(សាធារណរដ្ឋកូរ៉េ)៖ ឆ្លងកាត់បទពិសោធន៍វេទនាជូរចត់ក្នុងសង្គ្រាមចាប់ពីឆ្នាំ១៩៧០ដល់ចុងឆ្នាំ១៩៩៨ ព្រមទាំងបទពិសោធន៍ឆ្លងកាត់និងកាន់ចង្កូតប្រទេសជាតិក្នុងរបត់ប្រវត្តិសាស្ត្ររាប់មិនអស់នោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចែករំលែកនូវទស្សនវិជ្ជាមួយឃ្លាថា «សង្គ្រាមងាយឆេះលឿន ប៉ុន្តែការបញ្ឈប់សង្គ្រាម និងការកសាងសន្តិភាព ត្រូវការពេលវេលាយូរណាស់» ដើម្បីផ្ដល់ជាពុទ្ធិជូនប្រជាជាតិនៅលើពិភពលោកឱ្យកាន់តែយល់ពីមហន្តរាយកើតចេញពីសង្គ្រាម និងគុណតម្លៃមិនអាចកាត់ថ្លៃបាននៃសុខសន្តិភាព។
ការចែករំលែកទស្សនវិជ្ជាដ៏មានសារសំខាន់ខាងលើនេះ នាឱកាសសម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យ ជុងហ្គុក វ៉ាយស៍ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ទីក្រុងឃ្យូងយូ ខេត្តឃ្យុងសាំងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ។
នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សង្គ្រាមអាចឆេះបានយ៉ាងលឿន ហើយងាយ ប៉ុន្តែការបញ្ឈប់សង្គ្រាម និងការកសាងសន្តិភាព ត្រូវការពេលវេលាយូរណាស់»។ ជាក់ស្តែង ចាប់តាំងពីប្រទេសកម្ពុជាធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម ដោយសាររដ្ឋប្រហារទម្លាក់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ នៅឆ្នាំ១៩៧០នោះមក ប្រទេសកម្ពុជាត្រូវការពេលវេលាជិត៣០ឆ្នាំ ទម្រាំអាចកសាងបាននូវសន្តិភាពពិតប្រាកដ ជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់នៃនយោបាយឈ្នះ-ឈ្នះនៅចុងឆ្នាំ១៩៩៨។
សម្តេចតេជោបានរំលឹកថា ក្នុងចំណោមប្រទេសដែលទទួលបានការអន្តរាគមន៍ពីកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដូចកម្ពុជា នៅអំឡុងទសវត្សឆ្នាំ១៩៩០ ប្រទេសជាច្រើនកំពុងតែនៅវិលវល់នៅក្នុងភ្លើងសង្គ្រាមនៅឡើយទេ។ នេះគឺជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ថា កម្ពុជាមានភាពម្ចាស់ការខ្ពស់លើសុខសន្តិភាពរបស់ខ្លួន។ ខ្លួនសម្ដេចតេជោផ្ទាល់ គឺជាអ្នកពុះពារស្វែងរកការជួបចរចាសន្តិភាពដំបូងក្នុងឆ្នាំ១៩៨៧ ជាមួយព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ដែលជាចំណុចចាប់ផ្តើមជំរុញឱ្យមានការចរចាជាមួយភាគីខ្មែរដទៃទៀត ទម្រាំសម្រេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ពេលខ្លះ ការចរចាមានភាពតានតឹង ហើយសម្តេចតេជោត្រឡប់មកវិញដោយដៃទទេ ប៉ុន្តែសន្តិភាពសម្រាប់ប្រជាជនខ្មែរទាំងមូល គឺជាកម្លាំងចិត្តរុញឱ្យសម្តេចតេជោខិតខំចរចា ព្រោះសម្តេចតេជោដឹងថា មិនអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាមបានទេ។ ទស្សនវិជ្ជានេះ សម្តេចតេជោក៏បានយកមកប្រើដូចគ្នាក្នុងការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដើម្បីជំរុញការបង្រួបបង្រួមជាតិ និងការធ្វើសមាហរណកម្មកម្លាំងខ្មែរក្រហមទៅក្នុងកងយោធពលខេមរភូមិន្ទ។
