(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សម្ដេចមិននឿយណាយឡើយសម្រាប់ការអញ្ជើញសម្ពោធសមិទ្ធផលជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់យ៉ាងនេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័រប្រវែង២៥៣ម៉ែត្រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។
នាឱកាសនោះ សម្ដេចធិបតីក៏បានលើកឡើងអំពីការចូលរួមរបស់ជប៉ុនក្នុងកិច្ចអភិវឌ្ឍប្រទេសកម្ពុជា ហើយនាពេលខាងមុខននឹងមានការគិតគូរពីការធ្វើទំនើបកម្ម និងការធ្វើឱ្យប្រសើរឡើងនៃបណ្ដាញផ្លូវដែកនៅកម្ពុជា។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលជប៉ុន ដែលតែងតែជួយលើការងារនេះ ដោយផ្អែកទៅលើប្រព័ន្ធភស្តុភាកម្មរបស់កម្ពុជា។
សម្ដេចបានថ្លែងថា «ដែលនេះគឺជាមោទនភាពដែលខ្ញុំមកកាន់កំពង់ផែព្រះសីហនុ៣ដងមកហើយ ហើយអត់ធុញទេ ប្រសិនបើមានសមិទ្ធផលបន្ថែមទៀត ឯកឧត្តម លូ គឹមឈន់ គាត់អញ្ជើញខ្ញុំ ខ្ញុំចេះតែមកហើយ ព្រោះមិនមែនមកសម្ពោធផ្ទះខ្ញុំនោះទេ»។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ការអញ្ជើញមកសម្ពោធសមិទ្ធផលនេះ មិនមែនមកសម្ពោធរបស់សម្ដេចនោះទេ តែជាការសម្ពោធសមិទ្ធផលជាតិ ដែលជាសេវាកម្មសម្រាប់ជួយដល់សេដ្ឋកិច្ចជាតិ ទោះភ្លៀង ឬខ្យល់ ក៏រាជរដ្ឋាភិបាលនៅតែមករួមគ្នា ដើម្បីអបអរសាទរនូវសក្ដានុពលរបស់ជាតិ៕