(ភ្នំពេញ)៖ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចែករំលែក នូវបទពិសោធន៍ក្នុងមួយជីវិតតាមរយៈការធ្វើបាឋកថាពិសេសមួយក្រោមមូលបទ៖ «សង្គ្រាមងាយឆេះលឿន ប៉ុន្តែការបញ្ឈប់សង្គ្រាម និងការកសាងសន្តិភាព ត្រូវការពេលវេលាយូរណាស់»។
សម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជននយោបាយដ៏កំពូលរបស់ខ្មែរក្នុងសតវត្សទី២០ និង២១ ដែលបំបាត់សង្គ្រាមស៊ីវិលរយៈពេលជិត៣០ឆ្នាំ តាមរយៈយុទ្ធសាស្ត្រ DIFID នៃនយោបាយឈ្នះ-ឈ្នះ នាំមកនូវសន្តិភាព និងការឯកភាពទឹកដីទាំងស្រុងមិនធ្លាប់កើតមានក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំរបស់កម្ពុជា។
ការចែករំលែកទស្សនវិជ្ជា «សង្គ្រាមងាយឆេះលឿន ប៉ុន្តែការបញ្ឈប់សង្គ្រាម និងការកសាងសន្តិភាព ត្រូវការពេលវេលាយូរណាស់» បានធ្វើឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យ ជុងហ្គុក វ៉ាយស៍ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ទីក្រុងឃ្យូងយូ ខេត្តឃ្យុងសាំងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ។
តាមរយៈការចែករំលែកទស្សនវិជ្ជានេះ សម្តេចតេជោបានលើកឡើងនូវការឆ្លងកាត់បទពិសោធន៍វេទនាជូរចត់ក្នុងសង្គ្រាមចាប់ពីឆ្នាំ១៩៧០ ដល់ចុងឆ្នាំ១៩៩៨ ព្រមទាំងបទពិសោធន៍ឆ្លងកាត់ និងការកាន់ចង្កូតប្រទេសជាតិ ក្នុងការឆ្លងកាត់មហាឧបសគ្គជាច្រើនរាប់មិនអស់៖
«សង្គ្រាម គឺពិតជាងាយបញ្ឆេះ ប៉ុន្តែដើម្បីបញ្ចប់សង្គ្រាមកម្ពុជាត្រូវការរយៈពេលជិត ៣០ឆ្នាំ យើងទើបតែមានសន្តិភាពពេញលេញ ២៦ឆ្នាំប៉ុណ្ណោះ តែជាសន្តិភាពវែងជាងគេនៅក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំរបស់ខ្លួន។
ប៉ុន្តែជាការគួរឱ្យសោកស្តាយ ដែលយើងទួលរងនូវការរិះគន់ថា យើងនិយាយតែពីសន្តិភាព បំភិតបំភ័យពីសង្រ្គាមទៅវិញ។ ហើយយុវជនមួយចំនួនបានភ្លេចនូវតម្លៃសន្តិភាពជាបណ្តើរៗ ហើយខ្លះថែមទៀត គិតចង់ទាមទាការផ្លាស់ប្តូររដ្ឋាភិបាល តាមបែបមិនប្រជាធិបតេយ្យ។ ទោះបីជាត្រូវបង់ខាតសន្តិភាពក៏ដោយ និន្នាការបែបនេះ គឺជានិន្នាកាដ៏គ្រោះថ្នាក់ ដែលកម្ពុជា ដែលសហគមន៍អន្តរជាតិ ត្រូវចូលរួមបង្ការថ្កោលទោស និងទប់ស្កាត់នូវមនោគមវិជ្ជាជ្រុលនិយម។
យើងត្រូវខិតខំអប់រំពលរដ្ឋអំពីគុណតម្លៃនៃសន្តិភាព ពីព្រោះថាបើគ្មានសន្តិភាព យើងមិនអាចនិយាយដោយពិរោះនូវពាក្យសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍនោះទេ។ ខ្ញុំសូមយកឱកាសនេះដើម្បីបញ្ជាក់ជូនបន្តិច មានអ្នកខ្លះនិយាយថាមានសន្តិភាពហើយ ចាំបាច់ប្រឹងប្រែងនិយាយពីសន្តិភាពធ្វើអ្វី?
