(ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០២៤នេះ សមាគមអ្នកទស្សនវិជ្ជាខ្មែរ បានបើកកិច្ចប្រជុំប្រចាំឆមាស ដោយមានលោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ជាប្រធាន នៅទីស្នាក់ការកណ្តាល ស្ថិតនៅវត្តនន្ទមុនី ស្ទឹងមានជ័យ។

សមាគមអ្នកទស្សនវិជ្ជាខ្មែរ ដែលមានអក្សរកាត់ (ស.អ.ខ.) ជាភាសាអង់គ្លេស Association of Khmer Philosopher អក្សរកាត់ (AKP) ជាអង្គការមួយដែលបង្កើតឡើងដោយក្រុមអ្នកទស្សនវិជ្ជាខ្មែរ។ សមាគមអ្នកទស្សនវិជ្ជាខ្មែរ ជាអង្គការក្រៅរដ្ឋាភិបាលដែលរក្សាភាពអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ មិនស្វែងរកប្រាក់ចំណេញ មិនប្រកាន់ពូជសាសន៍ សាសនា មិនធ្វើនយោបាយ មិនធ្វើជាឧបករណ៍នយោបាយ ដោយរួមទាំងមិនផ្តល់និងទទួលសម្ភារៈ ហិរញ្ញវត្ថុ ធនធានមនុស្ស ដើម្បីជាប្រយោជន៍ដល់គណបក្សនយោបាយណាមួយឡើយ។

 

បើតាមការបញ្ជាក់ពីលោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ប្រធានសមាគមអ្នកទស្សនវិជ្ជាខ្មែរ (ស.អ.ខ.) មានបេសកកម្មចំនួន ៥ គឺ លើកកម្ពស់តម្លៃ និងសីលធម៌សង្គម, ផ្លាស់ប្តូរបទពិសោធន៍ និងពុទ្ធិទស្សនវិជ្ជា រវាងនិស្សិត បញ្ញវន្តខ្មែរ និងបរទេស, រួមចំណែកពង្រឹងការអប់រំ ការបណ្តុះបណ្តាលមុខវិជ្ជាទស្សនវិជ្ជា និងមុខវិជ្ជាពាក់ព័ន្ធផ្សេងៗទៀត, ជំរុញការស្រាវជ្រាវ ការបកប្រែ ការប្រមូលចងក្រង ការបង្កើត និងការបោះពុម្ពឯកសារ និងស្នាដៃទស្សនវិជ្ជាដើម្បីផ្សព្វផ្សាយជាសាធារណៈ និងចំណុចទី៥ គឺ រៀបចំសិក្ខាសាលា សន្និសីទជាតិ សន្និសីទអន្តរជាតិ និងវេទិការផ្សេងៗ។

 

ក្រៅតែបេសកម្មទាំង៥ សមាគមអ្នកទស្សនវិជ្ជាខ្មែរ (ស.អ.ខ.) ក៏មានគោលបំណង សំខាន់ៗចំនួន៥ បន្ថែមទៀតផងដែរគឺ៖

- លើកកម្ពស់ការយល់ដឹងរបស់សាធារណៈជនយល់ពីតម្លៃទស្សនវិជ្ជាក្នុងសង្គមកម្ពុជា
- លើកកម្ពស់ការរៀន ការបង្រៀន និងការអនុវត្តទស្សនវិជ្ជា
- ស្រាវជ្រាវអំពីទស្សនវិជ្ជា ព្រមទាំងបញ្ហាផ្សេងៗដែលកើតមានឡើងក្នុងសង្គម ដោយឆ្លុះបញ្ចាំងនិងផ្ទៀងផ្ទាត់តាមបែបទស្សនវិជ្ជា
- លើកកម្ពស់ស្មារតីទទួលខុសត្រូវ ដើម្បីសន្តិភាព សេរីភាព យុត្តិធម៌ និងការអភិវឌ្ឍនៅក្នុងសង្គម
- ចែករំលែកព័ត៌មាន ចំណេះដឹង ចំណេះធ្វើ និងឥរិយាបថល្អដល់សាធារណៈជន ដើម្បីធ្វើសេចក្តីសម្រេចចិត្ត និងការប្រព្រឹត្តប្រកបដោយគតិបណ្ឌិត។

បើតាមការបញ្ចាក់ពីលោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា សមាគមអ្នកទស្សនវិជ្ជាខ្មែរ (ស.អ.ខ.)មានទស្សនវិស័យ ក្នុងការរួមចំណែកក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងសុខដុមនីយកម្ម ក្នុងសង្គមខ្មែរ តាមរយៈទស្សនវិជ្ជា៕