(ភ្នំពេញ)៖ នាឱកាសពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ចំណតផែកុងតឺន័រប្រវែង ២៥៣ម៉ែត្រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់ទស្សនៈ និងអនុសាសន៍៣ចំណុចសំខាន់ៗ ដល់គ្រប់សមត្ថកិច្ចស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដើម្បីបន្តបង្កើនសមត្ថភាពនិងកិច្ចសហការល្អឈរលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» និងរួមចំណែកដល់ការធ្វើទំនើបកម្មកំពង់ផែកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា យ៉ាងដូច្នេះថា ជាមួយនឹងការសម្រេចបាននូវសមិទ្ធផលជាច្រើននៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ខ្ញុំសូមយកឱកាសនេះផ្ដល់នូវទស្សនៈ និងអនុសាសន៍មួយចំនួនដូចខាងក្រោម៖
ទី១៖ ខ្ញុំសូមធ្វើការផ្តាំផ្ញើ និងលើកទឹកចិត្តដល់ ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងបងប្អូន មន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិតនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុទាំងអស់ សូមបន្តខិតខំបំពេញការងារឱ្យកាន់តែល្អប្រសើរ និងខ្លាំងក្លាថែមទៀត ព្រមទាំងបន្តអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីរួមចំណែកដល់ការធ្វើទំនើបកម្មកំពង់ផែកម្ពុជា ជាកំពង់ផែតំបន់ប្រកបដោយ ភាពប្រកួតប្រជែង។
ទី២៖ ខ្ញុំសូមណែនាំចំពោះ គ្រប់សមត្ថកិច្ចស្ថាប័ន និងអង្គភាពពាក់ព័ន្ធ សូមបន្ត បង្កើនកិច្ចសហការល្អឈរលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដោយត្រូវបំពេញមុខងារ និងភារកិច្ចក្នុងកិច្ចសហការ និងការសម្របសម្រួលប្រកបដោយភាពរស់រវើក, សហថាមពល និងបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីជំរុញចលនការនៃការអភិវឌ្ឍកំពង់ផែកម្ពុជា ជាកំពង់ផែ តំបន់ប្រកបដោយភាពប្រកួតប្រជែងខ្ពស់។
ទី៣៖ ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលខេត្តព្រះសីហនុ និងគ្រប់អង្គភាពពាក់ព័ន្ធ ត្រូវខិតខំបំពេញភារកិច្ចរៀងៗខ្លួនឱ្យកាន់តែល្អប្រសើរ, ជាពិសេសការថែទាំសមិទ្ធផលថ្មីនេះ គឺ «ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»។
សូមជម្រាបថា ក្នុងអាណត្តិចុងក្រោយនៃការងារជានាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានអញ្ជើញបើកការដ្ឋានសាងសង់សមិទ្ធផលជាច្រើន ហើយសមិទ្ធផលទាំងនោះបានសាងសង់រួចរាល់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់នៅក្នុងអាណត្តិថ្មី ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៕