(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោក នីរ៉ាវ៉ាត់ រ៉ាំងស៊ីកាន់ចាណា អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានទូតនៃព្រះរាជាណាចក្រថៃ ប្រចាំប្រទេសកម្ពុជា នៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី បើកសម្ពោធពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week 2024 ក្នុងខេត្តបាត់ដំបង មានក្រុមហ៊ុនចំនួន៤០ និងស្តង់លក់ទំនិញចំនួន៥០ នៅផ្សារ ភួ ពុយ ក្រុងបាត់ដំបង។
ពិធីនេះក៏មានការចូលរួមពីលោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសភាពាណិជ្ជករថៃ ប្រចាំនៅប្រទេសកម្ពុជា លោកស្នងការនគរបាលខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, នាយករដ្ឋបាល, លោកអភិបាល
ក្រុង លោកប្រធានមន្ទីរ លោកប្រធានសាខាគយ និងរដ្ឋាករខេត្ត សាខាពន្ធដារ ខេត្ត, ឧកញ៉ា លោក លោកស្រីបងប្អូន អាជីវករ ពាណិជ្ជករ ជាច្រើននាក់ទៀត។
នាឱកាសនោះលោក សុខ លូ បានសម្ដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោក ឆើតគៀត អាត់ថាកន ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំប្រទេសកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូចូលរួមក្នុងពិធីបើកពិព័រណ៍ ពាណិជ្ជកម្មថៃ Mini Thailand Week 2024” នៅទឹកដីខេត្តបាត់ដំបង ដ៏មានអត្ថន័យនាពេលនេះ និងបានថ្លែងអំណរគុណចំពោះវត្តមានរបស់អ្នកឧកញ៉ា លោក លោកស្រី តំណាងមន្ទីរ ស្ថាប័ន អង្គភាពនានាជុំវិញខេត្ត លោក លោកស្រី តំណាងក្រុមហ៊ុនសហគ្រាស ពាណិជ្ជករ អាជីវករទាំងអស់ដែលបានចូលរួមក្នុងពិព័រណ៍នេះ ញ៉ាំងឱ្យពិធីនេះកាន់តែមានភាពអធិកអធមក្រៃលែង។
លោកអភិបាលខេត្ត បានបន្តថា ស្ថិតក្នុងបរិយាកាសដ៏វិសេសវិសាលនេះ ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង លោកពិតជាមានសុទិដ្ឋិនិយមយ៉ាងក្រៃលែង និងសូមកោតសរសើរចំពោះការរៀបចំឱ្យមានព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជ កម្មថៃ Mini Thailand Week 2024 រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ២០២៤ ដែលរយៈពេលកន្លងមក ស្ថាប័នពាណិជ្ជកម្មខេត្ត បានសហការរៀបចំបើកពិព័រណ៍ពាណិ
ជ្ជកម្មកម្ពុជា-ថៃផងដែរ។
ផ្តើមចេញពីស្ថានភាពសន្តិសុខ សុវត្ថិភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ និងស្ថេរភាពនយោបាយ និងសក្ដានុពលសេដ្ឋកិច្ចតំបន់ និងពិភពលោក រួមទាំងទំនាក់ទំនងការទូតល្អប្រសើជាមួយបណ្តាប្រទេសជាមិត្ត ជិតឆ្ងាយ ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ដោយឡែក សម្រាប់ខេត្តបាត់ដំបងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ បានដើរតួនាទីយ៉ាងសំខាន់ និងក្លាយជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងជាលំដាប់ រួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងអរូបវ័ន្តជាច្រើន ដែលជាវិភាគទានរួមចំណែកយ៉ាងសំខាន់ដល់ភាពរីកចម្រើនថ្កុំថ្កើងរុងរឿងរបស់សង្គមជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជា។ ផ្លូវគមនាគមន៍បានពង្រីកតភ្ជាប់ពីស្រុកមួយទៅស្រុក មួយ ជាពិសេសផ្លូវនៅតាមបណ្តោយព្រំដែន បានបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ និងទំនាក់ទំនងពាណិជ្ជកម្មកាន់តែមានភាពងាយ ស្រួលក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន។
លើសពីនេះលោកបានកោតសរសើដល់ភាគីថៃ បានបង្កលក្ខណ:ដល់ប្រជាពលរដ្ឋខ្មែរ ដែលបានចេញ-ចូលធ្វើការ និងពេលត្រលប់មកលេងស្រុកកំណើតនៅពេលមានពិធីបុណ្យប្រពៃណីជាតិម្តងៗ
ភាគីថៃបានជួយសម្របសម្រួលដល់ពលករខ្មែររហូតមក សបញ្ជាក់ឲ្យឃើញថា បានពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង២បានយ៉ាងល្អផងដែរ។
លោក ឆើតគៀត អាត់ថាកន ឯកអគ្គរាជទូត ព្រះរាជាណាចក្រថៃ ប្រចាំប្រទេសកម្ពុជា បានថ្លែងអំណរគុណដល់អភិបាលខេត្តបាត់ដំបង តែងតែបានសម្របសម្រួលដល់គ្នាទៅវិញទៅមករវាង ពាណិ
ជ្ជករ អាជីវករ នៃប្រទេសយើងទាំង២ ជាអ្នកជិតខាងល្អផងដែរ៕