(ភ្នំពេញ)៖ នៅថ្ងៃទី១៥-១៦ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ និងព្រះមេធានុរក្ខ័ គូ សុភាព ឧត្តមទីប្រឹក្សាពុទ្ធិកសមាគមកម្ពុជរដ្ឋ នឹងនិមន្តចូលរួមជាវាគ្មិន ក្នុងកម្មវិធី វេទិកាយុវជនសន្តិភាពផ្លូវចិត្ត ដែលរៀបចំដោយសមាគមវត្តខ្មែរគូមី នៅសាធារណរដ្ឋកូរ៉េខាងត្បូង។
ព្រះបញ្ញាសត្ថាចារ្យ ពៅ សុភក្រ្ក័ ព្រះប្រធាន សមាគមវត្តខ្មែរគូមី កូរ៉េខាងត្បូង បានឲ្យដឹងថា សមាគមវត្តខ្មែរគូមី នៅសាធារណរដ្ឋកូរ៉េខាងត្បូង បានរៀបចំកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីកសាងវត្តខ្មែរមួយនៅទីក្រុងគូមី សម្រាប់ឲ្យបងប្អូន កូនចៅយើងដែលរស់នៅ និងសិក្សារៀនសូត្រ ក៏ដូចជាបម្រើការងារនៅទីនោះ បានចូលទៅបំពេញបុណ្យកុសល តាមប្រពៃណីជាតិ សាសនាខ្មែរយើង។ ម្យ៉ាងវិញទៀត វត្តនេះនឹងបានជាទីកន្លែងសម្រាប់ជួយជ្រោមជ្រែង ផ្តល់សេវាជួយដល់ បងប្អូនពលករ ពលការិនី និងស្រ្តីរៀបការស្វាមីកូរ៉េ ដែលមានបញ្ហាប្រឈមផ្សេងៗផងដែរ។
បច្ចុប្បន្ន សមាគមវត្តខ្មែរគូមី បានជាវដីទំហំ ជាង ៧០០ម៉ែត្រការ៉េ រួចហើយ ដើម្បីរៀបចំកសាងវត្តខ្មែរយើងជាផ្លូវការ ដោយទទួលបានថវិកាចូលរួមវិភាគទានពីបងប្អូនខ្មែរ នៅសាធារណរដ្ឋកូរ៉េខាងត្បូង និងសប្បុរសជននានា។
ក្នុងឱកាសនោះដែរ សមាគមវត្តខ្មែរគូមី នៅសាធារណរដ្ឋកូរ៉េខាងត្បូង ក៏បានស្នើសុំនិមន្ត ព្រះសិរីកោសល សុំ សុខា និងព្រះមេធានុរក្ខ័ គូ សុភាព ដើម្បីចូលរួមជាវាគ្មិន សម្រាប់ពន្យល់បកស្រាយបញ្ហារផ្សេងៗ តាមបែបព្រះពុទ្ធសាសនា ដល់អ្នកចូលរួមក្នុងកម្មវិធី វេទិកាយុវជនសន្តិភាពផ្លូវចិត្ត។ កម្មវិធីនេះ នឹងប្រារព្ធធ្វើឡើង នៅថ្ងៃទី១៥ និង១៦ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីឲ្យយុវជន យុវនារីខ្មែរយើងដែលរស់នៅប្រទេសកូរ៉េខាងត្បូង បានចូលរួមស្តាប់ និងសាកសួរបញ្ហាកម្មផ្សេងៗ ក្នុងជីវិតរស់នៅប្រចាំថ្ងៃប្រកបដោយការទទួលខុសត្រូវ និងមានគុណធម៌ល្អ។
ក្នុងវេទិកានោះដែ ក៏មានវត្តមាន លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង ព្រមទាំសហការីទូតផងដែរ៕