(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំក្រុមការងារជំនាញចុះពិនិត្យ ផ្លូវបេតុងដែលបានសាងសង់រួចមានប្រវែង១៨៨៣ម៉ែត្រ ក្នុងនោះ ផ្លូវប្រវែង១.០៣៥ម៉ែត្រ ទទឹង ៦ម៉ែត្រ និងផ្លូវប្រវែង៨៤៨ម៉ែត្រ ទទឹង៥ម៉ែត្រ និងពិនិត្យទីតាំងសម្រាប់ដាក់បង្គោលភ្លើងសូឡាបំភ្លឺតាមដងផ្លូវ និងដាំដើមឈើសងខាងផ្លូវស្ថិតនៅភូមិសង្កែវារ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
លោក សុខ លូ បានថ្លែងថា ផ្លូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមកនៅខេត្តបាត់ដំបង មានជាច្រើនខ្សែ ហើយរដ្ឋបាលខេត្តបានសហការជាមួយមន្ទីរជំនាញ បាននិងកំពុងធ្វើ និងជួសជុលជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ
ដើម្បីសម្រួលដល់ការធ្វើដំណើរដល់ប្រជាពលរដ្ឋប្រចាំថ្ងៃផង។
លោកបានបន្តថា ក្នុងនាមរដ្ឋបាកខេត្តបានសម្រេចជាមួយមន្ទីរជំនាញធ្វើ និងជួសជុលផ្លូវណាដែលចាំបាច់មុនគេ ហើយបន្តធ្វើជាបន្តបន្ទាប់ថែមទៀតរហូតដល់អស់។ ម្យាងវិញទៀត ពេលគ្រឿងចក្រចូលធ្វើនៅកន្លែងណា តែងតែមានបិទផ្លូវស្ទះចរាចរណ៍បណ្តោះអាសន្នយឺតយូរ ទៅតាមជាក់ស្តែង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយើងសូមមានការយោគយល់ក្រុមការងារផង។
ជាក់ស្តែងថ្ងៃនេះ លោក និងក្រុមការងារ បានចុះពិនិត្យមើលផ្លូវបេតុង១ខ្សែ ដែលបានសាងសង់រួចមានប្រវែង ១៨៨៣ម៉ែត្រ ក្នុងនោះ ផ្លូវប្រវែង១.០៣៥ម៉ែត្រ ទទឹង ៦ម៉ែត្រ និងផ្លូវប្រវែង៨៤៨ម៉ែត្រ ទទឹង៥ម៉ែត្រ និងពិនិត្យទីតាំងសម្រាប់ដាក់បង្គោលភ្លើងសូឡាបំភ្លឺតាមដងផ្លូវ និងដាំដើមឈើសងខាងផ្លូវស្ថិតនៅភូមិសង្កែវារ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបងផងដែរ៕