ខ្ញុំក៏ចង់លើកពីសំណួរត្រលប់ទៅវិញថា ហេតុអ្វីបានជាសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនដែលមានសន្តិភាពរួចហើយប្រឹងប្រែងរៀបចំប្រព័ន្ធអាវុធកាន់តែទំនើបៗទៅដើម្បីអ្វីទៅ? តើដើម្បីការពារសន្តិភាពរបស់ប្រទេសគេមែនទេ? វាច្បាស់ណាស់ ការធ្វើទំនើបកម្មនៃកម្លាំងកងទ័ព ឬ កម្លាំងប្រដាប់អាវុធ ឬក៏ឧបករណ៍ការការពារសន្តិសុខជាតិរបស់គេ គឺដោយសារតែមានអ្នកចង់បំផ្លាញសន្តិភាពនោះឯង, ដូច្នេះវាមិនមែនជារឿងចម្លែកទេ ដែលកម្ពុជាត្រូវនិយាយពីសន្តិភាព ត្រូវនិយាយពីការការពារសន្តិភាព។
បើសិនជាប្រទេសនានាមិននិយាយ មិនគិតគូរអំពីសន្តិភាព តើប្រទេសនោះ ចាំបាច់ក៏សាងកម្លាំងយោធា, ធ្វើទំនើបកម្មនៃកម្លាំងយោធាធ្វើអ្វី? ពិភពលោកកំពុងតែបង្កើននូវកាត់ប្រណាំងសព្វាវុធ បង្កើនការចំណាយោធាកាន់តែធំ ដូច្នេះពួកគេមិនមកបំភ្លៃអំពីរឿងសន្តិភាពរបស់កម្ពុជាទេ។ ក្រុមជ្រុលនិយមលើកឡើងពីរឿងនេះ ហើយខ្ញុំគួរតែត្រូវបាននិយាយនៅទីនេះថា ប្រហែលកម្ពុជាមានការចាំបាច់នូវការរៀបចំនៃច្បាប់ដាក់ក្រុមមនុស្ស ឬ អង្គការចាត់តាំងខ្លះទៅជាក្រុមភេវរកម្មនៅពេលខាងមុខនេះ។ យើងកំពុងតែពិចារណាទៅលើបញ្ហានេះ ព្រោះថាអ្នកប៉ុនប៉ងបំផ្លាញនូវសន្តិភាពរបស់យើង នៅតែមាននៅឡើយ , ដូច្នេះដើម្បីធានាទៅលើបញ្ហានេះ យើងត្រូវគិតគូរឱ្យបានហ្មត់ចត់»។
សុន្ទរកថារបស់សម្តេចរយៈពេល ៤៧នាទី បានរំលឹកតាំងពីការចាប់កំណើតរបស់សម្តេច ក្នុងពេលវេលាមួយដែលកម្ពុជាបានស្ថិតក្រោមនឹមអាណានិគមនិយមបារាំង ដោយសម្តេចបញ្ជាក់នូវការស្គាល់រសជាតិ នៃសង្គ្រាមរវាងទាហានបារាំងជាមួយនឹងក្រុមតស៊ូដែលមានចរិតឧទ្ទាម តាំងពីសម្តេចនៅជាទារក នោះគឺតាំងពីម្តាយនិងឪពុក ត្រូវនាំពួកកូនៗរត់ចូលក្នុងត្រង់សេ នៅពេលមានការប្រយុទ្ធគ្នាម្តងៗ។
តើចំណុចចាប់ផ្តើមនៃការតស៊ូរបស់សម្តេច បានផ្តើមតាំងពីពេលណា?
