(កណ្ដាល)៖ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (PWG) ខេត្ត បានថ្លែងថា ខេត្តកណ្ដាល ធ្វើបានហើយ ធ្វើបានយ៉ាងល្អប្រសើរទៀតផង ព្រមទាំងកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារថ្នាក់ជាតិ នៃក្រសួងអភិវឌ្ឍន៍ជនបទ WaterAid និងអង្គការដៃគូផ្សេងទៀត ពិសេសមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល ដែលបានសហការ និងសម្របសម្រួលជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងដំណើរការនៃការចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ដែលមានរយៈពេល៥ថ្ងៃ កន្លងមកនេះប្រកបដោយជោគជ័យ។
លទ្ធផលជោគជ័យនេះបានសម្រេចឡើង ក្រោយក្រុមការងារថ្នាក់ជាតិ នៃក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយរដ្ឋបាលខេត្តកណ្តាល រួមជាមួយអង្គការ WaterAid និងអង្គការដៃគូពាក់ព័ន្ធ បានរៀបចំកិច្ចប្រជុំបូកសរុប និងឆ្លុះបញ្ចាំងស្ដីពីលទ្ធផលចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ខេត្តកណ្ដាល ក្រោមអធិបតីភាពលោក នុត ពុធដារ៉ា តំណាងលោក គួច ចំរើន អភិបាលខេត្តកណ្តាល និងលោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក ជឹម ចរណៃ ទីប្រឹក្សាបច្ចេកទេសឯករាជ្យ មន្ត្រីបច្ចេកទេសក្រុមការងារថ្នាក់ជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ លោក លោកស្រីតំណាងអង្គការ Water Aid លោក លោកស្រីតំណាងអង្គការទស្សនៈពិភពលោក និងអង្គការដៃគូធ្វើការងារវិស័យលើកកម្ពស់អនាម័យពាក់ព័ន្ធជាច្រើននាក់ទៀត។
គោលបំណង នៃកម្មវិធីនេះ គឺធ្វើការបូកសរុប និងឆ្លុះបញ្ចាំងអំពីលទ្ធផលនៃការចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ខេត្តកណ្ដាល បន្ទាប់ពីក្រុមការងារថ្នាក់ជាតិ និងទីប្រឹក្សាបច្ចេកទេសឯករាជ បានវិភាគទិន្នន័យរបាយការណ៍ ដែលក្រុមការងារថ្នាក់ជាតិបានចុះផ្ទៀងផ្ទាត់នៅតាមបណ្តាស្ថាប័នផ្តល់សេវាសាធារណៈ និងវិស័យឯកជន និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ភូមិ និងទីតាំងពាក់ព័ន្ធផ្សេងៗទៀត។
លោកអភិបាលរងខេត្តបានថ្លែងថាការងារវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទខេត្តកណ្តាលមានការកើនឡើងជាលំដាប់ អាស្រ័យដោយស្ថានភាពជីវភាពប្រជាពលរដ្ឋមានការរីកចម្រើន ដូច្នេះទំនៀមទម្លាប់ នៃការរស់នៅរបស់ប្រជាពលរដ្ឋក៏មានលក្ខណៈបែបទំនើប និងស៊ីវិល័យមិនចាញ់ពលរដ្ឋរស់នៅទីក្រុងឡើយ ជាក់ស្តែងបន្ទាប់ពីខេត្តកណ្តាល ទទួលបានជ័យលាភីជាខេត្តទី៣ បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ប្រកបដោយមោទកភាព និងកិត្តិយស ដែលបានប្រារព្ធកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។
លោកអភិបាលរងខេត្តបានបន្ថែមថា ដ្បិតថាខេត្តកណ្តាល ទទួលបានជ័យលាភីជាខេត្ត ODF ក៏ពិតមែន ប៉ុន្តែនោះមិនទាន់គ្រប់គ្រាន់ ស្កប់ស្កល់នៅឡើយទេ ជាពិសេសថ្នាក់ដឹកនាំខេត្ត ដែលមានលោក គួច ចំរើន អភិបាលខេត្តកណ្តាល បានដឹកនាំផ្ទាល់ និងជំរុញលើកទឹកចិត្តក្រុមការងារ PWG ខេត្ត ធ្វើយ៉ាងណាឱ្យបានលើសពី ODF។ បន្ទាប់ពីកិច្ចខិតខំប្រឹកប្រែងរួមគ្នាអស់រយៈពេល ១ឆ្នាំកន្លងមក រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ភូមិ ទាំង១០១០ភូមិ រួមជាមួយការចូលរួម ប្រតិបត្តិអនាម័យល្អរបស់បងប្អូនប្រជាពលរដ្ឋ ធ្វើឱ្យខេត្តកណ្តាលបានប្រកាសផ្ទៃក្នុង ជាខេត្តបញ្ចប់ការបន្ទោ បង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) នាថ្ងៃទី១២ ខែកុម្ភៈ ២០២៤ និងបានស្នើសុំក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីសុំចាត់បញ្ជូន ក្រុមការងារចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF+)ថ្នាក់ជាតិ មកផ្ទៀងផ្ទាត់ ODF+ នៅខេត្តកណ្តាល។
ជាមួយគ្នានេះផងដែរ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្ដាល បានឱ្យដឹងថា មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានសហការជាមួយមន្ទីរ/អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ អង្គការដៃគូ និងអ្នកពាក់ព័ន្ធបានធ្វើយុទ្ធនាការចុះអប់រំផ្សព្វផ្សាយដល់អង្គភាព-ស្ថាប័ន កន្លែងផ្តល់សេវាសាធារណៈ និងសហគមន៍ មូលដ្ឋាន អំពីគោលដៅសម្រេចឱ្យបាន ODF+ ខេត្តកណ្តាល។
លោកស្រីប្រធានមន្ទីរបា នបន្តថា យោងតាមការចុះផ្ទៀងផ្ទាត់ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ លទ្ធផលដែលបានអង្កេតតាមចំនួនសំណាក ៤០០ខ្នងផ្ទះ និង៣០ អង្គភាពផ្តល់សេវា តាមពិន្ទុដែលទទួលបានពីលទ្ធផលនៃការចុះផ្ទៀងផ្ទាត់ជាក់ស្តែង របស់ក្រុមការងារថ្នាក់ជាតិដោយអនុលោមតាមគោលការណ៍ណែនាំក្រុមការងារថ្នាក់ជាតិ សន្និដ្ឋានជាលទ្ធផលបណ្តោះអាសន្នគឺខេត្តកណ្តាល ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់(ODF+)៕