(ភ្នំពេញ)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីពង្រឹងគុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងារ។ កិច្ចប្រជុំនេះមានការចូលរួមពីទេសរដ្ឋមន្រ្តី ឆែម គាតរិទ្ធី, រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងមន្រ្តីរាជការ ចាប់ពីថ្នាក់ប្រធាននាយកដ្ឋានឡើង។
កិច្ចប្រជុំនេះមានគោលបំណងត្រួតពិនិត្យសមិទ្ធផលការងារសំខាន់ៗរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីក្នុងរយៈពេល១ឆ្នាំ និងរបាយការណ៍សមិទ្ធផលការងាររបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ៦ខែ ដើមឆ្នាំ២០២៤ និងទិសដៅការងារបន្ត,ការវិភាគមុខងារ និងការរៀបចំរចនាសម្ព័ន្ធ ស្របតាមអនុក្រឹត្យស្តីពីការរៀប ចំនិងការប្រព្រឹត្តទៅរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី (ថ្មី) និងដើម្បីបន្តផ្តល់នូវដំណោះស្រាយដ៏សមស្រប ចំពោះសំណូមពររបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្នុងការបំពេញការងារ ព្រមទាំងដើម្បីតម្រង់ទិសអាទិភាព ការងារ សំដៅពង្រឹង និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងាររបស់ទីស្តីការគណៈ រដ្ឋមន្រ្តី ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងនាមជាសេនាធិការរបស់នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តី។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារបានល្អប្រសើរ ប្រកបដោយសាមគ្គីភាពផ្ទៃក្នុងរឹងមាំ សុខដុមរមនា និងសហថាមពល ក្នុងការបម្រើការងារជូននាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ។ ពិតណាស់ ទោះបីស្តង់ដាគុណភាពការងារនៅមិនទាន់ដល់កម្រិតដែលចង់បានក្តី ប៉ុន្តែជារួម គឺបាននិងកំពុងស្ថិតក្នុងចលនការនៃការបំពេញ ការងារឆ្ពោះទៅរកគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផលខ្ពស់ និងនិរន្តរភាពការងារ ស្របតាមស្មារតីកំណែទម្រង់ ដើម្បីប្រសិទ្ធភាព ការងាររបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកប ដោយថាមពល គតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
លោកបានបន្តថា ទីស្តីការគណៈរដ្ឋមន្រ្តី បាននិងកំពុងអនុវត្តនូវប្រព័ន្ធលើកទឹកចិត្តផ្ទៃក្នុង ដោយផ្អែកលើរបាយការណ៍ព័ត៌មានសមិទ្ធកម្ម(Performance Informed Report) ទាំងសមិទ្ធកម្មការងារ និងវិន័យក្នុងការបំពេញការងារ ព្រមទាំងបន្តជំរុញការកែលម្អបរិយាកាសការងារ និងឆ្លើយតបតម្រូវការរបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ ក្នុងស្មារតី៖ អាចទៅមុខទាំងអស់គ្នា ហើយអាចរស់បានទាំងអស់គ្នា។ ទន្ទឹមនេះ ក៏នឹងមានការផ្តល់ការលើកទឹកចិត្តចំពោះថ្នាក់ដឹកនាំ និងមន្រ្តី ដែលមានស្នាដៃក្នុងការបំពេញការងារពិសេស ដែលមានចរិតយុទ្ធសាស្រ្ត និងបន្ទាន់។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្តល់ការណែនាំផងដែរ ពាក់ព័ន្ធនឹងការរៀបចំរចនាសម្ព័ន្ធថ្នាក់ការិយាល័យ ដោយផ្សារភ្ជាប់ជាមួយនឹងការវិភាគមុខងារ ស្របតាមអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី (ថ្មី) និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសង្កត់ធ្ងន់ថា កិច្ចការនេះក៏ជាកិច្ចការបន្ទាន់ដែលមានចរិតយុទ្ធសាស្ត្រ និងមានភាពពាក់ព័ន្ធទៅនឹងប្រសិទ្ធភាពគុណភាព និងសមិទ្ធកម្មការងាររបស់ទីស្តីការ គណៈរដ្ឋមន្ត្រី ក៏ដូចជារាជរដ្ឋាភិបាល