ក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ទម្លាក់អតីតព្រះប្រមុខរដ្ឋខ្មែរ សម្តេចព្រះ នរោត្តម សីហនុ កម្ពុជាបានធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ជាមួយនឹងការឈ្លានពានពីសំណាក់កងទ័ពអាមេរិក និងវៀតណាមខាងត្បូង៖
«ចំនុចចាប់ផ្តើមរបស់យើង គឺកើតចេញឡើងពីរដ្ឋប្រហារទម្លាក់ព្រះករុណា ព្រះបាទ នរោត្តម សីហនុ នៅឆ្នាំ១៩៩៧០ ហើយពេលនោះ ខ្ញុំ និងយុវជនស្នេហាជាតិរាប់ម៉ឺននាក់ផ្សេងទៀតចូលរួមកម្លាំងតស៊ូក្នុងព្រៃ តាមការអំពាវនាវរបស់ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ»។
សង្គ្រាមជាង ៥ឆ្នាំប្រឆាំងរបប លន់ នល់ ដែលមានការគាំទ្រពីបរទេស ទីបំផុតត្រូវបានផ្តួលរំលំ នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥។ របបដឹកនាំកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ដែលក្បត់ឆន្ទៈរបស់ពលរដ្ឋ និងអ្នកតស៊ូ បានចូលមកកាច់ចង្កូតប្រទេសជំនួសវិញ តាមរយៈការគ្រប់គ្រងនៃមនោគមវិជ្ជាជ្រុលនិយម ដែលចង់ប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសកុម្មុយនីស្តឥតខ្ចោះ។ ក្រុមអ្នកដឹកនាំថ្មី បានកាប់សម្លាប់អ្នកមានទ្រព្យ, សម្លាប់អ្នកចេះដឹង និងបានបំផ្លិចបំផ្លាញ រាល់ហេដ្ឋារចនាសម្ព័ន្ធសង្គម និងសេដ្ឋកិច្ច ឱ្យរាបសូន្យ ហើយត្រឹមតែរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ខ្មែរក្រហមបានសម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់ជាង ៣លាននាក់។
សម្តេចដែលពេលនោះ គឺជាមេបញ្ជាការកងវរសេនាធំម្នាក់ បានសម្រេចចិត្តធ្វើការផ្សងព្រេង ដើម្បីការជួយរំដោះជាតិ។ សម្តេចបានចាកចេញពីប្រទេសនាយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាមួយយុទ្ធមិត្ត ៤នាក់ ធ្វើដំណើរឆ្លងដែនទៅប្រទេសវៀតណាម។
សម្តេចក្នុងពេលបានស្ថិតនៅលើទឹកដីវៀតណាម បានបង្កើតកងកម្លាំងប្រដាប់អាវុធ ដែលមានកងទ័ពប្រមាណជាង ១ម៉ឺននាក់ ដោយមានការជួយពីប្រទេសវៀតណាម និងចុងក្រោយកងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ជាមួយកិច្ចសហការនឹងកងកម្លាំងស្ម័គ្រចិត្តវៀតណាម បានវាយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម នាថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩៖
«ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ យើងត្រូវរែកពន់ ការកសាងប្រទេសឡើងវិញ ពីបាតដៃទទេ ម្ខាងយើងត្រូវការពារការវិលត្រលប់មកវិញនៃរបបខ្មែរក្រហម ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ហើយម្ខាងទៀត យើងត្រូវខិតខំរកស្បៀងអាហារផ្គត់ផ្គង់ដល់ប្រជាជន ដែលកំពុងស្រេកឃ្លាន កសាងស្ថាប័នគ្រប់គ្រងជាតិ និងកសាងសេដ្ឋកិច្ចជាតិឡើងវិញនៅពេលដែលធនធានមនុស្សរបស់យើង ត្រូវបានកាប់សម្លាប់ដល់ឫសគល់»។
ប៉ុន្តែរយៈពេល ១២ឆ្នាំបន្ទាប់ពីមានការរំដោះប្រទេស សហគមន៍អន្តរជាតិមិនទទួលស្គាល់ រដ្ឋាភិបាលកម្ពុជាដែលបានរំដោះជាតិឡើយ។ អាសនៈនៅអង្គការសហប្រជាជាតិ ត្រូវបានគេផ្តល់ឱ្យក្រុមខ្មែរក្រហមកាន់កាប់ និងមិនត្រឹមតែប៉ុណ្ណោះ សហគមន៍អន្តរជាតិថែមទាំងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសកម្ពុជាដែលក្រីក្រ កាន់តែធ្វើឱ្យប្រទេសធ្លាក់ក្នុងសភាពត្រដាបត្រដួសថែមទៀត។ ប៉ុន្តែគណបក្សប្រជាជនកម្ពុជាដែលរំដោះប្រទេសមិនអស់សង្ឃឹម និងមិនរត់ចោលប្រទេសជាតិ និងប្រជាជនរបស់ខ្លួនឡើយ។
សម្តេចតេជោពេលនោះមានវ័យ ៣២ឆ្នាំ បានក្លាយជានាយករដ្ឋមន្ត្រីដ៏ក្មេងជាងគេនៅក្នុងឆ្នាំ១៩៨៥។ ក្រោយការឡើងកាន់តំណែងពេលនោះភ្លាម សម្តេចតេជោបានស្វែងរកដំណោះស្រាយនយោបាយតាមរយៈការចរចាដើម្បីស្វែងរកពន្លឺសន្តិភាព។
នាខែតុលា ឆ្នាំ១៩៨៧ សម្តេចបានដាក់ចេញសេចក្តីប្រកាស ៥ចំណុច ដើម្បីដោះស្រាយបញ្ហាកម្ពុជា ក្នុងនោះចំណុចទី១.រៀបចំជំនួប សីហនុ-ហ៊ុន សែន, ២.ការដកទាំងស្រុងនូវកងទ័ពវៀតណាម ទន្ទឹមពេលនឹងការបញ្ឈប់រាល់ជំនួយ និងការគាំទ្រទាំងអស់ដល់កងកម្លាំងនៃរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ, ៣.ការរៀបចំការបោះឆ្នោតដោយមានអ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយ ដែលអនុវត្តនយោបាយអព្យាក្រឹត្យ និងមិនចូលបក្សសម្ព័ន្ធ, ៤. ចរចាជាមួយនឹងប្រទេសថៃ ដើម្បីកំណត់ព្រំដែនមួយប្រកបដោយសុវត្ថិភាពនិងសន្តិភាព និងការរៀបចំមាតុភូមិ និវត្តន៍ដោយស្ម័គ្រចិត្តនៃជនភៀសខ្លួន, និងទី៥. រៀបចំសន្និសីទអន្តរជាតិមួយដើម្បីផ្តល់ការធានាដល់កិច្ចព្រមព្រៀង ដែលនឹងសម្រេចបាន ជាមួយនឹងការចូលរួមពីរដ្ឋាភិបាលទាំងពីរ គឺពេលនោះមានរដ្ឋាភិបាល ចម្រុះកម្ពុជាប្រជាធិបតេយ្យ និងសាធារណរដ្ឋប្រជាមានិតកម្ពុជា ដោយមានសមាជិកអចិន្ត្រៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសវៀតណាម ឥណ្ឌា និងប្រទេសដទៃទៀតផងដែរ។
