(ភ្នំពេញ)៖ ព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍ ខកចិត្តយ៉ាងខ្លាំងចំពោះការដាក់ទណ្ឌកម្មដ៏អយុត្តិធម៌ និងគ្មានមូលដ្ឋានរបស់ក្រសួងរតនាគារ នៃសហរដ្ឋអាមេរិក លើសមាជិកព្រឹទ្ធសភា លោក លី យ៉ុងផាត់។
សេចក្តីថ្លែងការណ៍របស់ព្រឹទ្ធសភាកម្ពុជា បានសម្តែងនូវការខកចិត្តជាខ្លាំងចំពោះការដាក់ទណ្ឌកម្មដ៏អយុត្តិធម៌និងគ្មានមូលដ្ឋានរបស់ ក្រសួងរតនាគារនៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ទៅលើសមាជិកព្រឹទ្ធសភា លោក លី យ៉ុងផាត់ រួមទាំងក្រុមហ៊ុនឧបសម្ព័ន្ធ L.Y.P. Group Co.,LTD និងអាជីវកម្ម៤ផ្សេងទៀតដែលពាក់ព័ន្ធ។
ការចោទប្រកាន់ដោយគ្មានព័ត៌មានជាក់លាក់អំពីការបង្ខិតបង្ខំពលកម្ម ភ្ជាប់ទៅនឹងការវិនិយោគបោកប្រាស់តាមប្រព័ន្ធអនឡាញ គឺជាការសម្រេចចិត្តផ្អែកលើហេតុផលនយោបាយ និងដើរផ្ទុយទៅនឹងការខិតខំកែលំអទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។
ក្នុងនាមជាធុរជន លោក លី យ៉ុងផាត់ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមក ជាពិសេសតាមរយៈ L.Y.P. គ្រុប រួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងជួយលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជារាប់ម៉ឺននាក់។
ការពឹងផ្អែកលើរបាយការណ៍ស្តីពីការជួញដូរមនុស្ស (TIP) ជាមូលដ្ឋានក្នុងការសម្រេចចិត្តរបស់រដ្ឋាភិបាលអាមេរិក គឺជារឿងគួរឱ្យសោកស្តាយបំផុត។ របាយការណ៍នេះ មិនបានផ្តល់នូវតុល្យភាព និងភាពត្រឹមត្រូវនៃការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាសិទ្ធិមនុស្ស ការអនុវត្តច្បាប់ និងកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនិងពលកម្មដោយបង្ខំ។ កម្ពុជាបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអន្តរជាតិ រួមទាំងសហរដ្ឋអាមេរិកផងដែរ ដើម្បីដោះស្រាយបញ្ហាទាំងនេះ។
វិធានការដ៏សកម្មរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនបែបទំនើប គឺបានបង្ហាញពីការតាំងចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិនិងនីតិរដ្ឋ។ ជាងនេះទៅទៀត ការសម្រេចចិត្តបែបនេះមិនបានជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងការពង្រឹងជំនឿទុកចិត្តគ្នាទៅវិញទៅមកនោះទេ។
នេះគឺជាការដើរផ្ទុយពីឆន្ទៈដែលគូសបញ្ជាក់ដោយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd J.Austin III ក្នុងជំនួបជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងអំឡុងពេលទស្សនកិច្ចមកកាន់ទីក្រុងភ្នំពេញ កាលពីខែមិថុនាកន្លងទៅនេះ។
ព្រឹទ្ធសភាកម្ពុជា បានសង្កត់ធ្ងន់ថា «ការដាក់ទណ្ឌកម្មឯកតោភាគីបែបនេះ គឺធ្វើឱ្យប៉ះពាល់ជាខ្លាំងទៅលើគោលការណ៍សមភាពអធិបតេយ្យ ការគោរពច្បាប់អន្តរជាតិ និងបទដ្ឋានដែលគ្រប់គ្រងទំនាក់ទំនងអន្តររដ្ឋ ជាពិសេសគឺការមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យ»។
ជាថ្មីម្ដងទៀត ព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជានៅតែបន្តស្វាគមន៍កិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិនានា រួមទាំងសហរដ្ឋអាមេរិកផងដែរ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល ប៉ុន្តែកម្ពុជាសូមបញ្ជាក់ថាកិច្ចខិតខំប្រឹងប្រែងទាំងនេះ ត្រូវតែផ្អែកលើកិច្ចសន្ទនានិងការគោរពគ្នាទៅវិញទៅមក ផលប្រយោជន៍រួម ការគោរពអធិបតេយ្យ និងស្មារតីស្មោះត្រង់នៃភាពជាដៃគូរវាងគ្នានឹងគ្នា៕