(ភ្នំពេញ)៖ ស្របពេលដែលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីរបស់ខ្មែរយើង ជិតឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ ផ្នែកពុទ្ធចក្រ និងអាណាចក្រ បានបើកកិច្ចប្រជុំរួមគ្នា ដើម្បីពង្រឹងការងាររៀបចំសណ្ដាប់ធ្នាប់ សម្អាតបរិស្ថាន អនាម័យ និងការពារសន្តិសុខ ជូនពុទ្ធបរិស័ទប្រជាពលរដ្ឋ ដែលអញ្ជើញមកធ្វើបុណ្យ នៅតាមទីវត្តអារាម ទាំង២៤ នៅក្នុងខណ្ឌច្បារអំពៅ។
កិច្ចប្រជុំការងារព្រះពុទ្ធសាសនា និងបញ្ហាប្រឈមតាមបណ្តាវត្តរបស់សាលាអនុគណខណ្ឌច្បារអំពៅនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពព្រះសិរីសម្មតិវង្ស ទេព ផាន និងលោក ឆាត សុឆេត រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា, លោក ចេង មុនីរ៉ា អភិបាលខណ្ឌនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ និងមានការនិមន្តចូលរួម ពីព្រះសង្ឃជាច្រើនអង្គ និមន្តមកពីវត្តទាំងអស់ នៅក្នុងខណ្ឌច្បារអំពៅ។
នៅក្នុងកិច្ចប្រជុំរួមរវាង ផ្នែកពុទ្ធចក្រ និងអាណាចក្រនេះដែរ លោក ចេង មុនីរ៉ា បានថ្លែងនៅក្នុងអង្គប្រជុំថា ចាប់ពីថ្ងៃនេះ ទៅកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ និងសង្កាត់ រួមគ្នាចុះរៀបចំសណ្ដាប់ធ្នាប់ បរិស្ថានអនាម័យ នៅតាមទីវត្តអារាម ឲ្យបានស្អាត និងមានសណ្ដាប់ធ្នាប់ល្អ ដើម្បីត្រៀមទទួលពុទ្ធបរិស័ទ និងប្រជាពលរដ្ឋមកធ្វើបុណ្យ ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ ដូច្នេះក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌ ត្រូវចូលរួមកិច្ចការងារនេះ ឲ្យបានល្អ ដើម្បីរួមចំណែកក្នុងការរៀបចំ ទីវត្តអារាមអោយមានសោភ័ណ្ឌភាព។
ដោយឡែកចំពោះបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅតាមទីវត្តអារាម ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរៀបចំចាត់ចែងរួចជាស្រេច សម្រាប់ការពារសន្តិសុខសុវត្ថិភាព ជូនពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ ដែលលោកបាន មកធ្វើបុណ្យនៅទីវត្តអារាម ដើម្បីផ្តល់ភាពកក់ក្តៅ ដល់ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ បានមកធ្វើបុណ្យ ប្រកបដោយទឹកចិត្តសប្បាយរីករាយ ទទួលផលបុណ្យតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ។
បន្ទាប់ពីស្ដាប់ការលើកឡើង របស់លោកអភិបាលខណ្ឌ ដែលជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ស្ដីពីផែនការ ចុះរៀបចំសណ្ដាប់ធ្នាប់ សម្អាតបរិស្ថាន អនាម័យ និងការពារសន្ដិសុខ ជូនពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ នៅតាមទីអារាមទាំង២៤វត្ត ក្នុងខណ្ឌច្បារអំពៅរួចមក ព្រះគ្រូចៅអធិការវត្តទាំងអស់ បានមានព្រះទ័យ និងមានសង្ឃដីកាថ្លែងអំណរគុណ ដល់លោកអភិបាលខណ្ឌ ដែលតែងតែយកចិត្តទុកដាក់ ជារៀងរហូតមក លើការងាររៀបចំសណ្ដាប់ធ្នាប់បរិស្ថាន អនាម័យ និងការពារសន្តិសុខ នៅតាមទីវត្តអារាម មិនថាតែក្នុងពិធីបុណ្យធំៗ ដូចបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ក៏ដូចជាបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ខ្មែរនោះទេ៕