(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានផ្ញើលិខិតជូនលោកតូ ឡឹម ប្រធានរដ្ឋវៀតណាម ដោយសម្តែងការសោកសៅ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះរដ្ឋាភិបាល គ្រួសារជនរងគ្រោះ និងប្រជាជនវៀតណាមទាំងមូល ដែលកំពុងរងគ្រោះដោយសារខ្យល់ព្យុះកំណាចទីហ្វុង យ៉ាហ្គី។
លិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមានខ្លឹមសារដូច្នេះថា «វាពិតជាការសោកសៅបំផុត ដែលបានទទួលដំណឹងថា ខ្យល់ព្យុះកំណាច ទីហ្វុង យ៉ាហ្គី បានវាយប្រហារភាគខាងជើងនៃប្រទេសវៀតណាម បណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ ក្នុងនោះមានមនុស្សស្លាប់ជាង ២០០ នាក់ របួសជាង ៨០០ នាក់ ការខូចខាត ឬបំផ្លិចបំផ្លាញហេដ្ឋា រចនាសម្ព័ន្ធ និងការជម្លៀសគ្រួសារជាច្រើន។
ក្នុងឱកាសប្រកដោយក្តីសង្វេគនេះ តាងនាមប្រជាជនកម្ពុជាទាំងមូល ខ្ញុំសូមចូលរួមរំលែកនូវសមានទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយ ឯកឧត្តម និងតាមរយៈឯកឧត្តម ជូនចំពោះរដ្ឋាភិបាល គ្រួសារជនរងគ្រោះ និងប្រជាជនវៀតណាមទាំងមូល ចំពោះការបាត់បង់ដ៏ធំធេងទាំងនេះ។
សូមវិញ្ញាណក្ខន្ធអ្នក ស្លាប់បានទៅដល់សុខគតិភព។ ខ្ញុំសូមជូនពរឱ្យអ្នករងរបួសឆាប់ជាសះស្បើយ។ សូម ឯកឧត្តម ទទួលសាជាថ្មីនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ»៕