(កំពង់ធំ)៖ លោក ងួន រតនៈ រដ្ឋលេធិការក្រសួងមហាផ្ទៃ និងលោកស្រី នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក លុក សម្បត្តិ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ។
លោកបានសម្តែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុត ចំពោះលោក លុក សម្បត្តិ ដែលជាចាស់ព្រឹទ្ធាចារ្យ និងជាធនធានមនុស្សដ៏ល្អរបស់ខេត្តកំពង់ធំ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងដោយក្តីសោកស្តាយក្រៃលែង។
លោក ងួន រតនៈ ចាត់ទុកថា មរណភាពរបស់លោក លុក សម្បត្តិ គឺជាការបាត់បង់ស្វាមី ជាទីស្រឡាញ់ដ៏ជ្រាលជ្រៅ ប្រកបដោយសង្គហធម៌ និងព្រហ្មវិហារធម៌ដ៏ល្អប្រពៃ មានទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លា បានធ្វើពលិកម្មជាច្រើនដោយឆន្ទៈ ស្មោះស្ម័គ្រ អត់ធ្មត់ក្នុងការងារ ដើម្បីបុព្វហេតុមនុស្សធម៌បំពេញការងារនៅគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ជាយូរឆ្នាំមកហើយ បានបូជាសព្វបែបយ៉ាងទាំងកម្លាំងកាយចិត្ត មិនគិតពីការនឿយហត់។
សូមបួងសួងដួងវិញ្ញាណក្ខន្ធលោក លុក សម្បត្តិ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយគ្រួសារសព។
សូមជម្រាបថា លោក លុក សម្បត្តិ បានទទួលមរណៈភាពវេលាម៉ោង៣៖៤០នាទីទាបភ្លឺ ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដោយរោគាពាធ នៅមន្ទីរពេទ្យរាជធានីភ្នំពេញ៕