(ភ្នំពេញ)៖ លោក ចាវ ស៊ីថុង ឧបការីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានអបអរសាទររាជរដ្ឋាភិបាលកម្ពុជាចំពោះសមិទ្ធផលលេចធ្លោជាច្រើនក្នុងរយៈពេលមួយឆ្នាំ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។
លោក ចាវ ស៊ីថុង បានលើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងជំនួបនេះ លោក ចាវ ស៊ីថុង បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការជាក់ស្តែងកម្ពុជា-ចិន ជាពិសេសក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ»។ លោកបានសង្កត់ធ្ងន់ថា ភាគីចិនបន្តគាំទ្រមាគ៌ាអភិវឌ្ឍរបស់កម្ពុជា ស្របតាមស្ថានភាពជាក់ស្ដែងរបស់កម្ពុជា។
មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនិស្តចិនរូបនេះ ក៏បានបញ្ជាក់ដែរថា វិនិយោគិនចិននៅកម្ពុជាមានសុទិដ្ឋិនិយមចំពោះភាពធន់នៃសេដ្ឋកិច្ច ក៏ដូចជាបរិយាកាសវិនិយោគដ៏ល្អប្រសើរនៅកម្ពុជា។ ជាពិសេសពេញចិត្តចំពោះកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលកម្ពុជា លើការដាក់ចេញកម្មវិធីកែទម្រង់ និងកញ្ចាប់វិធានការគន្លឹះនាពេលកន្លងមក។
លោកឧបការីរដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថា ដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជានាពេលនេះ មានគោលបំណងពង្រឹងការប្រាស្រ័យទាក់ទងគ្នាក្នុងក្របខ័ណ្ឌបក្ស និងបក្ស ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌយុវជនផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងកម្ពុជា-ចិន ព្រមទាំងបានអរគុណប្រទេសចិន ដែលបានជួយគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា នាពេលកន្លងមក។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌយុវជន និងលើកទឹកចិត្តឱ្យបន្តកិច្ចសហប្រតិបត្តិការនេះថែមទៀត តាមរយៈការបណ្ដុះបណ្ដាល ការផ្សារភ្ជាប់វិស័យឯកជន ជាពិសេសក្នុងចំណោមសហគ្រិនវ័យក្មេង ការផ្លាស់ប្ដូរទស្សនកិច្ច ការផ្លាស់ប្ដូរវប្បធម៌ និងការរៀបចំព្រឹត្តិការណ៍នានា ដែលទាំងនេះ គឺជាស្ពានដ៏សំខាន់ក្នុងការភ្ជាប់ទំនាក់ទំនងយុវជន និងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធថែមទៀត។
សម្តេចធិបតី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ដែលនឹងបើកច្រកសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងទៀត រួមទាំងការវិនិយោគ និងសេដ្ឋកិច្ចនៅកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់អំពីការបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌបក្សនិងបក្សផងដែរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងបទពិសោធន៍លើប្រធានបទសំខាន់ៗសម្រាប់ប្រទេសទាំងពីរ៕