(កែប)៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សហការជាមួយគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានចុះសួរសុខទុក្ខកងកម្លាំងប្រចាំការ ការពារអធិបតេយ្យភាពជាតិខ្មែរតាមបណ្ដាកោះក្នុងភូមិសាស្រ្តខេត្តកែប។
ជាមួយគ្នានេះ លោកអភិបាលខេត្ត និងក្រុមការងារអមដំណើរ ក៏បានលែងអណ្ដើកសមុទ្រទម្ងន់ជាង១០០គីឡូក្រាម ដើម្បីចូលរួមថែរក្សាការពារ និងអភិរក្សធនធានសមុទ្រដ៏កម្រផងដែរ។
លោក សោម ពិសិដ្ឋ បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះកងកម្លាំងទាំងអស់ ដែលកំពុងឈរជើងប្រចាំការនៅតាមខ្សែបន្ទាត់ព្រំដែនទឹកនៅក្នុងខេត្ត។
លោកបានថ្លែងទៅកាន់កម្លាំងទាំងអស់ ឲ្យចូលរួមគ្នាអនុវត្តឲ្យបានដាច់ខាតនូវអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្ត ក្នុងការថែរក្សាសុខសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ។ កម្លាំងរបស់យើង ក៏ត្រូវបន្តបង្កើនការអង្កេតស្រាវជ្រាវ និងចូលរួមទប់ស្កាត់បង្ក្រាបបទល្មើសនានានៅតាមកោះ និងសហការល្អជាមួយអាជ្ញាធរមូលដ្ឋានឲ្យបានល្អ ដើម្បីជំរុញការងារការពារសន្តិសុខ និងសណ្តាប់ធ្នាប់កាន់តែល្អប្រសើរ៕