(កំពង់ធំ)៖ លោក ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ព្រមទាំងក្រុមការងារ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក លុក សម្បត្តិ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។
លោក នួន ផារ័ត្ន និងលោក ដៀប ពីរី បានសម្តែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុតចំពោះលោក លុក សម្បត្តិ ដែលជាចាស់ព្រឹទ្ធាចារ្យ និងជាធនធានមនុស្សដ៏ល្អរបស់ខេត្តកំពង់ធំ និងសូមចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំ និងដោយក្តីសោកស្តាយ ក្រៃលែងចំពោះមរណភាពរបស់លោក លុក សម្បត្តិ គឺជាការបាត់បង់ស្វាមី ជាទីស្រឡាញ់ដ៏ជ្រាលជ្រៅ ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ដ៏ល្អប្រពៃ មានទឹកចិត្តសន្តោស ប្រណីដ៏ថ្លៃថ្លា បានធ្វើពលិកម្មជាច្រើនដោយ ឆន្ទះ ស្មោះស្ម័គ្រ អត់ធ្មត់ក្នុងការងារ ដើម្បីបុព្វហេតុមនុស្សធម៌បំពេញការងារនៅគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ជាយូរឆ្នាំមកហើយ បានបូជាសព្វបែបយ៉ាងទាំងកម្លាំងកាយចិត្ត មិនគិតពីការនឿយហត់។
លោក ដៀប ពីរី និងលោក នួន ផារ័ត្ន សូមបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធលោក លុក សម្បត្តិ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ និងសូមចូលរួមរំលែកមរណទុក្ខ ដ៏ក្រៀមក្រំនេះជាមួយគ្រួសារសព។
សពលោក លុក សម្បត្តិ បានទទួលមរណៈភាពវេលាម៉ោង៣៖៤០នាទីទាបភ្លឺព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដោយរោគាពាធ នៅមន្ទីរពេទ្យរាជធានីភ្នំពេញ៕