(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការពង្រីកសមត្ថភាពផែ តភ្ជាប់ជាមួយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន គឺជាជួយប្រព័ន្ធភស្តុភាកម្មរបស់កម្ពុជាកាន់តែប្រសើរ។ សម្តេចធិបតី បានថ្លែងបន្តថា ជប៉ុននឹងជួយប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយជាមជ្ឈមណ្ឌលភស្តុភាកម្មរបស់កម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធចំណតផែកុងតឺន័រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ តម្លៃជិត ៤០លានដុល្លារ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «អីចឹងថ្ងៃនេះ ទេវតាក៏អបអរសាទរ ក្នុងការរៀបចំពិធីបើកសម្ពោធការប្រើប្រាស់បំពេញបន្ថែមនៅទីនេះ ដែលជាសមិទ្ធផលបន្ថែមនៃវិស័យភស្តុភារកម្ម ដឹកជញ្ជូនរបស់យើង»។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការពង្រីកសមត្ថភាពកំពុងផែស្វយ័តក្រុងព្រះសីហនុ គឺជាការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់កម្ពុជា។
សូមជម្រាបថា ចំណតផែកុងតឺន័រដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានរដ្ឋសភាកម្ពុជានាពេលបច្ចុប្បន្ន។
ចំណតផែកុងតឺន័របន្ថែមនេះ ត្រូវបានសាងសង់ និងស្តារជម្រៅទឹកដល់ ១១,៥ម៉ែត្រ និងការបំពាក់មធ្យោបាយលើកដាក់កុងតឺន័រទំនើប រួមមាន គ្រឿងចក្រលើកដាក់កុងតឺន័រនៅគែមផែ ប្រភេទ QGC ចំនួន ២គ្រឿង, និងគ្រឿងចក្រលើកដាក់កុងតឺន័រនៅទីលាន ប្រភេទ RTG ចំនួន ៦គ្រឿង រួមទាំងការបំពាក់សម្ភារបរិក្ខារសំខាន់ៗផ្សេងទៀត ដែលនឹងជួយបង្កើនសមត្ថភាពចំណតផែកុងតឺន័របន្ថែមនេះ បានប្រមាណ ៤៥ម៉ឺនTEUs/ឆ្នាំ។
ចំណតផែកុងតឺន័របន្ថែមថ្មីនេះ បាននិងកំពុងជួយបំពេញបន្ថែមនូវមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលធ្វើឱ្យសមត្ថភាពផែសរុបកើនឡើងពី៥៥ម៉ឺនTEUs/ឆ្នាំ ទៅ ១លាន TEUs/ឆ្នាំ និងអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានជម្រៅទឹក ១០,៤ម៉ែត្រ ចូលចតបាន ដែលតាមការព្យាករណ៍ គឺកើនឡើងពី ១៨ភាគរយ ទៅប្រមាណ ៣៨ភាគរយ នៃនាវាដែលធ្វើនាវាចរក្នុងពិភពលោក ដោយឡែកសម្រាប់នាវាដែលមានផ្លូវរត់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក កើនឡើងរហូតដល់ ៤៩,២៥ភាគរយ។
គម្រោងអភិវឌ្ឍចំណតផែកុងតឺន័របន្ថែមនេះ បានអនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុន តូអា ខបផើរេសិន (TOA Corporation) និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន នីបផន ខូអេ និងក្រុមហ៊ុន Oriental Consultants Global ប្រើប្រាស់រយៈពេលសាងសង់ចំនួន១៧ខែ និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងអំឡុងខែសីហា ឆ្នាំ២០២៤ ដោយបានចំណាយ ថវិកាសរុបប្រមាណ ៣៧,៥លានដុល្លារអាម៉េរិក ក្នុងនោះ ថវិកាឥណទានសម្បទានពីរដ្ឋាភិបាល នៃប្រទេសជប៉ុនប្រមាណ ១០លានដុល្លារអាម៉េរិក, ថវិការបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រមាណ ២៧,៥លានដុល្លារអាម៉េរិក រួមទាំងថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាលសម្រាប់ ការដោះស្រាយពន្ធអាករផ្សេងៗ៕