(ព្រះសីហនុ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រនេះនឹងផ្តល់ជាជម្រើសបន្ថែម សម្រាប់ជួយបំពេញមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងគោលដៅពង្រីកសមត្ថភាព និងធ្វើទំនើបកម្មកំពង់ផែ ដើម្បីឆ្លើយតបនឹងកំណើនកុងតឺន័រឆ្លងកាត់នាពេលបច្ចុប្បន្ន មុននឹងទទួលបានសមិទ្ធផលចំណតផែកុងតឺន័រទឹកជ្រៅថ្មីទាំង៣ជំហាន នាពេលអនាគត និងមាននលទ្ធភាពប្រកួតប្រជែងជាមួយកំពង់ផែលើពិភពលោក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ដែលបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ តាមរយៈផលចំណូលអាជីវកម្មទទួលបានពីកំណើនបរិមាណទំនិញ និង កុងតឺន័រឆ្លងកាត់ជារៀងរាល់ថ្ងៃ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា៖ «ចំណតកផែកុងតឺន័របន្ថែម ២៥៣ម៉ែត្រ បានសាងសង់ និងស្តារជម្រៅទឹកដល់ ១១,៥ម៉ែត្រ កាលពីចុងឆ្នាំទៅឯកឧត្តម លូ គឹឈុន បានចូលរាយការណ៍ឱ្យខ្ញុំ ថាអីឡូវ សមត្ថភាពផែមានតែ ៥៥ម៉ឺនធីអីយូទេ ក្នុង១ឆ្នាំ ប៉ុន្តែ ជាក់ស្តែងយើងធ្វើទៅដល់ ៧៥ម៉ឺនធីអីយូហើយ ព្រោះអត់កន្លែងដាក់ ពិតណាស់យើងធ្វើ៣ជំហ៊ានទៀត បច្ចុប្បន្ន ត្រូវច្នៃអ្វីដែលមាន […] ហើយអីឡូវនេះយើងជីកជម្រៅថែមដល់ ១១,៥ម៉ែត្រ យើងអាចឱ្យប្រភេនាវាដឹកកុងតឺន័រ នៅអាស៊ីប៉ាស៊ីហ្វិក អាចមកដល់៤៩,២៥ភាគរយ ហើយនាវាកម្រិតចរាចរណ៍លើពិភពលោក ១៨ភាគរយ»។
ត្រង់ចំណុចនេះ សម្តេចធិបតីហ៊ុន ម៉ាណែត បានលើកឡើងថា ការពង្រីកបន្ថែមនូវសមត្ថភាពទទួលកុងតឺន័ររបស់កំពង់ផែនកម្ពុជា នឹងកាត់បន្ថយការដឹកជញ្ជូនទំនិញ ដូច្នេះ ការជ្រើសរើសផែសម្រាប់ចូលចតដឹកទំនិញ របស់ឈ្មួញនៅប្រទេសជិតខាង ឬប្រទេសកម្ពុជា គឺអាស្រ័យលើតម្លៃដឹកជញ្ជូនឆ្លងកាត់ផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា៖ «ការពង្រីក និងការកសាង ៣ជំហានទៀត នឹងជួយផែរបស់កម្ពុជា អាចប្រកួតប្រជែងជាមួយផែលើពិភពលោក ហើយកន្លែងដឹកជញ្ជូនទំនិញជាកន្លែងប្រកួតប្រជែងហើយ គឺជួយការផលិតដំណើរ ការដឹកជញ្ជូនដើរ នោះនឹងជួយដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ចជាតិ។ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តរឹងមាំ ផ្នែកឡូជីស្ទីកនេះ គឺជួយឱ្យប្រទេសជាតិមានលំនឹង និងមានសក្តានុពលកាន់តែខ្លាំងនៅថ្ងៃអនាគត»។
ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការពង្រីកសមត្ថភាពផែ តភ្ជាប់ជាមួយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន គឺជាការជួយប្រព័ន្ធភស្តុភាកម្មរបស់កម្ពុជាកាន់តែប្រសើរ។
ចំណតផែកុងតឺន័របន្ថែមនេះ ត្រូវបានសាងសង់ និងស្តារជម្រៅ ទឹកដល់ ១១,៥ម៉ែត្រ និងការបំពាក់មធ្យោបាយលើកដាក់កុងតឺន័រទំនើប រួមមានគ្រឿងចក្រលើកដាក់កុងតឺន័រ នៅគែមផែប្រភេទ QGC ចំនួន ២គ្រឿង, និងគ្រឿងចក្រលើកដាក់កុងតឺន័រ នៅទីលានប្រភេទ RTG ចំនួន ៦គ្រឿង រួមទាំងការបំពាក់សម្ភារបរិក្ខារសំខាន់ៗផ្សេងទៀតដែលនឹងជួយបង្កើនសមត្ថភាពចំណតផែកុងតឺន័របន្ថែមនេះបានប្រមាណ ៤៥ម៉ឺនTEUs/ឆ្នាំ។
ចំណតផែកុងតឺន័របន្ថែមថ្មីនេះបាននឹងកំពុងជួយបំពេញបន្ថែមនូវមុខងាររបសកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលធ្វើឱ្យសមត្ថភាពផែសរុបកើនឡើងពី៥៥ ម៉ឺន TEUs/ឆ្នាំ ទៅ ១លាន TEUs/ឆ្នាំ និងអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានជម្រៅទឹក១០,៤ម៉ែត្រ ចូលចតបានដែលតាមការព្យាករណ៍ គឺកើនឡើងពី ១៨ភាគ រយ ទៅប្រមាណ ៣៨ភាគរយ នៃនាវាដែលធ្វើនាវាចរក្នុងពិភពលោក ដោយឡែកសម្រាប់នាវាដែលមានផ្លូវរត់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក កើនឡើងរហូតដល់ ៤៩,២៥ភាគរយ។
គម្រោងអភិវឌ្ឍចំណតផែកុងតឺន័របន្ថែមនេះ បានអនុវត្តការសាងសង់ដោយក្រុមហ៊ុន ជប៉ុន តូអា ខបផើរេសិន (TOA Corporation) និងត្រួតពិនិត្យបច្ចេកទេស ដោយ សម្ព័ន្ធក្រុមហ៊ុន នីបផន ខូអេ និងក្រុមហ៊ុន Oriental Consultants Global ប្រើប្រាស់រយៈពេលសាងសង់ចំនួន១៧ខែ និងបានបញ្ចប់ការសាងសង់ជាស្ថាពរ នៅក្នុងអំឡុងខែសីហា ឆ្នាំ២០២៤ ដោយបានចំណាយ ថវិកាសរុប ប្រមាណ ៣៧,៥លានដុល្លារអាម៉េរិក ក្នុងនោះថវិកាឥណទានសម្បទានពីរដ្ឋាភិបាល នៃប្រទេសជប៉ុនប្រមាណ ១០លានដុល្លារអាម៉េរិក, ថវិការបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រមាណ ២៧,៥លានដុល្លារអាម៉េរិក រួមទាំងថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយពន្ធអាករផ្សេងៗ៕