(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារលិខិតអបអរសាទរ និងគោរពជូន ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គូកវ៉ាយស៍ នៅខេត្តឈៀងសាងបុកដូ សាធារណរដ្ឋកូរ៉េ។
តាមរយៈសារលិខិតរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានរៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំនិងភរិយា មានសេចក្តីសោមនស្សរីករាយ និងសូមចូលរួមអបអរសាទរចំពោះសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការ កសាងសន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គូកវ៉ាយស៍ នៅខេត្តឈៀងសាងបុកដូ សាធារណរដ្ឋកូរ៉េ នាថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៤»។
ការទទួលបាននូវសញ្ញាបត្របណ្ឌិតកិត្តិយសដ៏ឧត្តុង្គឧត្តមនេះ គឺជាសក្ខីភាពយ៉ាងប្រត្យក្សរបស់ សម្តេចតេជោ ដែលជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមជាស្ថាបនិកនៃសន្តិភាព និងគោលនយោបាយឈ្នះ-ឈ្នះ ហើយបាននាំមកនូវសេចក្តីសុខ សន្តិភាព ស្ថិរភាពជាតិ ឯកភាពជាតិដ៏ពេញលេញជូនជាតិនិងប្រជាជនកម្ពុជា និង បានអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យ ហើយកិត្យានុភាពជាតិ ត្រូវបានលើកកម្ពស់ទាំងក្នុង ក្របខ័ណ្ឌតំបន់ និងលើឆាកអន្តរជាតិជាបន្តបន្ទាប់។
ជាថ្មីម្ដងទៀត សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងភរិយា សូមគោរពជូនពរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