(កូរ៉េខាងត្បូង)៖ ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ និងព្រះមេធានុរក្ខ័ គូ សុភាព ឧត្តមទីប្រឹក្សាពុទ្ធិកសមាគមកម្ពុជរដ្ឋ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមិញ បាននិមន្តចូលរួមជាវាគ្មិន ក្នុងកម្មវិធី វេទិកាយុវជនសន្តិភាពផ្លូវចិត្ត ដែលរៀបចំដោយសមាគមវត្តខ្មែរគូមី នៅសាធារណរដ្ឋកូរ៉េខាងត្បូង។ វេទិកានេះដែរ មានបងប្អូនជាយុវជន យុវនារី បានអញ្ជើញមកចូលរួមប្រមាណជាង ២០០នាក់ សម្រាប់ថ្ងៃទី១ ខណៈកម្មវិធីបាននិងកំពុងរៀបចំឡើងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកញ្ញា។
វាគ្មិនទាំងពីរព្រះអង្គ បានបកស្រាយនូវសំណួរចម្លើយជាច្រើន ទាក់ទងទៅនឹងសុខភាពផ្លូវចិត្តរបស់បុគ្គលម្នាក់ៗ ក្នុងជីវិតរស់នៅប្រចាំថ្ងៃ និងរបស់ពួកគេ ហើយកម្មវិធីនេះដែរ នឹងបន្តទៅរសៀលថ្ងៃទី១៦ ម្តងទៀត នៅទីកន្លែដីវត្តខ្មែរគូមី ដែលត្រូវត្រៀមរៀបចំសាងសង់ ក្នុងពេលខាងមុខនេះ។
ព្រះបញ្ញាសត្ថាចារ្យ ពៅ សុភក្រ្ក័ ព្រះប្រធាន សមាគមវត្តខ្មែរគូមី កូរ៉េខាងត្បូង បានឲ្យដឹងថា សមាគមវត្តខ្មែរគូមី នៅសាធារណរដ្ឋកូរ៉េខាងត្បូង បានរៀបចំ វេទិកាយុវជនសន្តិភាពផ្លូវចិត្តនេះឡើង រួមជាមួយនឹងកម្មវិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីកសាងវត្តខ្មែរមួយនៅទីក្រុងគូមី សម្រាប់ឲ្យបងប្អូន កូនចៅយើងដែលរស់នៅ និងសិក្សារៀនសូត្រ ក៏ដូចជាបម្រើការងារនៅទីនោះ បានចូលទៅបំពេញបុណ្យកុសល តាមប្រពៃណីជាតិ សាសនាខ្មែរយើង។ ម្យ៉ាងវិញទៀត វត្តនេះនឹងបានជាទីកន្លែងសម្រាប់ជួយជ្រោមជ្រែង ផ្តល់សេវាជួយដល់ បងប្អូនពលករ ពលការិនី ស្រ្តីរៀបការស្វាមីកូរ៉េ ដែលមានបញ្ហាប្រឈមផ្សេងៗផងដែរ។
បច្ចុប្បន្ន សមាគមវត្តខ្មែរគូមី បានជាវទំហំ ជាង ៧០០ម៉ែត្រការ៉េ រួចហើយ ដើម្បីរៀបចំកសាងវត្តជាផ្លូវការ ដោយទទួលបានថវិកាចូលរួមវិភាគទាន ពីបងប្អូនខ្មែររស់នៅប្រទេសនេះ៕