(ភ្នំពេញ)៖ លោកស្រី Fitima Yasmin អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានគូសបញ្ជាក់ថា ធនាគារ ADB ប្រកាសគាំទ្រដល់រដ្ឋាភិបាលនៅមហាអនុតំបន់ទន្លេមេគង្គ ដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ បង្កើនគម្របបៃតង និងបង្កើតទីផ្សារការងារ និងបង្កើនការវិនិយោគថាមពលកកើតឡើងវិញ។
ការគូសបញ្ជាក់បែបនេះរបស់លោកស្រី បានធ្វើឡើងក្នុងឱកាសលោកស្រីបានអញ្ជើញថ្លែងសន្ទរកថាបើកជាផ្លូវការកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6) នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះមានការរួមពីសំណាក់គណៈប្រតិភូរដ្ឋមន្រ្តីបរិស្ថាននៃបណ្តាប្រទេសជាសមាជិកនៃមហាអនុតំបន់មេគង្គ ចំនួន៦ប្រទេសរួមមានប្រទេសចិន កម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា និងវៀតណាម។
អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី រូបនេះ បានទទួលស្គាល់ GMS គឺជាតំបន់ពោលពេញដោយសក្តានុពល សម្បូរដោយធនធានធម្មជាតិ មរតកវប្បធម៌ និងសក្តានុពលនៃសេដ្ឋកិច្ចពិតមែនហើយ ប៉ុន្តែ បច្ចុប្បន្នតំបន់នេះបានងាយរងគ្រោះប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ ការប្រឈមនូវការកើនឡើងសីត្ហភាព កម្តៅជាដើម
លោក Yasmin បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ធនាគារអភិវឌ្ឍន៍អាស៉ី ទទួលស្គាល់ពីត្រូវការចាំបាច់ ដើម្បីឱ្យមយើងមានវិធានការជាក់ស្តែង ដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ដូច្នេះ ការប្តេជ្ញាចិត្តរបស់យើង ដើម្បីគាំទ្រប្រទេសនៅមហាអនុតំបន់ទន្លេមេគង្គ ដើម្បីជួយដល់ការទប់ស្កាត់នូវទិដ្ឋភាពទាំងអស់នេះ ដោយយើងច្បាស់ណាស់ ថាយើងត្រូវតែសមាហរណកម្មពីភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពបរិស្ថានប្រកបដោយចីរភាព និងការអភិវឌ្ឍប្រកបដោយគុណភាព»។
លោកស្រី បានបន្ថែមថា នៅក្នុងតំបន់នេះ ADB បានប្តេជ្ញាចិត្តបែងចែកធនធានផ្ទាល់របស់ខ្លួន ដែលមានទំហំទឹកប្រាក់ចំនួន១០០ពាន់លានដុល្លារ សម្រាប់សកម្មភាពអាកាសធាតុនៅអាស៊ី និងប៉ាស៊ីហ្វិក ក្នុងរយៈពេល១២ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០៣០។
ជាមួយគ្នានេះដែរ លោកស្រីបានបន្តថា ការប្តេជ្ញាចិត្តរបស់ធនាគារ ADB មិនត្រឹមតែកញ្ចប់បរិស្ថានប៉ុណ្ណោះទេ ក៏ប៉ុន្តែ ផ្តោតសំខាន់ទៅលើវិស័យសេដ្ឋកិច្ចរបស់តំបន់ផងដែរ។ ដូច្នេះ សកម្មភាពសំខាន់របស់ធនាគារ ADB ត្រូវតែពង្រីកជម្រើសនានាជាច្រើន និងបង្កើនផែនការសកម្មភាពលើវិស័យបរិស្ថាន ដើម្បីបង្កើតឱកាសបៃតង បង្កើតទីផ្សារការងារ ព្រមទាំងផ្តោតសំខាន់បន្ថែមទៀតលើអនាគតរបស់កុមារ ដែលជាទំពាំងស្នងឫស្សីជំនាន់ក្រោយជាដើម។