«ជំនួប សីហនុ-ហ៊ុន សែន» លើកដំបូង ត្រូវបានធ្វើនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ Fère-en-Tardenois ប្រទេសបារាំង ដែលជំនួបនោះបានបើកផ្លូវដល់ដំណើរការចរចាពិតប្រាកដឆ្ពោះទៅរកដំណោះស្រាយនយោបាយជាស្ថាពរ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ឬ កិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
ជាលទ្ធផលនៃកិច្ចព្រមព្រៀងក្រុងប៉ារីស, រាជរដ្ឋាភិបាលដែលបានកើត ចេញពីការបោះឆ្នោតរៀបចំឡើងដោយ UNTAC បានកាន់កាប់អាសនៈរបស់ខ្លួននៅអង្គការសហប្រជាជាតិឡើងវិញ៖ «កិច្ចព្រមព្រៀងនេះ បានជួយកម្ពុជាអនុម័តបានរដ្ឋធម្ននុញ្ញថ្មី ឆ្នាំ១៩៩៣ ដែលគោរពរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស និងសេដ្ឋកិច្ចទីផ្សារសេរី»។
បេសកកម្ម UNTAC ក្រោយមកបានចាកចេញពីកម្ពុជា បន្សល់ទុកនូវក្រុមភាគីខ្មែរក្រហម ដែលបន្តធ្វើព្យុះភ្លៀងរបស់ខ្លួន និងសង្គ្រាមស៊ីវិលនៅមិនទាន់បានបញ្ចប់ឡើយ។ ថ្វីត្បិតតែមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសក្តី ខ្មែរក្រហមមិនបានគោរពនោះឡើយ ហើយអង្គការសហប្រជាជាតិ ក៏បរាជ័យក្នុងការបង្ខំឱ្យខ្មែរក្រហមទម្លាក់អាវុធ និងចូលរួមនៅក្នុងដំណើរការប្រជាធិបតេយ្យនោះដែរ។
នៅដើមឆ្នាំ១៩៩៦ សម្តេចបានដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដើម្បីស្វែងរកការបញ្ចប់សង្គ្រាមស៊ីវិល។ ជាមួយនឹងនយោបាយនេះ សម្តេចបានដាក់ចេញយុទ្ធសាស្ត្រ DIFID (Divide, Isolate, Finish, Integrate, and Development ដើម្បីរំលាយការចាត់តាំងក្រុមអង្គការខ្មែរក្រហម៖
«ខ្ញុំបានដាក់ចេញ នូវការធានាបីយ៉ាង ដើម្បីឲ្យខ្មែរក្រហម ដែលលែងចង់ឃើញការបង្ហូរឈាមរវាងខ្មែរនិងខ្មែរ សុខចិត្តចុះចូលមករួមរស់ជាមួយ និងសង្គមជាតិដោយគ្មានអ្នកឈ្នះគ្មានអ្នកចាញ់ គឺប្រជាជនកម្ពុជាទាំងមូល ជាអ្នកឈ្នះដោយទទួលបាននូវសន្តិភាពដែលពួកយើងទន្ទឹងរងចាំជាយូរមកហើយ»។
តាមរយៈនយោបាយនេះ កម្ពុជាបានទទួលសុខសន្តិភាព និងឯកភាពទឹកដីទាំងស្រុងដែលមិនធ្លាប់មានក្នុងរយៈពេល៥០០ឆ្នាំកន្លងមកនេះ។
ដើម្បីស្វែងរកយុត្តិធម៌ជូនប្រជាជន ដែលបានបាត់បង់ជីវិតក្នុងអតីតកាលដឹកនាំរបបខ្មែរក្រហម, សាលាក្តីខ្មែរក្រហមមួយ ដែលជាកិច្ចសហការរវាងរាជរដ្ឋាភិបាលជាមួយនឹងអង្គការសហប្រជាជាតិ ត្រូវបានបង្កើតឡើយ។ អង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា បានកាត់ទោសអតីតមេដឹកនាំកំពូលខ្មែរក្រហមចំនួន ៥រូប និងសាលាក្តីកាត់ទោសនេះត្រូវបានបិទបញ្ចប់ក្នុងខែធ្នូ ឆ្នាំ២០២២។
