(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ត្រូវបានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានប្រកាសតែងតាំងជាប្រធាន ដើម្បីដឹកនាំ ក្នុងការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។
ការតែងតាំងនេះ ធ្វើឱ្យលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានក្លាយជាកូនខ្មែរដំបូងគេ ក្នុងការដឹកនាំសមាគមគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលជាតំណែងមួយដ៏មានសារៈសំខាន់ និងប្រកបដោយការប្រកួតប្រជែងនាយុគសម័យ នៃបច្ចេកវិទ្យាដ៏ជឿនលឿន។
យោងតាមសេចក្តីសម្រេចរបស់ ADFIAP ដែលចុះផ្សាយថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ បានប្រកាសតែងតាំង លោកបណ្ឌិត កៅ ថាច ជាឥស្សរជនថ្មី ក្នុងការដឹកនាំ ស្ថាប័នគ្រឹះស្ថានហិរញ្ញវត្ថុលំដាប់អន្តរជាតិដ៏ធំមួយនេះ ដែលត្រូវបានគេសង្ឃឹមជឿជាក់យ៉ាងមុតមាំ ក្នុងលើកកម្ពស់ធនាគារអភិវឌ្ឍន៍ទូទាំងតំបន់ និងការដោះស្រាយបញ្ហាប្រឈមនានា។
គួររំលឹកផងដែរថា លោកបណ្ឌិត កៅ ថាច បានកាន់តំណែងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជានាយកប្រតិបត្តិ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មកម្ពុជា (ARDB) តាំងពីឆ្នាំ ២០១៤។ ក្រោមការដឹកនាំរបស់ឥស្សរជនរូបនេះ ARDB បានបោះជំហានយ៉ាងសំខាន់ ក្នុងការជំរុញសេវាកម្មហិរញ្ញវត្ថុសម្រាប់វិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ របស់កម្ពុជាដែលគាំទ្រចក្ខុវិស័យរបស់រដ្ឋាភិបាល ក្នុងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
បន្ថែមពីលើតួនាទីបច្ចុប្បន្ននៅ ARDB លោកបណ្ឌិត កៅ ថាច ក៏ជាសមាជិកនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (SNEC) ផងដែរ។ ចាប់តាំងពីឆ្នាំ ២០០៣ លោកបណ្ឌិតក៏បានបម្រើការជាមជ្ឈត្តករការងារនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល។ មុននឹងមកដឹកនាំ ARDB លោកបណ្ឌិត កៅ ថាច ក៏ធ្លាប់ជាអគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា និងក៏ជាប្រធានការិយាល័យទីផ្សារហិរញ្ញវត្ថុ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចការរបស់លោកបណ្ឌិតកន្លងមក រួមមានចូលរួមរៀបចំ និងដឹកនាំអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ហិរញ្ញវត្ថុ សម្រាប់ឆ្នាំ ២០០៦-២០១៥ និងឆ្នាំ ២០១១-២០២០ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់កម្ពុជា។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ក្រោយការតែងតាំងនេះដែរ លោកបណ្ឌិត កៅ ថាច ចាត់ទុកការទទួលបានការតែងតាំង ជាប្រធានស្ថាប័នអន្តរជាតិនៅអាស៊ី-ប៉ាស៊ីហ្វិក គឺជាកិត្តិយសដ៏សំខាន់មួយ ក្នុងការជួយលើកកម្ពស់មុខមាត់ប្រទេសកម្ពុជា លើឆាកអន្តរជាតិ ដែលមិនត្រឹមតែកិត្តិយសសម្រាប់ ARDB និងរូបលោកប៉ុណ្ណោះទេ។
លោកនឹងប្រើប្រាស់តួនាទីដ៏សំខាន់មួយនេះ ក្នុងការធ្វើកិច្ចការធំបំផុតរបស់ខ្លួន គឺចូលរួមធ្វើយ៉ាងណាអភិវឌ្ឍន៍ហិរញ្ញវត្ថុបៃតង ក៏ដូចជាហិរញ្ញវត្ថុប្រកបដោយចីរភាព សំដៅលើកកម្ពស់ទៅលើសេដ្ឋកិច្ច និងធុរកិច្ចបៃតង ដែលនឹងជួយដល់បរិស្ថាន និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