ជាមួយនឹងបទពិសោធន៍ឆ្លងកាត់ និងកាន់ចង្កូតប្រទេសជាតិនៅក្នុងរបត់នៃប្រវត្តិសាស្ត្ររាប់មិនអស់ សម្តេចតេជោអាចចែករំលែកគំនិតជាមូលដ្ឋានមួយថា «ភាពជាអ្នកដឹកនាំ គឺការហ៊ានសម្រេចចិត្តក្នុងស្ថានភាពស្រពិចស្រពិល មានគ្រោះថ្នាក់ និងហានិភ័យខ្ពស់ ទោះបីជាមិនមានការគាំទ្រ និងមធ្យោបាយពេញលេញយ៉ាងណាក្តី»។ ប៉ុន្តែការសម្រេចចិត្តក៏ត្រូវមានត្រីវិស័យ និងគោលការណ៍កំណត់ច្បាស់លាស់ ហើយសម្រាប់សម្តេចតេជោ ហ៊ុន សែន គោលការណ៍ដែលសំខាន់បំផុតនោះ គឺផលប្រយោជន៍ជាតិ និងភាពសុខសាន្តរបស់ប្រជាជាតិខ្មែរទាំងមូល។ ការសម្រេចចិត្តរបស់សម្តេចតេជោ គឺតែងតែឈរលើគោលការណ៍បង្កើតសន្តិភាព និងការពារសន្តិភាព ឯករាជ្យ បូរណភាពទឹកដី និងការអភិវឌ្ឍ មិនមែនដើម្បីបង្កើតសង្គ្រាម ការបែកបាក់ និងចលាចលសង្គមនោះទេ។ ដូច្នេះនយោបាយដែលផ្តល់គុណតម្លៃដល់សន្តិភាព គឺជាចន្ទល់បង្អែកនិងខែលការពារដ៏រឹងមាំបំផុតដែលជួយការពារធម្មានុរូប និងសុចរិតភាពនៃភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ ក៏ដូចជាសង្គមជាតិទាំងមូលនៅលើមាគ៌ាដ៏សែនលំបាកនៃការកសាង និងអភិវឌ្ឍជាតិ។
ក្នុងស្មារតីដូចគ្នានេះ ទស្សនវិស័យរបស់កម្ពុជាចំពោះសន្តិភាពក្នុងតំបន់ និងពិភពលោក គឺស្ថិតនៅលើការខិតខំរក្សាសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើវិធានច្បាប់ និងការជំរុញកិច្ចសហប្រតិបត្តិការដែលផ្អែកលើគោលការណ៍ពហុភាគីនិយម បូករួមទាំងគោលការណ៍នៃការគោរព ការជឿទុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ការផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីធានាបាននូវសាមគ្គីភាពអន្តរជាតិ ភាពសុខដុម និងសន្តិសហវិជ្ជមានរវាងប្រជាជាតិ។ ពិភពលោករស់នៅក្នុងស្ថានភាពដែលពឹងផ្អែកគ្នាទៅវិញទៅមក ដូច្នេះហើយសន្តិភាពនិងសន្តិសុខរបស់ប្រទេសនីមួយៗ និងអាយុជីវិតរបស់ប្រជាជាតិនីមួយៗ គួរតែមានតម្លៃដូចគ្នា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទាំងនេះគឺជាកាតព្វកិច្ចរបស់អ្នកដឹកនាំគ្រប់រូបនៅលើពិភពលោកក្នុងការកសាងសន្តិភាព និងវិបុលភាព ប្រកបដោយបរិយាបន្នសម្រាប់មនុស្សជាតិទាំងមូល។ នៅពេលដែលយើងបានគិតគូរដល់គុណប្រយោជន៍ជារួមនៃសន្តិភាព ដោយគ្មានការរើសអើង, យើងនឹងអាចស្វែងរកចំណុចរួម និងចំណុចចាប់ផ្តើមក្នុងការចូលទៅកាន់តុចរចា ដើម្បីបង្រួមការខ្វែងគំនិតគ្នា បន្ធូរបន្ថយភាពតានតឹង និងការដោះស្រាយជម្លោះដោយសន្តិវិធី។
សម្តេចតេជោប្រធានព្រឹទ្ធសភាបានបញ្ជាក់ទៀតថា សន្តិភាពគឺងាយនឹងបាត់បង់ ដូច្នេះទន្ទឹមគ្នានឹងការខិតខំកសាងសន្តិភាព យើងទាំងអស់គ្នាក៏ចាំបាច់ត្រូវមានកាតព្វកិច្ច ការពារសន្តិភាពដែលមានស្រាប់ផងដែរ ដោយត្រូវដាក់ចិត្តដាក់កាយរំលឹកនឹកដល់អ្នកជំនាន់មុនដែលបានឆ្លងកាត់សង្គ្រាម និងរំលឹកខ្លួនឯងជានិច្ចជាកាល ប្រៀបធៀបជាមួយនឹងប្រជាជន និងប្រទេសនានា ដែលពុំទាន់បានស្គាល់អ្វីដែលហៅថាសន្តិភាពនោះ៕