លោកស្រីបានបន្ថែមថា ធនាគារ ADB ក៏បង្ហាញការគាំទ្រលើការងារប្រជុំពិសេសៗ ពាក់ព័ន្ធនឹងវិស័យបរិស្ថាន ព្រមទាំងជំរុញការបង្កើននូវការវិនិយោគលើវិស័យថាមពកកើតឡើងវិញ លើកកម្ពស់ភាពធន់នឹងការប្រែប្រួលអាកាសធាតុ ខណៈរយៈពេល៤ឆ្នាំ ចុងក្រោយនេះមហាអនុតំបនទន្លេមេគង្គ បានប្រឈមនឹងការប្រែប្រួលអាកាធាតុជាខ្លាំង ព្រមទាំងពិភពលោកទាំងមូល ដែលបានបង្កើតឱ្យមានបញ្ហាអតិផរណាផងដែរ។
បើតាមលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបន្ថែមថា៖ «ការលើកកម្ពស់គុណភាពបរិស្ថាន មានសារៈសំខាន់ ដើម្បីសុខមាលភាព សុវត្ថិភាពរបស់ប្រជាជននៅក្នុងមហាអនុតំបន់ទន្លេមេគ្គង្គ។ ដើម្បីលើកកម្ពស់ពីគុណបរិស្ថានល្អ មិនមែនត្រឹមតែសម្រាប់បរិស្ថានតែប៉ុណ្ណនោះទេ ប៉ុន្តែ វាបានជួយដល់បញ្ហាសុខភាពសាធារណៈ និងតំបន់ទាំងមូល។
លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា កិច្ចប្រជុំរដ្ឋមន្រ្តី GMS ជាឱកាសដែលដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ប្រកបដោយនិរន្តភាព បង្កើតភាពជាដៃគូ ចែករំលែកចំណេះដឹង ធនធាន និងកសាងភាពធននឹងអាកាសធាតុ នៅក្នុងតំបន់ GMS ដើម្បីធានាថាធនធានធម្មជាតិរបស់យើងត្រូវបានធានា សម្រាប់យុវជនជំនាន់ក្រោយ។
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថាននៃមហាអនុតំបន់មេគង្គ GMS គឺជាវេទិកាកម្រិតខ្ពស់ដែលរដ្ឋមន្ត្រីបរិស្ថានមកពីបណ្តាប្រទេស GMS មករួមគ្នាដើម្បីពិភាក្សា និងសម្របសម្រួលយុទ្ធសាស្ត្រ និងគោលនយោបាយបរិស្ថានក្នុងតំបន់។
កិច្ចប្រជុំ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបរិស្ថាននៅក្នុងតំបន់ដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សនេះ។ រៀងរាល់បីឆ្នាំម្តង រដ្ឋមន្ត្រីបរិស្ថានមកពីប្រទេស GMS ចំនួនប្រាំមួយជួមប្រជុំគ្នាដើម្បីពិនិត្យមើលវឌ្ឍនភាព និងកំណត់របៀបវារៈសម្រាប់កិច្ចសហប្រតិបត្តិការបរិស្ថាននៅក្នុងតំបន់ក្រោមកម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច GMS។
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថានលើកទី៦ ត្រូវបានគេរំពឹងថានឹងអនុម័តនូវឯកសារសំខាន់ចំនួន២គឺ១៖ ក្របខ័ណ្ឌយុទ្ធសាស្រ្ត GMS 2030 សម្រាប់ការពន្លឿនសកម្មភាពអាកាសធាតុ និងចីរភាពបរិស្ថាន និង២៖ សេចក្តីថ្លែងការណ៍រួមរាជធានីភ្នំពេញស្តីពីការទប់ស្កាត់ការបំពុលប្លាស្ទិកនៅក្នុង GMS។ ដល់ការចែករំលែកចំណេះដឹងក្នុងតំបន់ និងការកសាងសមត្ថភាពនៅទូទាំង GMS ក៏ដូចជាកំណត់កម្មវិធីឆ្ពោះទៅមុខដើម្បីដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ និងបរិស្ថាន៕