(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំកម្មវិធីរត់ប្រណាំងចម្ងាយ ៣គីឡូម៉ែត្រ ដើម្បីអបអរសាទរទិវាពិភពលោកសង្គ្រោះបឋម ឆ្នាំ២០២៤ ក្រោមប្រធានបទ «សង្គ្រោះបឋម និងកីឡា» ដែលប្រព្រឹត្ដទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤។
ការរត់ប្រណាំងនេះ មានពីរប្រភេទ គឺប្រភេទកីឡារត់ប្រណាំង និងកីឡារត់សប្បាយៗ ដែលមានចម្ងាយ ៣គីឡូម៉ែត្រ ដែលមានអ្នកចូលរួមពីសាធារណជនគ្រប់វ័យ ទាំងកុមារ យុវជនវ័យ និងមនុស្សចាស់ សរុបប្រមាណ៣៥០នាក់។
សម្រាប់ក្រុមបច្ចេកទេសរៀបចំក្នុងការរត់ប្រណាំងនេះដោយ ក្លឹប SUSU Running Team និង Cambodia Running Club ដែលដឹកនាំដោយកីឡាករអត្តពលកម្ម ឈុន ប៊ុនថន ជាកីឡាករជម្រើសជាតិរត់ប្រណាំងចំងាយ៨០០ម៉ែត្រ ហើយក៏ជាអតីតជើងឯកមេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ និងមានការឧបត្ថម្ភគាំទ្រពី Future Focus Solutions & Pharma Co., LTD, Upnext, Starbalm Cambodia, Pocari Sweat Cambodia។
កីឡាករអត្តពលកម្ម ឈុន ប៊ុនថន បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយជាខ្លាំង ដែលបានសហការចូលរួមក្នុងការរៀបចំកម្មវិធីរត់ប្រណាំងសប្បាយៗ ដែលរៀបចំដោយកាកបាទក្រហមកម្ពុជា នៅក្នុងទិវាពិភពលោកសង្គ្រោះបឋម ឆ្នាំ២០២៤ ក្រោមប្រធានបទ «សង្គ្រោះបឋម និងកីឡា»។
អត្តពលកម្ម ឈុន ប៊ុនថន បានបន្ដថា «ការរៀបចំឱ្យមានការកីឡាចូលរួមនេះ ពិតជាមានសារៈសំខាន់ ជាផ្នែកមួយធ្វើឱ្យប្រជាជនកម្ពុជា កាន់តែស្រលាញ់និងយល់ដឹងពីសុខភាពបន្ថែមទៀត ដែលសុខភាពនេះហើយ ជំរុញឱ្យប្រទេសជាតិមានការរីកចម្រើន ទាំងកម្លាំងស្មារតី និងសេដ្ឋកិច្ច»។ លោកបានសង្ឃឹមថា កាកបាទក្រហមកម្ពុជា នឹងរៀបចំឱ្យមានកម្មវិធីបែបនេះទៀត។
លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា បានថ្លែងថា ការរៀបចំឱ្យមានកម្មវិធីរត់ប្រណាំង ក្នុងឱកាសអបអរសាទរទិវាពិភពលោកសង្គ្រោះបឋម ឆ្នាំ២០២៤ ក្រោមប្រធានបទ «សង្គ្រោះបឋម និងកីឡា» គឺឱ្យស្របទៅនឹងប្រធានបទនៅក្នុងឆ្នាំនេះ។ ពិសេសដើម្បីឱ្យកីឡាករ កីឡាការិនី ឬប្រជាពលរដ្ឋយើងយល់ដឹងបន្ថែមពីវិធីសង្គ្រោះបឋម មុននឹងគ្រូពេទ្យអញ្ជើញមកដល់ ពេលមាននរណាម្នាក់មានបញ្ហាពេលកំពុងលេងកីឡា។