ចំណេរក្រោយមក ក្នុងសម័យបន្តក្រោមការដឹកនាំរបស់សម្តេចតេជោ, រាជរដ្ឋាភិបាលបាន ដាក់ចេញ និងអនុវត្តដោយជោគជ័យនូវយុទ្ធសាស្ត្រត្រីកោណ និងចតុកោណ។ សម្តេចតេជោ បានរំលឹកនូវដំណើរការរបស់ប្រទេសដែលបានចូលក្នុងសមាគមអាស៊ាន នៅឆ្នាំ១៩៩៩ និងបានធ្វើជាប្រធានប្តូរវេនអាស៊ាន ៣ដង ពោលគឺនៅឆ្នាំ២០០២, ២០១២ និង២០២២ និងតាមរយៈអាស៊ាន កម្ពុជាបានទទួលផលប្រយោជន៍យ៉ាងច្រើនជាមួយនឹងដៃគូ អន្តរជាតិនានា ជាមួយការបង្កើតទំនាក់ទំនងប្រទាក់ក្រឡា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ជាច្រើនថែមទៀត។
សម្តេចតេជោបានលើកឡើង នូវការប្រឈមវិបត្តិសេដ្ឋកិច្ចជាតិដោយសារវិបត្តិ Covid-19 ប៉ុន្តែភាពតាំងចិត្តដ៏មុតមាំរបស់សម្តេចដែលជាមគ្គុទេសក៍ដឹកនាំ បាននាំនាវាកម្ពុជាឆ្លងកាត់ឧបសគ្គនេះ បានថែមទៀត និងដំណើរការសេដ្ឋកិច្ចជាតិបានងើបស្ទុះឡើងវិញជាបន្តបន្ទាប់។
អត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយមកនៅខាងក្រោម១០% នៅមុនពេលការផ្ទុះឡើងនៃជំងឺរាតត្បាត Covid-19 ហើយកម្ពុជាក៏កំពុងឈានទៅការបញ្ចប់ឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួច ដោយពេញលេញនៅឆ្នាំ២០២៩ ខាងមុខ។
កម្ពុជាដែលធ្លាប់ជាប្រទេសមានកង្វះខាតប្រាក់ចំណូលធ្ងន់ធ្ងរ ហើយពឹងផ្អែកលើដៃគូអភិវឌ្ឍន៍ ដើម្បីទទួលបានហិរញ្ញប្បទាន ២ភាគ៣នៃថវិកាជាតិ បានក្លាយទៅជាប្រទេសដែលមានសមត្ថភាពគ្រប់គ្រង ថវិកាជាតិបាន ដោយភាពម្ចាស់ការ ហើយថែមទាំងមានទុនបម្រុង ដើម្បីការពារសេដ្ឋកិច្ចជាតិ និង លំនឹងជីវភាពរបស់ប្រជាពលរដ្ឋទប់ទល់នឹងវិបត្តិ និងគ្រោះមហន្តរាយផ្សេងៗ៖
«ផ្អែកលើសមិទ្ធផលកន្លងមក រាជរដ្ឋាភិបាលអាណ្ណត្តិថ្មី ក៏បានរៀបចំផែនការយុទ្ធសាស្រ្តប្រកបដោយទំនុកចិត្តដែលប្រាថ្នាចង់ប្រែក្លាយប្រទេស ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ យើងបានប្រែក្លាយ ពីប្រទេសដែលនៅឯកោ និងទទួលរងទណ្ឌកម្ម ដោយសហគមន៍អន្តរជាតិ ទៅជាប្រទេស ដែលធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅនៅក្នុងតំបន់ និងពិភពលោក ក្លាយទៅជាប្រទេសដែលអាចបញ្ជូនកងទ័ពរក្សាសន្តិភាពទៅចូលរួមយ៉ាងសកម្ម នៅក្នុងរបៀបវារ:សន្តិភាព ទាំងក្នុងតំបន់ និងក្រៅតំបន់ថែមទៀត»។
