(កូរ៉េខាងត្បូង)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងគណៈប្រតិភូ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានធ្វើដំណើរចាកចេញពីទីក្រុងសេអ៊ូល បន្តដំណើរទៅដល់ខេត្តឃ្យុងសាងបុកដូ សាធារណរដ្ឋកូរ៉េ ប្រកបដោយសុវត្ថិភាព។
ការបន្តដំណើរទៅកាន់ខេត្តឃ្យុងសាងបុកដូ សម្តេចប្រធានព្រឹទ្ធសភា នឹងអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE)។
យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ០០១ បានធ្វើការចុះចត នៅអាកាសយានដ្ឋានអន្តរជាតិថេហ្គូ (Daegu) ខេត្តឃ្យុងសាងបុកដូ កាលពីវេលាម៉ោង៩៖៣០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមវត្តមាន នៃការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ យ៉ាងកក់ក្តៅបំផុត ពីថ្នាល់ដឹកនាំខេត្តឃ្យុងសាងបុកដូ និងថ្នាក់ដឹកនាំសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ និងឥស្សរជនការទូតរបស់កម្ពុជាជាច្រើនរូប។
នៅក្នុងឱកាសនៃការអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស សម្តេចតេជោនឹងអញ្ជើញធ្វើបាឋកថា ស្តីពី បទពិសោធន៍របស់កម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សារ និងកសាងជាតិឡើងវិញ ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភា និងអញ្ជើញទស្សនាមជ្ឈមណ្ឌលពិព័ណ៌វប្បធម៌ពិភពលោក ឃ្យុងយូ ផងដែរ៕