(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងដែលផ្ដើមដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាព ក្នុងការធ្វើច្បាប់ដាក់ក្រុមមនុស្ស ឬអង្គការចាត់តាំងមួយចំនួនទៅជាក្រុមភេរវកម្ម ដើម្បីទប់ស្កាត់រាល់សកម្មភាពដែលប៉ងបំផ្លាញសន្ដិភាពរបស់កម្ពុជា។
ការប្រកាសគាំទ្ររបស់ឧបនាយករដ្ឋមន្ដ្រី ស សុខា ធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញផ្សព្វផ្សាយអនុក្រឹត្យស្ដីពី ការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទ របស់មន្ដ្រីនគរបាលជាតិកម្ពុជា។ ពិធីនេះធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ។
ក្នុងន័យនេះ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានណែនាំដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធចំណុះក្រសួង ត្រូវត្រៀមរាល់បញ្ជីឈ្មោះក្រុមមនុស្ស ឬអង្គការចាត់តាំងដែលបានចងក្រងទុកឲ្យរួចរាល់ ដើម្បីបម្រើឲ្យការងារបង្កើតច្បាប់នេះ។
លោកអភិសន្ដិបណ្ឌិត ស សុខា បានថ្លែងយ៉ាងដូច្នេះថា «ម្សិលមិញនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបហើយអំពីគម្រោងធ្វើច្បាប់ដាក់ក្រុមមនុស្ស ឬអង្គការចាត់តាំងមួយចំនួនទៅជាក្រុមភេរវកម្ម ដូច្នេះក្រសួងមហាផ្ទៃ គួរតែពិនិត្យឲ្យបានដុតដៃដុតជើង ដើម្បីគ្រប់គ្រងបន្ដបញ្ជីក្រុមមនុស្សទាំងអស់នេះ»។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានថ្លែងអំណរគុណដល់កងកម្លាំងនគរបាលទាំងអស់ ដែលបានសហការល្អជាមួយស្ថាប័នពាក់ព័ន្ធផ្សេង ក្នុងការទប់ស្កាត់សកម្មភាពជ្រុលនិយមរបស់ក្រុមប្រឆាំង ដែលប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤កន្លងទៅនេះ។
សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានបង្ហើបអំពីគម្រោងក្នុងការធ្វើច្បាប់ ដើម្បីដាក់ក្រុមមនុស្ស ឬអង្គការចាត់តាំងមួយចំនួន ទៅជាក្រុមភេរវកម្មនៅពេលខាងមុខ ដើម្បីទប់ស្កាត់រាល់សកម្មភាពទាំងឡាយណា ដែលប៉ុនប៉ងបំផ្លាញសន្ដិភាពរបស់កម្ពុជា។
គម្រោងការធ្វើច្បាប់នេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន បង្ហើបឲ្យដឹងតាមរយៈបាឋកថាពិសេស ស្ដីពី «បទពិសោធន៍របស់ប្រទេសកម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្ដិភាព ការផ្សះផ្សា និងការកសាងជាតិឡើងវិញ» នៅពេលអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស លើផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE) នៅខេត្តឃ្យុងសាងបុកដូ របស់សាធារណរដ្ឋកូរ៉េ។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, រាជរដ្ឋាភិបាលកម្ពុជា កំពុងពិចារណាលើបញ្ហានេះយ៉ាងហ្មត់ចត់បំផុត ដើម្បីធានាការពារនូវសុខសន្ដិភាព ដែលស្វែងរកបានដោយលំបាកកាលពីអតីតកាល ខណៈអ្នកដែលប៉ុនប៉ងចង់បំផ្លាញសន្ដិភាព មិនទាន់បោះបង់គំនិតអាក្រក់របស់គេឡើយ៕