(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតរំលែកទុក្ខជូន លោក ចាវ ឡីជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះមរណភាពរបស់ ប្រជាជនចិនជាច្រើននាក់ ដែលបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិនៃព្យុះទីហ្វុង Yagi នាពេលថ្មីៗនេះ។
តាមរយៈសារលិខិតរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមសម្តែងនូវការសោកស្តាយជាខ្លាំង ដោយទទួលបានដំណឹងអំពីសោកនាដកម្ម ការបាត់បង់អាយុជីវិត ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិដ៏ធំធេង និងការផ្លាស់ទីលំនៅរបស់ប្រជាជនជា ច្រើនគ្រួសារ ដែលបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិនៃព្យុះទីហ្វុង Yagi នាពេលថ្មីៗនេះ»។
ក្នុងឱកាសដ៏សោកសៅនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី មានសេចក្តីសោកស្តាយ ជាពន់ពេក និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃជនរងគ្រោះ ដែលបានបាត់បង់ សមាជិកជាទីស្រឡាញ់ក្នុងសោកនាដកម្មនេះ។
បន្ថែមពីនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបន្ដថា ឈរលើស្មារតីសាមគ្គីភាព មិត្តភាព និងភាពជាបងប្អូនជាមួយប្រជាជនចិន រដ្ឋសភានៃព្រះរាជាណាចក្រ កម្ពុជាសង្ឃឹមជឿជាក់ថា ដំណើរការស្តារ និងកសាងឡើងវិញ នឹងធ្វើឡើងយ៉ាងឆាប់រហ័ស នាពេលខាងមុខ។ សម្តេចមហារដ្ឋសភាធិការធិបតី សូមបួងសួងដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបានបាត់បង់អាយុជីវិតបានទៅកាន់សុគតិភព និងសូមជូន ពរដល់អ្នករងរបួសឆាប់បានជាសះស្បើយ៕