(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានជួបសំណេះសំណាលបំពាក់ឋានន្តរសក្តិ និងបំពាក់គ្រឿងឥស្សរិយយសជូនយោធិនចូលនិវត្តន៍ ឆ្នាំ២០២៤ ដែលពិធីនេះបានធ្វើឡើងនៅបញ្ជាការដ្ឋានកងទ័ពជើងទឹក។
ឧត្តមសេនីយ៍ឯក ជឹម សុខ នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការបុគ្គលិក អគ្គបញ្ជាការ បានរាយការណ៍ឲ្យដឹងថា អនុវត្តតាមច្បាប់ស្តីពីរបបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពការងារ ឆ្នាំ២០២៤នេះ យោធិនចំនួន ៣,៩៧៥នាក់ ត្រូវបានដាក់ឲ្យចូលសោធននិវត្តន៍ ហើយសម្រាប់ថ្ងៃនេះ យោធិនចូលនិវត្តន៍ចំនួន១៤៦នាក់ មកពី១៩ស្ថាប័នចំណុះអគ្គបញ្ជាការដ្ឋាន ត្រូវបានបានប្រារព្ធពិធីបំពាក់ឋានន្តរសក្តិ និងបំពាក់គ្រឿងឥស្សរិយយស។
លោកបញ្ជាក់ថា ការដាក់យោធិនអាជីពទាំងពីរភេទឲ្យចូលសោធននិវត្តន៍ និងផ្ទេរយោធិនប្រភេទ២នាពេលនេះ គឺជាការអនុវត្តន៍តាមច្បាប់ស្តីពីរបបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពការងារចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ ដែលជាផ្នែកមួយនៃការអនុវត្តផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទផងដែរ។
មានមតិសំណេះសំណាលនាឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងអគ្គបញ្ជាការ បានថ្លែងនូវការដឹងគុណប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅ ចំពោះយោធិនចូលសោធននិវត្តន៍គ្រប់រូប ដែលបានធ្វើពលិកម្មប្រកបដោយវីរភាពអង់អាចក្លាហាន ក្នុងស្មារតីស្នេហាជាតិ រួមចំណែកការពារបូរណភាពទឹកដី និងការកសាងការពារសន្តិភាព ស្ថិរភាពសង្គម។
លោកបញ្ជាក់ថា កន្លងមកនិវត្តជនដែលត្រូវផ្ទេរចេញពីជួរកងយោធពលខេមរភូមិន្ទ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និង អគ្គបញ្ជាការដ្ឋាននៃកងយោពលខេមរភូមិន្ទ នៅតែបន្តយកចិត្តទុកដាក់ចំពោះសុខទុក្ខ ការស្រឡាញ់រាប់អានជានិច្ច និងបានរៀបចំឱ្យមានពិធីជួបជុំនៅតាមបណ្តាអង្គភាព ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងអង្គភាពជាមួយនឹងនិវត្តជន ក្នុងគោលបំណងរក្សាចំណងមនោសញ្ចេតនាយូរអង្វែង និងជួយគ្នាទៅវិញទៅមក។
លោកបានលើកឡើងពីការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ក្នុងការធានាយ៉ាងរឹងមាំនិរន្តរភាពជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម បន្តដឹកនាំនាវាកម្ពុជា ដែលជាស្នាដៃដ៏ឧត្តុង្គឧត្តម ជាប្រវត្តិសាស្ត្របន្សល់ទុកពី សម្តេចតេជោ ហ៊ុន សែន ហើយខិតខំបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត ប្រកបដោយថាមពលខ្លាំងក្លា។
«កងយោធពលខេមរភូមិន្ទ ប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត ដឹកនាំដោយសម្តេចធិបតីហ៊ុន ម៉ាណែត និងអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតនយោបាយកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេស កំណែទម្រង់កងយោធពលខេមរភូមិន្ទ ឱ្យក្លាយជាកងកម្លាំងរៀបរយ មានវិជ្ជាជីវៈប្រកបដោយប្រសិទ្ធភាពខ្ពស់»។ នេះជាការបញ្ជាក់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន។
អគ្គមេបញ្ជាការ បានណែនាំឲ្យគ្រប់អង្គភាពបង្កើនការយកចិត្តទុកដាក់សហការរៀបចំគណៈប្រតិភូចុះសួរសុខទុក្ខបងប្អូននិវត្តជននៅតាមមូលដ្ឋាន និងនៅតាមមន្ទីរពេទ្យ ដើម្បីលើកកម្ពស់គុណតម្លៃ ផ្សារភ្ជាប់មនោសញ្ចេតនាជាមួយនិវត្តជន ដោយក្តាប់ជាប់ពីស្ថានភាពសុខភាព ជីវភាពរស់នៅ និងសំណូមពរចាំបាច់នានារបស់និវត្តជន ដើម្បីមានវិធានការដោះស្រាយ។
ជាមួយនេះ លោក បានលើកទឹកចិត្តដល់និវត្តជនទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព ចេះជួយគ្នាទៅវិញទៅមក រួមគ្នាការពារសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ ហើយយកចិត្តទុកដាក់ការងារបង្កបង្កើនផល ថែទាំសុខភាព បន្តថែរក្សាស្នាដៃអ្នកជំនាន់មុន លើមូលដ្ឋានការខិតខំប្រឹងប្រែងរបស់អ្នកជំនាន់ក្រោយឱ្យកាន់តែល្អប្រសើរ៕