(ភ្នំពេញ)៖ ក្នុងពិធីបើកព្រឹត្តិការណ៍ Gumball 3000 Rally នៅកម្ពុជា ដែលធ្វើឡើងនៅរាជធានីភ្នំពេញ នារាត្រីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ហើយដែលមានតាំងបង្ហាញរថយន្ត ជ្រែរថយន្ត និងការប្រគុំតន្រ្តីខ្នាតធំលំដាប់អន្តរជាតិផងនោះ បានទាក់ទាញការចូលរួមពីមហាជន ប្រជាជន យុវជនចន្លោះចាប់ពី៨-១០ម៉ឺននាក់។
គួរជម្រាបថា ពិធីបើកជាផ្លូវការព្រឹត្តិការណ៍ Gumball 3000 Rally នៅកម្ពុជានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងដោយមានការចូលរួមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកឧកញ៉ា លាង ពៅ (ភីតធើរ) អគ្គនាយកពហុពាណិជ្ជកម្មនៃក្រុមហ៊ុន ជីប ម៉ុង លោក Maximillion Cooper ស្ថាបនិក Gumball 3000 អមដោយថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងមន្ត្រីរាជកាជាច្រើនរូប។
បើតាមលោក គុជ បញ្ជាសារ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍ បានឲ្យដឹងថា «បើតាមការគណនា និងការឯកភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងសមត្ថកិច្ច គឺក្នុងពិធីបើកព្រឹត្តិការណ៍ Gumball 3000 Rally នៅកម្ពុជា ដែលធ្វើឡើងនៅរាជធានីភ្នំពេញ នារាត្រីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ យប់មិញនេះ បានទាក់ទាញការចូលរួមពីមហាជន ប្រជាជន យុវជនចន្លោះពី៨-១០ម៉ឺននាក់»។
ព្រឹត្តិការណ៍នេះផងដែរ ក៏មានការរៀបចំតាំងបង្ហាញរថយន្ត និងបង្ហាញបច្ចេកទេសជ្រែរថយន្តដ៏អស្ចារ្យជូនសាធារណជនទស្សនា និងការប្រគុំតន្រ្តីខ្នាតធំលំដាប់អន្តរជាតិដោយមានការចូលរួមពីប្រតិភូ Gumball 3000 Rally ដែលជាមហាសេដ្ឋី អ្នកមានឥទ្ធិពលលើបណ្ដាញសង្គម កីឡាករ និងតារារ៉េបល្បីៗជាច្រើនរូប ដែលរៀបចំឡើងនៅមុខវត្តបទុមវត្តី រាជធានីភ្នំពេញ៕