ក្នុងប្រសាសន៍ថ្លែងជិតមួយម៉ោង សម្តេចតេជោ បានផ្តល់ទស្សនទានមួយចំនួនតាមរយៈតថភាព ដែលកម្ពុជាបានឆ្លងកាត់ និងត្រួសត្រាយរហូតដល់មានសន្តិភាពក្នុងពេលនេះ។ ទស្សនទានសំខាន់ៗនោះរួមមាន ភាពជាម្ចាស់លើជោគវាសនាប្រទេសជាតិ។ សម្តេចបាន ថ្លែងថានៅពេលដែលប្រជាជាតិមួយ បាត់បង់ម្ចាស់ការលើជោគវាសនារបស់ប្រទេសខ្លួន ពេលនោះហើយ ដែលប្រទេសជាតិត្រូវទទួលរងការបែកបាក់ និងគ្រោះមហន្តរាយ។
សម្តេចបានថ្លែងចំនួន ៣ចំណុច៖
១៖ ដំណើរការស្វែងរកសន្តិភាព ក៏ត្រូវតែចាប់ផ្តើមចេញពីពលរដ្ឋម្ចាស់ប្រទេស ហើយដំណោះស្រាយដែលយូរអង្វែង ក៏ទាមទារឱ្យមានការចូលរួមពីប្រជាជន និងកងកម្លាំង ប្រដាប់អាវុធគ្រប់និន្នាការនយោបាយផងដែរ មុននឹងឈានទៅសម្រេចបាននូវឯកភាពជាតិ និងកងកម្លាំងប្រដាប់អាវុធជាតិតែមួយ។
សម្តេចបញ្ជាក់ថា ទោះបីជាកម្ពុជាទទួលបានការជ្រោមជ្រែងពីមិត្តបរទេស និងអង្គការសហប្រជាជាតិយ៉ាងណាក្តី សន្តិភាពយូរអង្វែងមិនអាចកើតឡើងបានទេ ប្រសិនបើម្ចាស់ប្រទេសមិនខិតខំផ្តួចផ្តើម និង កសាងដោយខ្លួនឯង ហើយនេះគឺជាអត្ថន័យពិតប្រាកដនៃនយោបាយឈ្នះ-ឈ្នះ ដែលផ្តួចផ្តើមឡើងដោយជនជាតិខ្មែរ និងចូលរួមអនុវត្ត និងទទួលផលដោយជនជាតិខ្មែរ។
២៖ សហគមន៍អន្តរជាតិត្រូវតែរួមគ្នាការពារសន្តិភាពដែលមានស្រាប់ជាជាងស្វែងរក ឬ កសាងសន្តិភាពដែលបាត់បង់។
៣៖ បើទោះជាសម្រេចបានសន្តិភាពក៏ដោយ ក៏សន្តិភាពមិនស្ថិតនៅគង់វង្សយូរអង្វែងដែរ ប្រសិនបើគ្មានការបង្រួបបង្រួមជាតិ ការផ្សះផ្សាយុត្តិធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព និងមានបរិយាប័ន្ន។ សម្តេចបានថ្លែងថា តាមរយៈបទពិសោធន៍របស់កម្ពុជា, គេត្រូវខិតខំរិះរកវិធីសាស្ត្រនានា នៅក្នុងការធានាសន្តិភាព ឱ្យបានយូរអង្វែង និងចាក់ឫសរឹងមាំក្នុងសង្គមជាតិ តាមរយៈការផ្សះផ្សា និងបង្រួបបង្រួមជាតិ។
សម្តេចតេជោបានថ្លែងថា ទោះបីជានៅក្រោយពេលដែលកម្ពុជាបានទទួលសន្តិភាពពេញលេញនៅឆ្នាំ ១៩៩៨ ក៏សម្តេចនៅតែបន្តអនុវត្ត «វប្បធម៌សន្ទនា» ជាមួយគណបក្សនយោបាយផ្សេងៗ ដើម្បីបង្កើតភាពសុខដុម ពង្រឹងឯកភាពជាតិ និងបណ្តុះលទ្ធិប្រជាធិបតេយ្យ។ សម្តេចទទួលស្គាល់ថា លទ្ធិប្រជាធិបតេយ្យ គឺជារបបគ្រប់គ្រង ដែលគោរពភាពចម្រុះ និងផ្តល់នូវមធ្យោបាយដ៏មានប្រសិទ្ធភាព នៅក្នុងការដោះស្រាយ និងគ្រប់គ្រងការខ្វែងគំនិតនយោបាយ ដោយប្រើសន្លឹកឆ្នោត ជាជាងគ្រាប់កាំភ្លើង និង អំពើហិង្សា ឬ ការបះបោរ៕