(ភ្នំពេញ)៖ កិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6) គឺជាវេទិកាកម្រិតខ្ពស់ដែលរដ្ឋមន្ត្រីបរិស្ថានមកពីបណ្តាប្រទេស GMS មករួមគ្នាដើម្បីពិភាក្សា និងសម្របសម្រួលយុទ្ធសាស្ត្រ និងគោលនយោបាយបរិស្ថានក្នុងតំបន់ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះបានចាប់ផ្តើមជាផ្លូវការ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅរាជធានីភ្នំពេញ។
កិច្ចប្រជុំនេះមានការរួមពីសំណាក់គណៈប្រតិភូរដ្ឋមន្រ្តីបរិស្ថាននៃបណ្តាប្រទេសជាសមាជិកនៃមហាអនុតំបន់មេគង្គ ចំនួន៦ប្រទេសរួមមានប្រទេសចិន កម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា និងវៀតណាម។
កិច្ចប្រជុំមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបរិស្ថាននៅក្នុងតំបន់ដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សនេះ។ រៀងរាល់បីឆ្នាំម្តង រដ្ឋមន្ត្រីបរិស្ថានមកពីប្រទេស GMS ចំនួនប្រាំមួយជួមប្រជុំគ្នាដើម្បីពិនិត្យមើលវឌ្ឍនភាព និងកំណត់របៀបវារៈសម្រាប់កិច្ចសហប្រតិបត្តិការបរិស្ថាននៅក្នុងតំបន់ក្រោមកម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច GMS។
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថានលើកទី៦ ត្រូវបានគេរំពឹងថានឹងអនុម័តនូវឯកសារសំខាន់ចំនួន២គឺ១៖ ក្របខ័ណ្ឌយុទ្ធសាស្រ្ត GMS 2030 សម្រាប់ការពន្លឿនសកម្មភាពអាកាសធាតុ និងចីរភាពបរិស្ថាន និង២៖ សេចក្តីថ្លែងការណ៍រួមរាជធានីភ្នំពេញស្តីពីការទប់ស្កាត់ការបំពុលប្លាស្ទិកនៅក្នុង GMS។ ដល់ការចែករំលែកចំណេះដឹងក្នុងតំបន់ និងការកសាងសមត្ថភាពនៅទូទាំង GMS ក៏ដូចជាកំណត់កម្មវិធីឆ្ពោះទៅមុខដើម្បីដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ និងបរិស្ថាន។
សូមជម្រាបថា នៅក្នុងកិច្ចប្រជុំកំពូលនៅឆ្នាមេដឹកនាំ២០២១ GMS បានពង្រឹងការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន និងចីរភាព រួមទាំងរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។
គោលបំណងនៃក្របខ័ណ្ឌយុទ្ធសាស្ត្រ GMS 2030 សម្រាប់ការពន្លឿនសកម្មភាពអាកាសធាតុ និងចីរភាពបរិស្ថានគឺដើម្បីផ្តល់ដល់សកម្មភាពជអាទិភាពដើម្បីពន្លឿនការអនុវត្តឆ្ពោះទៅសម្រេចបានការប្តេជ្ញាចិត្តនៅថ្នាក់ជាតិ និងអន្តរជាតិស្តីពីភាពធន់នឹងអាកាសធាតុ ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ការអភិរក្ស ជីវចម្រុះ និងចីរភាពបរិស្ថាន។
ក្របខណ្ឌយុទ្ធសាស្ត្រ GMS 2030 បង្កើតជាមូលដ្ឋានសម្រាប់សហការស្តីពីអាកាសធាតុ និងបរិស្ថាន តាមរយៈកម្មវិធីជំនួយបច្ចេកទេស និងកម្មវិធីវិនិយោគនិងការគាំទ្ររផ្នែគហិរញ្ញប្បទាន។
កម្ពុជាមានការយកចិត្តទុកដាក់ខ្ពស់លើការដោះស្រាយការបំពុលបរិស្ថាននៅថ្នាក់ជាតិ និងថ្នាក់តំបន់។ កម្ពុជាតាមរយៈក្រសួងបរិស្ថានបានលើកជាគំនិតផ្តួចផ្តើឱ្យមានសេចក្តីថ្លែងការណ៍រួមទាំងរាជធានីភ្នំពេញ ស្តីពីការបង្ការការបំពុលដោយប្លាក្លាស្ទីកក្នុងមហាអនុតំបន់មេគង្គ ដើម្បីបង្ហាញពីភាពជោគជ័យក្នុងការកាត់បន្ថយការបំពុលដោយប្លាស្ទិក តាមរយៈយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើថង់ផ្លាស្ទិក»។
អាទិភាពចម្បងរបស់កម្ពុជាសម្រាប់កិច្ចប្រជុំ GMS EMM-6 រួមមាន៖
*ការកសាងភាពធន់នឹងអាកាសធាតុ និងគ្រោះមហន្តរាយ
*ការលើកកម្ពស់ដល់ការផ្លាស់ប្តូរដល់ការបញ្ចេញកាបូនតិច
*ការលើកកម្ពស់ភាពឆ្លាតវៃចំពោះការអាកាសធាតុ
*ការគ្រប់គ្រងគុណភាពបរិស្ថាន
*ការពង្រីកបច្ចេកវិទ្យាឌីជីថលសម្រាប់សកម្មភាពអាកាសធាតុ និងចិរភាពបរិស្ថាន
*ហិរញ្ញប្បទានសម្រាប់ភាពច្នៃប្រឌិត និងហានិភ័យគ្រោះមហន្តរាយ
លើសពីនេះកម្ពុជាយកចិត្តទុកដាក់លើការការពារបរិស្ថានទន្លេមេគង្គ និងសូមគាំទ្រលើគំនិតផ្តួចផ្តើមPlastic-Free Mekong River Initiative ដើម្បីសុខភាពមនុស្ស និងកំណើនសេដ្ឋកិច្ច ការផ្គត់ផ្គង់ទឹកស្អាតក្នុងទីក្រុង ទេសចរណ៍ ការនេសាទ និងការការពារជីវចម្រុះ៕