(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ សហគមន៍ រដ្ឋបាលរាជធានីខេត្តទាំងអស់ សូមយកចិត្តទុកដាក់ លើសុខភាពប្រជាពលរដ្ឋឲ្យបានខ្ពស់ ពិសេសការការពារជំងឺទឹកនោមផ្អែម។
ការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេច បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារបន្ថែមចំនួន៣ នៅមន្ទីរពេទ្យកាល់ម៉ែត រួមមាន អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា ការបង្ការជារឿងសំខាន់ណាស់ ក្នុងនោះឃើញថា មានការកើនឡើងខ្លាំងនូវការកើតជំងឺទឹកនោមផ្អែម ដោយពាក់ព័ន្ធនឹងអាហារូបត្ថម្ភ ដែលយើងប្រើប្រាស់ តាមការមើលឃើញក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ប្រជាពលរដ្ឋច្រើនតែប្រើប្រាស់របស់ផ្អែម តាំងតែពីក្មេងវ័យទៅ។
សម្ដេចធិបតីបានបញ្ជាក់យ៉ាងដូច្នេះថា មានមនុស្សមួយចំនួនមានវ័យចន្លោះ៣០ឆ្នាំប៉ុណ្ណោះ ចាប់ផ្ដើមមានជំងឺទឹកនោមផ្អែម ដោយអ្នកខ្លះមិនដែលប្រើប្រាស់គ្រឿងស្រវឹងនោះឡើយ ប៉ុន្ដែការកើតឡើងនេះ អាចបណ្ដាលមកពីអាហារូបត្ថម្ភ ដែលទទួលទានតាំងតែពីក្មេងវ័យមកមានជាតិស្ករ និងជាតិខ្លាញ់ច្រើន។
សម្ដេចធិបតីបានថ្លែងបន្ដថា «ដូច្នេះការចូលរួមនេះគឺត្រូវ បង្កើនការចូលរួមពីសហគមន៍ រដ្ឋបាលរាជធានីខេត្តទាំងអស់ ត្រូវចូលរួមលើកិច្ចការងារនេះ ព្រោះរឿងនេះជារឿងសុខភាពយូរអង្វែង របស់ប្រជាពលរដ្ឋរបស់យើង ព្រោះកុមារ៨-១០ឆ្នាំនៅថ្ងៃនេះ ថ្ងៃក្រោយនឹងក្លាយជាកម្លាំងពលកម្មពេញ កុំឲ្យដល់ពេលអនាគតពួកគាត់ មានជំងឺទឹកនោមផ្អែម ឬមានជំងឺផ្សេងៗដែលជាបន្ទុក»៕