(ស្ទឹងត្រែង)៖ គណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំពិធីប្រកាសទទួលស្គាល់សមាជិកថ្មីចំនួន១០២រូប ដែលបានផ្តាច់ខ្លួនពីគណបក្សភ្លើងទៀន អតីតគណបក្សសង្គ្រោះជាតិ និង គណបក្សនយោបាយនានា។
ពិពីប្រកាសទទួលស្គាល់នេះ ប្រារព្ធធ្វើឡើងនៅមន្ទីរគណបក្សខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពលោក យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, លោក ភឺន ផល្លា សមាជិកគណៈកម្មាធិការ កណ្តាល អនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្ស និងលោក សរ សុពុធត្រា ប្រធានគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង។
អតីតសមាជិក សមាជិកា និងជាសកម្មជនស្ម័គ្រស្មោះប្តូរផ្តាច់មកពីគណបក្សនយោបាយទាំងនេះ បានផ្លាស់ប្តូរចិត្តមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាល បន្ទាប់ពីពួកគេបានមើលឃើញថា បក្សនេះបានធ្វើសកម្មភាព និងពលីកម្មជាច្រើនក្នុងបុព្វហេតុជាតិ និងប្រជាជន។
បើតាមមតិចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្ត របស់សមាជិកគណបក្សថ្មី បានលើកឡើងថា ការសម្រេចចាកចេញ របស់សមាជិក សមាជិកា និងជាសកម្មជនទាំង១០២នាក់ គឺដោយសារបានចាញ់ការឃោសនា បោកប្រាស់របស់គណបក្សផ្សេង ដែលបង្ខូចមួលបង្កាច់គណបក្សប្រជាជនកម្ពុជាគ្រប់រូបភាព។ យើងខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់ ឃើញថាគណបក្សសង្គ្រោះជាតិក្តី គណបក្សភ្លើងទៀនក្តី និងគណបក្សផ្សេងៗទៀតក្តី សុទ្ធតែច្រើនយោបាយបោកប្រាស់ សន្យាតែមាត់ មិនដែលបានធ្វើអ្វីបន្តិចសោះ។
ទង្វើរបស់ពួកគេនឹងនាំឱ្យប្រជាជនរងនូវវិនាសកម្ម បែកបាក់ មានគំនុំគំគួន រវាងខ្មែរគ្នាឯង នាំប្រទេស ទៅរកជម្លោះ និងសង្គ្រាម បង្កជាវិនាសកម្មព្រាត់ប្រាស់ជាបន្តទៀត។ ផ្ទុយពីគណបក្សប្រជាជន ដែលបានរំដោះប្រជាជនឱ្យ រួចផុតពីបនប្រល័យពូជសាសន៍ ហើយបន្តរួបរួមសាមគ្គីឯកភាពគ្នា កសាង ការពារជាតិ មាតុភូមិ ឱ្យរីកចម្រើនលូតលាស់ជាបន្តបន្ទាប់ នាំមកនូវសន្តិភាព និងការអភិវឌ្ឍ ជូនជាតិ មាតុភូមិ និងប្រជាជនឥតឈប់ឈរ។
យើងខ្ញុំសូមសម្តែងនូវការដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំនាវាកម្ពុជា ទៅរកសុខសន្តិភាព និងការអភិវឌ្ឍ ធ្វើឱ្យប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេស អបអរសាទរ និងគាំទ្រ ជារៀងរហូត។
ដើម្បីឆ្លើយតបទៅនឹងគុណូបការៈខាងលើនេះ យើងខ្ញុំសូមប្តេជ្ញាចំពោះមុខគណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ដូចតទៅ៖
១-ប្តេជ្ញាដើរតាមគោលមាគ៌ានយោបាយ របស់គណបក្សប្រជាជនកម្ពុជាឥតងាករេ ជារៀងរហូត។
២-ប្តេជ្ញាប្រឆាំងដាច់ខាត ចលនាបំបះបំបោរ របស់ពួកក្បត់ជាតិ ឱ្យមានការប្រឆាំងជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។
៣-ប្តេជ្ញាចូលរួមគាំទ្រយ៉ាងសកម្ម ជាមួយគណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋាន ភូមិ ឃុំ ដែលយើងខ្ញុំកំពុងរស់នៅ។
៤-ជយោសន្តិភាព និងការអភិវឌ្ឍ។
៥-ជយោ គណបក្សប្រជាជនកម្ពុជាដ៏រុងរឿង៕