(ភ្នំពេញ)៖ សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា ទាំងអស់ និងតំណាងឱ្យ សមាគមអង្គការ ទាំង២០អង្គភាព បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ទៅលើឈ្មោះ អ៊ុំ សំអាន ដែលជាទណ្ឌិតប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ដែលបានបង្ហោះផ្សាយព័ត៌មានប្រឌិតនៅលើគេហទំព័រហ្វេសប៊ុកថា បង្គោលព្រំដែនលេខ ២៧៥ នៅច្រកភ្នំដិន ខេត្តតាកែវ បានបោះចូលដីខ្មែរ ១២៧០ម៉ែត្រ។
សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល បានចាត់ទុកថា នេះគឺជាព័ត៌មានក្លែងក្លាយ ក្នុងចេតនាបំភាន់សាធារណៈមតិជាតិ និងអន្តរជាតិ ថែមទាំងធ្វើការចោទប្រកាន់មកលើការងារព្រំដែន អំពីការធ្វើឱ្យបាត់បង់ទឹកដី ទៅប្រទេសជិតខាង ខណៈដែលកាលពីពេលថ្មីៗនេះ ទណ្ឌិត សម រង្ស៉ី ជនក្បត់ជាតិបីជំនាន់ និងពួកក្រុមប្រឆាំងជ្រុលនិយមទាំងនោះ ក៏បានធ្វើការបង្កើតព័ត៌មានក្លែងក្លាយ អំពីករណីបង្គោលព្រំដែន ព្រមទាំងបានប្រើប្រាស់រូបភាព Google Map ដែលជាទិន្នន័យក្លែងក្លាយ និងមិន អាចយកជាការបាន រួមទាំងការចោទប្រកាន់ក្នុងលក្ខណៈមូលបង្កាច់ទុច្ចរិតទាំងស្រុង ក្នុងករណីថា «បង្គោលព្រំដែនចេះដើរ ដែលជាការអះអាងដោយគ្មានមូលដ្ឋានច្បាស់លាស់ ហើយត្រង់ចំណុចនៃការប្រើប្រាស់ Google Map ដើម្បីយកធ្វើជាមូលដ្ឋានរបស់ ទណ្ឌិត សម រង្ស៉ី និងក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនោះ គឺមិនមានលក្ខណៈត្រឹមត្រូវនោះទេ ជាពិសេសផ្ទុយពីស្មារតីនៃ រដ្ឋធម្មនុញ្ញ មាត្រា ២ ដែលបានចែងចែងថា «បូរណភាពទឹកដីកម្ពុជា មិនអាចរំលោភបានដាច់ខាត ក្នុងព្រំដែនរបស់ខ្លួន ដែលមាន កំណត់ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះ ឆ្នាំ១៩៦៣-១៩៦៩។
សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប សូមមេត្តាកុំជឿ និងកុំចែកចាយរាល់ការបង្ហោះសារបោកប្រាស់ របស់ជនអគតិមួយចំនួន ដែលតែងតែបង្កើតព័ត៌មានក្លែងក្លាយ ក្នុងចេតនាទុច្ចរិត ដើម្បីវាយប្រហារដល់រាជរដ្ឋាភិបាល ហើយដែលសកម្មភាពទាំងអស់នោះ អាចប្រឈមមុខនឹងផ្លូវច្បាប់។
សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល ក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ឱ្យមេត្តាចូលរួមស្រាវជ្រាវ ទប់ស្កាត់ និងចាត់វិធានការតាមផ្លូវច្បាប់ ទៅលើជនទាំងឡាយណា ដែលបង្កើតព័ត៌មានក្លែងក្លាយ ក្នុងគោលបំណងនាំឱ្យមានការភាន់ច្រលំ ដល់សាធារណៈមតិជាតិ និងអន្តរជាតិ៕