(ឥណ្ឌូណេស៊ី)៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញពិសាអាហារការងាររៀបចំដោយលោកស្រី Hou Yanqi ឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ាន ដោយភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈជុំវិញការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន និងបានពិភាក្សាអំពីការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំ កំពូលអាស៊ាន-ចិនលើកទី ២៧ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី ២៧ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៩ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសឡាវ នៅខែតុលា ខាងមុខ។
នៅព្រឹកថ្ងៃដដែនេះ លោកស្រី Dagmar González Grau ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋគុយបាប្រចាំអាស៊ាន បានជូនសារតាំងដល់លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។ នាឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន បានអបអរសាទរ លោកស្រី សម្រាប់ការចាប់ផ្តើមភារកិច្ច និងបានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកស្រី និងស្ថានទូតគុយបា ក្នុងទីក្រុងហ្សាការតា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន ជាមួយគុយបា។
លោកបណ្ឌិត កៅ គឹមហួន បានលើកទឹកចិត្តឱ្យគុយបា បន្តស្វែងរកកិច្ចសហការបន្ថែមទៀត ជាមួយអាស៊ាន ក្នុងវិស័យដែលមានប្រយោជន៍ទៅវិញទៅមក រួមទាំងពាណិជ្ជកម្ម និងការវិនិយោគ សុខាភិបាល បច្ចេកវិទ្យាខាងជីវសាស្ត្រ ការគ្រប់គ្រងគ្រោះមហន្តរាយ និងការបម្រែបម្រួលអាកាសធាតុ។ បន្ថែមលើនេះលោកបានស្នើថា គុយបាគួរតែពង្រឹងការចូលរួមរបស់ខ្លួនជាមួយអាស៊ាន តាមរយៈតួនាទីរបស់ខ្លួន នៅក្នុងសហគមន៍នៃប្រទេសនៅអាមេរិកឡាទីន និងការីប៊ីន (CELAC) ជាដើម។ លោកជំទាវ បានគូសបញ្ជាក់ពីការចាប់អារម្មណ៍របស់ប្រទេសគុយបា ក្នុងការពង្រឹងទំនាក់ទំនងដែលមានប្រយោជន៍ ទៅវិញទៅមកជាមួយអាស៊ាន និងបានបង្ហាញពីការត្រៀមខ្លួនរបស់ប្រទេសគាត់ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីស្វែងរកកាលានុវត្តភាព សម្រាប់កិច្ចសហប្រតិបត្តិការ ជាមួយអាស៊ាន និងប្រទេសសមាជិកអាស៊ាន។
កាលពីឆ្នាំ២០២០ ប្រទេសគុយបា បានចូលក្នុងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងអាស៊ីអាគ្នេយ៍ (TAC) ដែលបង្ហាញពីការប្តេជ្ញាចិត្តចំពោះសន្តិភាព និងស្ថិរភាពតំបន់ព្រមទាំងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអាស៊ាន។ គណៈកម្មាធិការអាស៊ានប្រចាំទីក្រុងហាវ៉ាណា ប្រទេសគុយបា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២២ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាស៊ានជាមួយប្រទេសគុយបា នៅក្នុងប្រទេសម្ចាស់ផ្ទះ។
នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន បានទទួលជួបពិភាក្សាការងារជាមួយ លោក Piti Srisangnam នាយកប្រតិបត្តិមូលនិធិអាស៊ាន ដើម្បីពិភាក្សាអំពីកម្មវិធីចុងក្រោយនៃ AI Ready ASEAN របស់មូលនិធិនេះ។ កម្មវិធីនេះសំដៅត្រៀមជួយដល់ពលរដ្ឋអាស៊ាន ជាមួយនឹងជំនាញបញ្ញាសិប្បនិម្មិត ក្នុងការសហការជាមួយក្រុមហ៊ុន Google។
នៅក្នុងឱកាសនោះលោកអគ្គលេខាធិការអាស៊ាន បានស្វាគមន៍គំនិតផ្តួចផ្តើមនេះ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការប្រើប្រាស់សក្តានុពលសេដ្ឋកិច្ចរបស់ AI ដូចដែលបានចែងនៅក្នុង គោលការណ៍ណែនាំអាស៊ាន ស្តីពីអភិបាលកិច្ច និងសិលធម៌របស់ AI ដែលបានអនុម័តដោយកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៤។
នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរវាងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ឯកអគ្គរដ្ឋទូតដែលជាសមាជិក ERIA និងប្រទេសដៃគូសន្ទនា។ នៅក្នុងសន្ទរកថាលោកអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីតួនាទីរបស់ ERIA និងប្រទេសដៃគូក្នុងការគាំទ្រដល់សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ព្រមទាំងក្នុងការដោះស្រាយការប្រឈមនានាផ្នែកតំបន់ តាមរយៈកិច្ចសន្ទនាគោលនយោបាយរួមគ្នា និងអនុសាសន៍ដែលផ្អែកលើភស្តុតាងជាដើម។
នៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញថ្លែងសន្ទរកថា អបអរក្នុងពិធីខួបអនុស្សាវរីយ៍ ៧៥ ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលរៀបចំដោយស្ថានបេសកកម្មចិនប្រចាំអាស៊ាន។
នៅក្នុងឱកាសនោះលោកអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការបន្តធ្វើការជាមួយប្រទេសចិន នៅក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន ដើម្បីពង្រឹងទំនាក់ទំនងបន្ថែមទៀត ព្រមទាំងចូលរួមចំណែកដល់ការជំរុញសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងក្រៅតំបន់ផងដែរ៕