(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ដោយមានការនិមន្តចូលរួមពីព្រះបរិត្តកោសល្យណិប អ៊ាន ព្រះអនុគណស្រុកព្រមទាំងព្រះមន្ត្រីសង្ឃសាលាអនុគណស្រុកស្ទោង បានអញ្ជើញ និងនិមន្តសួរសុខទុក្ខ ម្ចាស់ផ្ទះដែលត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុងកាលពីរាត្រីទៀបភ្លឺថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ នៅភូមិសំប៉ាន ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។
លោកសូមចូលរួមរំលែកទុក្ខ និងសោកស្ដាយជាមួយម្ចាស់ផ្ទះដែលបាត់បង់នូវផ្ទះ និងទ្រព្យសម្បត្តិជាទីស្រឡាញ់តែមួយប៉ប្រិចភ្នែក។
លោកបានអំពាវនាវប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមមានការប្រុងប្រយ័ត្នពីបញ្ហាអគ្គិភ័យជាតិហេតុជាពិសេស ត្រូវបិទបារ៉ែត ឬផ្ដាច់ចរន្តអគ្គិសនីនៅពេលដែលម្ចាស់ផ្ទះមិននៅ ហើយត្រូវតភ្ជាប់ប្រព័ន្ធអគ្គិសនីនៅតាមផ្ទះរបស់ខ្លួន តាមបទដ្ឋានបច្ចេកទេសជាមួយនឹងជាងដែលមានជំនាញពិតប្រាកដដើម្បីធានានូវសុវត្ថិភាពខ្ពស់។
លោកបានថ្លែងអំណរព្រះគុណ និងអរគុណជាអនេកដល់ព្រះមន្ត្រីសង្ឃស្រុកស្ទោង ក៏ដូចជាសប្បុរសជន និងញាតិមិត្តជិតឆ្ងាយដែលបាននិមន្ត និងអញ្ជើញចូលរួមរំលែកការសោកស្ដាយហើយបានឧបត្ថម្ភនូវសម្ភារថវិកា ចូលរួមសោកស្តាយម្ចាស់ផ្ទះនៅក្នុងឱកាសនេះ។
លើសពីនេះលោក សាយ គឹមឡម បានណែនាំអធិការនគរបាលស្រុកស្ទោង ត្រូវជួយសម្របសម្រួលធ្វើឯកសារអត្តសញ្ញាណបណ្ណ និងអត្រានុកូលដ្ឋានជូនម្ចាស់ផ្ទះឡើងវិញឲ្យបានដល់ផ្ទះ និងឆាប់បំផុតដើម្បីបានប្រើប្រាស់តាមស្ថានភាពជាក់ស្ដែង។
លោកអភិបាលស្រុកស្ទោងនិងព្រះមន្ត្រីសង្ឃ ព្រមទាំងសប្បុរសជនជិតឆ្ងាយបាន ឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ សម្លៀកបំពាក់ព្រមទាំងថវិកាចំនួន ១,៥៤២,០០០រៀផងដែរ។ គួរបញ្ជាក់ថា ម្ចាស់ផ្ទះឈ្មោះ ភិន ថុល អាយុ៦០ឆ្នាំ ផ្ទះទំហំ៧មx១១,៥ម ធ្វេីអំពីឈេីប្រក់ក្បឿង ដែលបណ្តាលមកពីឆ្លងចរន្តអគ្គីសនី៕