លោកស្រីបន្ដថា «យើងត្រូវចេះពីវិធីសង្គ្រោះបឋម ដើម្បីជួយគ្នាទៅវិញទៅមក ព្រោះពេលហាត់កីឡា អាចរមួលក្រពើ មុតដៃ ជើង ឬអ្នកខ្លះមានបញ្ហាបេះដូង ចឹងការរៀបចំថ្ងៃនេះ ដើម្បីផ្សារភ្ជាប់គ្នា ពីវិជ្ជាសង្គ្រោះបឋម និងការរត់ប្រណាំងដើម្បីសុខភាពផង»។
«តាមយុទ្ធសាស្ដ្ររបស់កាកបាទក្រហមកម្ពុជា ឆ្នាំ២០២១-២០៣០ គឺទិសដៅយើង ក្នុងមួយគ្រួសារយ៉ាងហោចណាស់មានមនុស្សម្នាក់ចេះវិជ្ជាសង្គ្រោះបឋម ហើយសព្វថ្ងៃនេះយើងតែងតែមានការបណ្ដុះបណ្ដាល និងហ្វឹកហាត់ ។ ក្នុងឆ្នាំនេះ យុវជនកាកបាទក្រហមកម្ពុជា យើងបានបណ្ដុះបណ្ដាលបានជិត១ពាន់នាក់ទូទាំងប្រទេស ដោយឡែកគ្រឹះស្ថានសិក្សាចំនួន ២៥នៅរាជធានីភ្នំពេញ សរុបជាង៤ពាន់នាក់ គឺសុទ្ធតែឆ្លងកាត់ការបណ្ដុះបណ្ដាលវិជ្ជាសង្គ្រោះបឋម។ វិជ្ជាសង្គ្រោះបឋម គឺយើងតែងតែធ្វើការផ្សព្វផ្សាយនៅតាមសហគមន៍ និងបណ្ដុះបណ្ដាលជាក់លាក់នៅតាមសាលារៀន តាមអង្គការ សមាគម និងតាមទីតាំងផ្សេងទៀត តាមការស្នើសុំ»។
សម្រាប់ព្រឹត្តិការណ៍រត់ប្រណាំងខាងលើនេះ គឺជាការរៀបចំលើកទី១ តែមានការចូលរួមគំាទ្រយ៉ាងខ្លាំងពីមហាជន នឹងមានការស្នើឱ្យកាកបាទក្រហមកម្ពុជា រៀបចំនូវព្រឹត្ដិកាណ៍រត់ប្រណាំងសប្បាយៗ និងវិធីសង្គ្រោះបឋមនេះ នៅក្នុងឱកាសវផ្សេងៗទៀត។
ជាការឆ្លើយតប លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងថា កាកបាទក្រហមកម្ពុជា នឹងលើកសំណើរនេះ ពេលធ្វើផែនការប្រចាំឆ្នាំ ដោយយ៉ាងហោចណាស់ស្នើឱ្យមួយឆ្នាំមានម្ដង។
សូមជម្រាបថា ការរៀបចំឱ្យមានកីឡារត់ប្រណាំងសប្បាយៗនេះ ដើម្បីបំផុសឱ្យប្រជាជនយើងចេះស្រលាញ់កីឡា និងស្រលាញ់សុខភាព ពិសេសលើកកម្ពស់ឱ្យមានការយល់ដឹងសម្រាប់អ្នកលេងកីឡាគ្រប់វ័យ គួរចេះវិជ្ជាសង្គ្រោះបឋម, លើសពីនោះដើម្បីគាំទ្រមតិសម្រាប់រួមបញ្ចូលការបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមទៅក្នុងកម្មវិធីអប់រំកីឡា និងគំនិតផ្តួចផ្តើមសហគមន៍កីឡា និងលើកកម្ពស់លទ្ធភាព និងភាពអាចទទួលបានការប្រើប្រាស់ម៉ាស៊ីនឆក់បេះដូង (AEDs) ឱ្យបានកាន់តែទូលំទូលាយ៕