងន់ ៨,០៧ក្រាម, ម៉ូតូ ចំនួន ០១គ្រឿង, ទូរស័ព្ទ ចំនួន ០២គ្រឿង, កាបូបស្ពាយ ចំនួន០១ រួមនឹងវត្ថុតាងមួយចំនួនទៀត ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដេីម្បីចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