ទាំងមូល ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ ដើម្បីឱ្យចេញជាលទ្ធផលការងារ និងជាកម្លាំងការងាររួម។ ឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានលើកឡើងផងដែរ អំពីកន្សោមមុខងារទាំងបីរបស់ទីស្តីការ គណៈរដ្ឋមន្រ្តី គឺមុខងារស្នូល មុខងារសម្របសម្រួល និងមុខងារគាំទ្រ ដែលទាំងអស់នេះ គឺជាធាតុចូលបន្ថែមជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងបានគូសរំលេចអំពីអភិក្រមការងារសំខាន់ៗក្នុងការអនុវត្តកិច្ចការនេះ ដោយធ្វើយ៉ាងណាប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យអស់លទ្ធភាព ស្របតាមការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងកិច្ចប្រជុំនេះដែរ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សីវិស្សុត ក៏បានផ្តល់ការណែនាំមួយចំនួនបន្ថែមលើទិសដៅការងារដែលត្រូវអនុវត្តបន្ត ជូនដល់ថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី និងមន្រ្តីរាជការនៃទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីពង្រឹងនិងលើកកម្ពស់គុណភាព ប្រសិទ្ធភាពនិងសមិទ្ធកម្មការងារឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដូចជា៖
ទី១. ការពង្រឹងគុណភាព និងប្រសិទ្ធភាពក្នុងការផ្តល់កិច្ចគាំទ្រដល់កិច្ចដំណើរការរបស់គណៈរដ្ឋមន្រ្តី និងការរៀបចំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ព្រមទាំងការសម្របសម្រួល និងដោះស្រាយកិច្ចការដែលមានលក្ខណៈអន្តរវិស័យឬអន្តរក្រសួង
ទី២. ការបង្កើនគុណភាព និងប្រសិទ្ធភាពនៃការពិនិត្យនិងផ្តល់យោបល់លើសំណើនិងឯកសាររបស់ក្រសួង ស្ថាប័ន និងលិខិតបទដ្ឋានគតិយុត្ត ជូននាយករដ្ឋមន្ត្រី និងអង្គគណៈរដ្ឋមន្ត្រី ដោយផ្អែកលើទិដ្ឋភាពច្បាប់ សេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន រួមទាំងការធ្វើរបាយការណ៍វាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA)និងការប្រឡាក់ក្រឡាគ្នាក្នុងការផ្តល់យោបល់រវាងអគ្គនាយកដ្ឋានជំនាញ ក្រុម ប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងអគ្គលេខាធិការនៃគណៈកម្មាធិការត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១
ទី៣. ការសិក្សាកែលម្អប្រព័ន្ធនៃលំហូរការងារ ដើម្បីកាត់បន្ថយលំហូរនីតិវិធីនៃការឆ្លងលិខិតបទដ្ឋានគតិយុត្ត និងការឆ្លងលិខិតូបករណ៍អន្តរជាតិតាមនីតិវិធីរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ឱ្យកាន់តែខ្លី និងឆាប់រហ័សជាងមុន
ទី៤. ការជំរុញបរិវត្តកម្មឌីជីថល ក្នុងការអនុវត្តមុខងារស្នូលមួយចំនួនរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ដូចជា ការងារបណ្ណសារ និងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី និងកិច្ចប្រជុំអន្តរក្រសួង ព្រមទាំងប្រព័ន្ធលំហូរឯកសារជាដើម
និងទី៥. ការងារកសាង និងអភិវឌ្ឍសមត្ថភាពស្ថាប័ន និងថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានផ្ញាំផ្ញើ និងលើកទឹកចិត្ដដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្រ្តី បន្តខិតខំបំពេញការងារឱ្យបានល្អប្រសើរ ប្រកបដោយសាមគ្គីភាពផ្ទៃក្នុងរឹងមាំ និងសហថាមពលជាបន្តទៀត ដើម្បីផ្តល់ការគាំទ្រដល់បេសកកម្មដ៏ឧត្តុង្គឧត្តម និងជាប្រវត្តិសាស្រ្តរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យសម្រេចបានជោគជ័យ៕