(ពោធិ៍សាត់)៖ លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ បានអំពាវនាវដល់បងប្អូនសាសនិកខ្មែរឥស្លាមទាំងអស់ ត្រូវចូលរួមការពារថែរក្សា នូវតម្លៃនៃសុខសន្តិភាពកម្ពុជា ឱ្យបានស្ថិតស្ថេរគង់វង្ស យូរអង្វែង ដើម្បីធានាបាននូវឧត្តមប្រយោជន៍ និងការអភិវឌ្ឍ ឱ្យកាន់តែរីកចម្រើនថែមទៀត។
លោកបណ្ឌិត ប្រាំង ជលសា បានអំពាវនាវបែបនេះ ក្នុងពិធីបុណ្យម៉ោលត់ របស់បងប្អូនសាសនិកខ្មែរឥស្លាម ស្ថិតនៅវិហារ៨ ក្នុងភូមិប្រឡាយធំ និងភូមិទួលទទឹង ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីក្រុមការងារចុះជួយស្រុក ឃុំ និងអាជ្ញាធរមូលដ្ឋានមួយចំនួន។
ថ្លែងក្នុងពិធីសំណេះសំណាលនោះ លោកបណ្ឌិត ប្រាំង ជលសា បានសម្តែងការអបអរសាទរយ៉ាងខ្លាំង ដល់សាសនិកឥស្លាមទាំងអស់ ជាពិសេសសាសនិកខ្មែរឥស្លាម ក្នុងប្រទេសកម្ពុជា ដែលជានិច្ចកាល តែងតែប្រកាន់ភ្ជាប់នូវទំនៀមទម្លាប់ និងសាសនារបស់ខ្លួនរហូតមក។
លោកបណ្ឌិតបានលើកឡើងថា ថ្វីត្បិតតែព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋក៏ពិតមែន ក៏ប៉ុន្តែសាសនាណា ក៏ដូចសាសនាណាដែរ ពោលគឺដឹកនាំមនុស្សទៅរកផ្លូវល្អ ត្រឹមត្រូវ មានគុណធម៌ សច្ចៈធម៌ សច្ចៈភាព ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
លោកបណ្ឌិតបានបន្តថា ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត កម្ពុជាគ្មានសាសនាអ្វីទាំងអស់ សូម្បីតែសាសនាព្រះពុទ្ធដែលជាសាសនារបស់រដ្ឋ ទើបតែក្រោយថ្ងៃរំដោះ ០៧ មករា ឆ្នាំ១៩៧៩ គ្រប់សាសនាទាំងអស់ បានរស់រានមានជីវិតឡើងវិញ រហូតមកដល់សព្វថ្ងៃ និងមានថ្ងៃកំណើតដូចគ្នា គឺ០៧ មករា ១៩៧៩ គិតមកដល់ពេលនេះ មានអាយុកាល៤៥ឆ្នាំហើយ។
ជាមួយគ្នានោះ លោកបណ្ឌិតសូមស្នើដល់សាសនិកខ្មែរឥស្លាមទាំងអស់ បន្តថែរក្សាការពារសមិទ្ធផលរបស់សាសនា និងសង្គមជាតិ ដែលកើតមានសព្វថ្ងៃ ឱ្យបានគង់វង្សយូរអង្វែង ទៅដល់កូនចៅជំនាន់ក្រោយៗ ពិសេសចូលរួមគាំទ្រសមិទ្ធផលថ្មីៗ ដែលរាជរដ្ឋាភិបាល សម្រេចធ្វើជាប្រយោជន៍សង្គមជាតិ មានដូចជាគម្រោងព្រែកជីកហ្វូណនតេជោ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា តាមខ្សែក្រវាត់ព្រំដែន...។ល៕