(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ សម្តែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តដោយអយុត្តិធម៌របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៤ សំដៅលើធុរជនកម្ពុជាលោកអ្នកឧកញ៉ា លី យ៉ុងផាត់ និង ក្រុមហ៊ុន LY.P. Group Co., Ltd ព្រមទាំងអាជីវកម្មពាក់ព័ន្ធចំនួន៤ទៀត។ នេះបើតាមសេចក្តីថ្លែងការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ធ្វើឡើងបន្ទាប់ពីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្ម លោកអ្នកឧកញ៉ា លី យ៉ុងផាត់ និងអាជីវកម្មរបស់លោក ដោយចោទប្រកាន់ថា ជាប់ពាក់ព័ន្ធការជួញដូរមនុស្ស ការបង្ខំឱ្យធ្វើពលកម្មដោយខុសច្បាប់ និងការបោកប្រាស់តាមអនឡាញ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានអះអាងថាអាជីវកម្មដែលរងទណ្ឌកម្មនោះ មានក្រុមហ៊ុនលី យ៉ុងផាត់ គ្រុប (L.Y.P. Group Co., LTD (L.Y.P. Group) រមណីយដ្ឋានអូស្មាច់ (O-Smach Resort), រមណីយដ្ឋានកោះកុង (Koh Kong Resort), សណ្ឋាគារហ្កាដឹនស៉ីធី (Garden City Hotel) និងសណ្ឋាគារភ្នំពេញ (Phnom Penh Hotel)។
ក្រសួងការបរទេសកម្ពុជា ចាត់ទុកវិធានការរបស់ក្រសួងរតនគារអាមេរិក ធ្វើឡើងដោយផ្អែកលើរបាយការណ៍ ដែលមិនមានមូលដ្ឋានច្បាស់លាស់។ ក្រសួងការបរទេសកម្ពុជា បានហៅវិធានការនេះ មានចេតនានយោបាយ និងផ្ទុយទាំងស្រុងពីស្មារតីនៃការពង្រឹងទំនាក់ទំនងទ្វេភាគី និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលត្រូវបានបញ្ជាក់យ៉ាងច្បាស់ដោយលោក ឡយ ជេ អូស្ទីន (Lloyd J. Austin III) រដ្ឋមន្ត្រីការពារជាតិអាមេរិក ក្នុងអំឡុងទស្សនកិច្ចនៅកម្ពុជា កាលពីខែមិថុនាកន្លងទៅ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា តួនាទីរបស់លោក លី យ៉ុងផាត់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ។ តាមរយៈក្រុមហ៊ុន L.Y.P Group បានចូលរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបង្កើតការងារ និងការកាត់ បន្ថយភាពក្រីក្រ បានផ្តល់ផលជាវិជ្ជមាន ដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាច្រើនពាន់នាក់។
សេចក្តីថ្លែងការណ៍បន្ថែមថា ការពឹងផ្អែករបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ទៅលើរបាយការណ៍ការជួញដូរមនុស្សយកធ្វើជាមូលដ្ឋាននៃសកម្មភាពទាំងនោះ ពិតជាគួរឱ្យសោកស្តាយ និងនាំឱ្យមានការយល់ខុស។ របាយការណ៍នេះ មិនបានផ្តល់នូវរូបភាពដែលមានតុល្យភាព និងសុក្រឹតអំពីការប្តេជាចិត្តដ៏មុតមាំរបស់កម្ពុជាលើ ការគោរពសិទ្ធិមនុស្ស ការអនុវត្តច្បាប់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងពលកម្មដោយបង្ខំ។
កម្ពុជាបានសម្រេចនូវវឌ្ឍនភាពសំខាន់ៗជាច្រើនក្នុងការដោះស្រាយបញ្ហាទាំងនេះ ដោយសហការជាមួយដៃគូអន្តរជាតិ រួមទាំងសហរដ្ឋអាមេរិកផងដែរ។ វិធានការ បុរេសកម្មរបស់រាជរដ្ឋាភិបាល កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងសកម្មភាពឧក្រិដ្ឋឆ្លងដែនដែលមានលក្ខណៈស្មុគស្មាញ បានបង្ហាញពីការប្តេជ្ញាចិត្តដាច់ខាត ក្នុងការលើកកម្ពស់ភាពថ្លៃថ្នូរបស់មនុស្សជាតិ និងគោលការណ៍នីតិរដ្ឋ។ ការអះអាងថា កម្ពុជាមិនបានយកចិត្តទុកដាក់ ឬព្រងើយកន្តើយក្នុងការអនុវត្តច្បាប់ ជាការយល់ខុសយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលនានារបស់កម្ពុជា ក្នុងការដោះស្រាយការប្រឈម ឧក្រិដ្ឋកម្មឆ្លងដែនដ៏ស្មុគ្រស្មាញនេះ។
កម្ពុជានៅតែបើកចំហដល់កិច្ចសហប្រតិបត្តិការ និងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការជាមួយដៃគូអន្តរជាតិនានា រួមទាំងសហរដ្ឋអាមេរិកផង ក្នុងការដោះស្រាយការប្រឈមជាសកលនេះ។ ទោះជាយ៉ាងណា យើងទទូចថា កិច្ចខិតខំប្រឹងប្រែងបែបនេះត្រូវឈរលើមូលដ្ឋាននៃកិច្ចសន្ទនា ការផ្តល់ផលប្រយោជន៍ទៅវិញទៅមក ការគោរពអធិបតេយ្យភាព និងស្មារតីភាពជាដៃគូពិតប្រាកដ។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា ការដាក់ទណ្ឌកម្មជាឯកតោភាគីនេះ ជាការមិនគោរពច្បាប់អន្តរជាតិ និងបទដ្ឋានគ្រប់គ្រងទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ ជាពិសេសគោលការណ៍សមភាពអធិបតេយ្យ និងការមិនជ្រៀតជ្រែកគ្នាទៅវិញទៅមក៕