លោកបានបញ្ជាក់ថា «តំណែងថ្មីនេះនឹងអនុញ្ញាតិឱ្យរូបលោក ចូលរួមចំណែកបង្កើតនូវអ្វីដែលថ្មី ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ហើយនេះជាលើកទី១ ដែលយើងមានជនជាតិខ្មែរទី១ ដែលត្រូវបានតែងតាំងដឹកនាំសមាគមមួយនេះ បន្ទាប់ពីកម្ពុជាបានចូលជាសមាជិកអស់ រយៈពេលជិត២០ឆ្នាំមកហើយ»។
លោកបណ្ឌិតបន្ថែមថា «ខ្ញុំនឹងជួបពិភាក្សាជាមួយសមាជិក ក្នុងការជំរុញហិរញ្ញវត្ថុបៃតង ឬហិរញ្ញប្បទានប្រកបដោយនិរន្តភាព ដែលនេះជាការចាប់អារម្មណ៍របស់ខ្ញុំ។ យើងសង្កេតឃើញហើយថា បច្ចុប្បន្ននេះការឡើងកំដៅ និងបញ្ហាប្រែប្រួលអាកាសធាតុបានកំពុងបង្ករជាក្តីកង្វល់ខ្លាំងណាស់ ដូច្នេះទាមទារឱ្យយើងផ្តោតលើការការពារបរិស្ថានឱ្យបានច្រើន»។
សូមជម្រាបថា ADFIAP ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៦ ជាទម្រង់ជាអង្គការក្រៅរដ្ឋាភិបាល មានមុខងារផ្តល់ប្រឹក្សាជូនក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិ ដែលមានលេខាធិការដ្ឋានអចិន្ត្រៃយ៍ ស្ថិតនៅក្រុងម៉ាកាទី រដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។ ជាមួយគ្នានេះដែរ ARDB បានចូលជាសមាជិក ADFIAP ចាប់តាំងពីឆ្នាំ ២០០៥។
ADFIAP លើកឡើងក្នុងសេចក្តីប្រកាសរបស់ខ្លួនថា លោកបណ្ឌិតបានចូលរួមយ៉ាងសកម្ម នៅក្នុងក្រុមការងារអាស៊ាននានា លើការអភិវឌ្ឍន៍ទីផ្សារមូលធន រួមទាំងគំនិតផ្តួចផ្តើមទីផ្សារមូលបត្រអាស៊ី (ABMI) វេទិកាទីផ្សារមូលធនអាស៊ាន (ACMF) និងកិច្ចខិតខំប្រឹងប្រែងធ្វេីសេរីភាវូបនីយកម្មសេវាហិរញ្ញវត្ថុ។
ការចូលរួមក្នុងតំបន់ទាំងនេះមិនត្រឹមតែពង្រីកទស្សនៈរបស់លោកបណ្ឌិត កៅ ថាច ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យលោក គឺជាតួអង្គសំខាន់ក្នុងការរៀបចំគោលនយោបាយហិរញ្ញវត្ថុ ដែលជំរុញកិច្ចសហប្រតិបត្តិការ និងការរីកចម្រើនក្នុងតំបន់។
ក្នុងនាមជាប្រធានថ្មីរបស់ ADFIAP លោកបណ្ឌិត កៅ ថាច បាននាំយកបទពិសោធដ៏សម្បូរបែប ក្នុងការកែទម្រង់វិស័យហិរញ្ញវត្ថុ ការអភិវឌ្ឍទីផ្សារមូលធន និងធនាគារជនបទ។ ការដឹកនាំរបស់លោកបណ្ឌិតត្រូវបានគេរំពឹងថា នឹងពង្រឹងបេសកកម្មរបស់ ADFIAP ក្នុងការលើកកម្ពស់វិស័យហិរញ្ញវត្ថុអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។
សម្រាប់ប្រវត្តិការសិក្សាវិញ លោកបណ្ឌិត កៅ ថាច ជាអតីតនិស្សិតថ្នាក់បរិញ្ញាបត្រច្បាប់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅក្នុងឆ្នាំ១៩៩៨។ បន្ទាប់ពីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រនេះ លោកបណ្ឌិត កៅ ថាច បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសអូស្ត្រាលី ដោយបានបញ្ចប់ការសិក្សា និងទទួលបានសញ្ញាបត្រនៅក្នុងឆ្នាំ២០០២ ដែលផ្ដោតទៅលើជំនាញប្រព័ន្ធពាណិជ្ជកម្មច្បាប់អន្តរជាតិ ក្របខណ្ឌច្បាប់អង្គការពាណិជ្ជកម្មពិភពលោក ដំណោះស្រាយក្រៅប្រព័ន្ធតុលាការ និងការរៀបចំប្រព័ន្ធដោះស្រាយវិវាទ នៃសាកលវិទ្យាល័យ Bond University។
លោបណ្ឌិត កៅ ថាច ក៏បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតចំនួន ២ថែមទៀត គឺសញ្ញាបត្របណ្ឌិតផ្នែករដ្ឋបាលពាណិជ្ជសាស្ត្រ នៃសាកលវិទ្យាល័យ EU Business School ប្រទេសស្វីស ក្នុងឆ្នាំ២០១៨ និងសញ្ញាបត្របណ្ឌិតគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យកម្ពុជា ក្នុងឆ្នាំ២០២១ ដោយបានបញ្ចប់និក្ខេបបទ «តួនាទីរបស់និយ័តករមូលបត្រ ក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងទីផ្សារមូលបត្រកម្ពុជា ប្រកបដោយប្រសិទ្ធភាព»៕